ពោលអំពីអ្នកមានអណ្តាតវែង មានសូរសព្ទសំឡេង

ក្រាងក្រអៅ ឮពិរោះដូចជាសំឡេងសត្វ ករវិក

​

ដកស្រង់ចេញពី បិដក​ លេខ១៩  -  ទំព័រ ៥៥  ដល់ ទំព័រ  ៥៨ ​

(៣៧) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន

លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន   ជាអ្នកបានលះបង់នូវផរុសវាចា វៀរ

ស្រឡះហើយ ចាកផរុសវាចា ជាអ្នកនិយាយតែពាក្យឥតទោស​ ពាក្យដែលសុខ

ដល់ត្រចៀកគេ  គួរឲ្យស្រឡាញ់ គួរឲ្យតាំងទុកក្នុងហឫទ័យ ជាសំដីអ្នកក្រុង

ទាំងជាទីស្រឡាញ់នៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន ។  ព្រះតថាគតនោះ

ព្រោះបានសន្សំកសាង នូវកុសលកម្មនោះ ។ បេ។ លុះព្រះតថាគតនោះ ច្យុតចាក

ឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈ ទាំង

ពីរនេះ គឺជាអ្នកមានអណ្តាតវែង ១ មានសូរសព្ទសំឡេងក្រាងក្រអៅ ដូចជា

សំឡេងព្រហ្ម កាលបើ បញ្ចេញវាចាលាន់ឮពីរោះ ដូចជាសំឡេងសត្វករវិក ១​ ។

ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹង

បានជាស្តេចចក្រពត្តិ ។ បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី​ គឺ

នឹងបានជាអ្នកមានវាចាគួរឲ្យអ្នកផងកាន់តាម គឺពួកព្រាហ្មណ៍ គហបតី អ្នក

និគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមានអង្គ ៤ អ្នករក្សាទ្វារ

អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ តែង

កាន់តាមពាក្យរបស់ព្រះតថាគតនោះ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង

។ បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជា

អ្នកមានវាចា គួរឲ្យអ្នកផងកាន់តាម គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា

មនុស្ស អសុរ នាគ គន្ធព្វ តែងកាន់តាមពាក្យរបស់ព្រះតថាគតនោះ កាលបើព្រះ

តថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បាន

សំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

(៣៨) ព្រះតថាគតនោះ មិនបានពោលពាក្យអាក្រក់ក្រៃលែង​ ដែលជាពាក្យជេរ

 ជាពាក្យបង្កហេតុឲ្យទាស់ទែងគ្នា បៀតបៀនគ្នា ពាក្យដែលធ្វើឲ្យឈឺចិត្ត ពាក្យជា

គ្រឿងមើលងាយនូវជនច្រើនឡើយ ព្រះតថាគត ពោលតែពាក្យផ្អែមល្ហែម ទន់ភ្លន់

 ប្រកបដោយប្រយោជន៍ ។ ព្រះតថាគតនោះ ពោលតែពាក្យ ដែលជាទីស្រឡាញ់

ពេញចិត្ត គួរដម្កល់ទុកក្នុងហ្ឬទ័យ នាំមកនូវសេចក្តីសុខ ដល់ត្រចៀក (របស់មនុស្ស

ដែលបានស្តាប់ ) ព្រះតថាគត បានសោយផលនៃបុណ្យ ក្នុងឋានសួគ៌ បានសោយ

ផលនៃអំពើសុចរិត លុះព្រះតថាគត ច្យុតមកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ

ភាពជាអ្នកមានសំឡេង ដូចសំឡេងព្រហ្ម អណ្តាតរបស់ព្រះតថាគតនោះ ធំទូលាយ

ព្រះតថាគត មានពាក្យដែលគួរឲ្យអ្នកផងកាន់តាម សូម្បីកាលព្រះតថាគត នៅជា

គ្រហស្ថ និយាយយ៉ាងណាទៅហើយ ក៏តែងនាំឲ្យសម្រេចប្រយោជន៍ យ៉ាងនោះ

បើព្រះតថាគតនោះ ជាមនុស្សចេញទៅបួស ក៏មានពួកជនជឿកាន់តាម

ពាក្យ របស់ព្រះតថាគតនោះ ដែលជាអ្នកពោលនូវពាក្យល្អច្រើន ។