ពួកធម៌ ប្រាំបួនៗ ដែលរាប់ចូលក្នុងការសង្គាយនា
(បិដក លេខ១៩ ទំព័រ២៣៣ ដល់ ២៤២)
(២២២) ម្នាលអាវុសោទាំងឡាយ ធម៌ពួកប្រាំបួន ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកល្អហើយ រមែងមានប្រាកដ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនាក្នុងធម៌ពួកប្រាំបួននោះ ។បេ។ ដើម្បីសេចក្តីចំរើន
ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។ ធម៌ពួកប្រាំបួន ដូចម្តេចខ្លះ ។
ព-០០១-២២២: អាឃាតវត្ថុ (ហេតុនៃសេចក្តីគុំកួន) មាន ៩យ៉ាង គឺ បុគ្គលចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ ដល់អញ ។ ចងអាឃាតដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើ មិនជាប្រយៅជន៍ដល់អញ ។ ចងអាឃាតដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើ មិនជាប្រយៅជន៍ដល់អញ ។ ចងអាឃាតដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើ មិនជាប្រយៅជន៍ ។ កំពុងប្រព្រឹត្ត នូវអំពើ មិនជាប្រយៅជន៍ ។ នឹងប្រព្រឹត្ត នូវអំពើមិនជាប្រយៅជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញ ។ ចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើជាប្រយោជន៍ ។ កំពុងប្រព្រឹត្ត នូវអំពើជាប្រយោជន៍ ។ នឹងប្រព្រឹត្ត នូវអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អញ ។
ព-០០២-២២៣ : អាឃាតប្បដិវិន័យ (ការកំចាត់បង់អាឃាត) មាន៩យ៉ាង គឺ បុគ្គលកំចាត់បង់នូវឃាត ដោយគិតថា ជនឯណោះបានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិអំពើមិនជាប្រយោជន៍នោះ អាត្មាអញគប្បីបានក្នុងបុគ្គលនុ៎ះអំពីណា ។ បុគ្គលកំចាត់បង់នូវឃាត ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើមិនជា
ប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិអំពើមិនជាប្រយោជន៍នោះ អាត្មាអញគប្បីបានក្នុងបុគ្គលនុ៎ះអំពីណា ។ បុគ្គលកំចាត់បង់នូវឃាត ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិអំពើមិនជាប្រយោជន៍នោះ អាត្មាអញគប្បីបានក្នុងបុគ្គលនុ៎ះអំពីណា ។ បុគ្គលកំចាត់បង់នូវឃាត ដោយគិតថា ជនឯណោះបានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ ។ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ។ នឹងប្រព្រឹត្តនូវ
អំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះការប្រព្រឹត្តិនូវអំពើ
មិនជាប្រយោជន៍នោះ អាត្មាអញគប្បីបានក្នុងបុគ្គលនុ៎ះអំពីណា ។ បុគ្គលកំចាត់បង់នូវឃាត ដោយគិតថា ជនឯណោះបានប្រព្រឹត្តប្រយោជន៍ ។ កំពុងប្រព្រឹត្ត ប្រយោជន៍ ។ នឹងប្រព្រឹត្តប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិនោះ អាត្មាអញគប្បីបានក្នុងបុគ្គលនុ៎ះអំពីណា ។
ព-០០៣-២២៤ : សត្តាវាសៈ (ប្រទេសជាទីនៅរបស់សត្វ) មាន ៩ យ៉ាង ម្នាលលអាវុសោទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និង វិនិបាតិកៈពួកខ្លះ នេះជា សត្តាវាសទី ១ ។ ម្នាលលអាវុសោទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតា ក្នុងជាន់ព្រហ្មលោក ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជា សត្តាវាសទី ២ ។ ម្នាលលអាវុសោទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតាពួកក្នុងជាន់អាភស្សរៈ នេះជាសត្តាវាសទី ៣ ។ ម្នាលលអាវុសោទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាពួកក្នុងជាន់
សុភកិណ្ហៈ នេះជាសត្តាវាសទី ៤ ។ ម្នាលលអាវុសោទាំងឡាយ ពួកសត្វឥតសញ្ញា មិនដឹងច្បាស់ (នូវអារម្មណ៍) ដូចពួកទេវតាជាអសញ្ញិសត្វ នេះជា សត្តាវាសទី ៥ ។ ម្នាលលអាវុសោទាំងឡាយ ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិឃសញ្ញា ព្រោះមិនធ្វើ
ទុកក្នុងចិត្តនូវពួកនានត្តសញ្ញាដោយប្រការទាំងពួង នេះជា សត្តាវាស ទី ៦ ។ ម្នាលលអាវុសោទាំងឡាយ ពួកសត្វកន្លងបង់
នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិន
មានទីបំផុតដូច្នេះ នេះជា សត្តាវាស ទី ៧ ។ ម្នាលលអាវុសោទាំងឡាយ ពួកសត្វកន្លងបង់នូវ វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមានដូច្នេះ នេះជា សត្តាវាស ទី ៨ ។ ម្នាលលអាវុសោទាំងឡាយ ពួកសត្វកន្លងបង់នូវ អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់ នេវសញ្ញា នាសញ្ញា
យតនជ្ឈាន ដោយបរិកម្មថា វត្ថុនេះស្ងប់រម្ងាប់ វត្ថុនេះប្រសើរ ដូច្នេះ នេះជា សត្តាវាស ទី ៩ ។
ព-០០៤-២២៥ : អក្ខណអសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យ មាន៩ យ៉ាង ម្នាលលអាវុសោទាំងឡាយ ព្រះតថាគតអរហន្ត
សម្មាសម្ពុទ្ធ កើតឡើងហើយក្នុងលោកនេះផង ធម៌ដែលធ្វើកិលេសឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ជាដំណើរ
ដើម្បីត្រាស់ដឹង ជាធម៌ដែលព្រះសុគតប្រកាសទុក ព្រះអង្គក៏បានសំដែងហើយផង ។ តែបុគ្គលនេះទៅកើតក្នុងនរក នេះជា អក្ខណអសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យ ទី ១ ។ ម្នាលលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ កើតឡើងហើយក្នុងលោកនេះ ធម៌ដែលធ្វើកិលេសឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ជាដំណើរដើម្បីត្រាស់ដឹង ជាធម៌ដែលព្រះសុគតប្រកាសទុក ព្រះអង្គក៏បានសំដែងហើយផង ។ តែបុគ្គលនេះទៅកើតក្នុងកំណើតតិរច្ឆាន ។ បេ ។ ទៅកើតក្នុងបិត្តិវិស័យ ។ បេ ។ ទៅកើតក្នុងអសុរកាយ ។ បេ ។ ទៅកើតក្នុងពួកទេវតាមានអាយុវែងណាមួយ។ បេ ។ ទៅកើតក្នុងពួកមិលក្ខជន ជាអ្នកមិនដឹងការខុសត្រូវច្បាស់លាស់ ក្នុងពួកបច្ចន្តិមជនបទ ដែលជាប្រទេសគ្មានភិក្ខុ ភិក្ខុនី
ឧបាសក ឧបាសិកា ទៅដល់ ។ បានកើតក្នុងមជ្ឈិមជនបទហើយ តែអ្នកនោះជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញវិបរិតថា ទានដែលបុគ្គលឲ្យហើយគ្មានផល របស់ដែលគេបូជាហើយគ្មានផល ការបូជាធំគ្មានផល ការបូជាតូចគ្មានផល ផលនិងវិបាករបស់កម្ម ដែលសត្វធ្វើល្អធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកដទៃមិនមាន មាតាមិនមាន បិតាមិន
មាន ពួកសត្វជាឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ ក្នុងលោកជាអ្នកព្រមព្រៀងគ្នាប្រតិបត្តិដោយល្អ ធ្វើឲ្យជាក់ច្បាស់
នូវលោកនេះនិងលោកខាងមុខ ព្រោះដឹងច្បាស់ដោយខ្លួនឯង ហើយឲ្យអ្នកដទៃបានត្រាស់ដឹងផង មិនមាន ។ បានកើតក្នុងពួកមជ្ឈិមជនបទហើយ តែជាបុគ្គលអប្បឥតប្រាជ្ញាល្ងង់ខ្លៅ ជាមនុស្សគ មិនអង់អាច ដើម្បីដឹងសេច
ក្តីនៃសុភាសិតនិងទុព្ភាសិតបាន នេះជា អក្ខណអសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យទី ៨ ។ ម្នាលលអាវុសោទាំងឡាយ
មួយទៀត ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ មិនកើតឡើងក្នុងលោកផង ធម៌ធ្វើនូវសេចក្តីស្ងប់រម្ងាប់កិលេសប្រព្រឹត្តទៅដើម្បី
ព្រះនិព្វាន ជាដំណើរដើម្បីត្រាស់ដឹង ជាធម៌ដែលព្រះសុគតប្រកាស់ទុក ព្រះអង្គក៏មិនបានសំដែងផង ។ តែបុគ្គលនេះ
បានកើតក្នុងមជ្ឈិមជនបទ ជាអ្នកមានប្រាជ្ញា មិនល្លង់ខ្លៅ មិនជាមនុស្សគ អង់អាច ដើម្បីដឹងសេចក្តីនៃសុភាសិត
និងទុព្ភាសិតបាន ។ នេះជា អក្ខណអសម័យ នៃការនៅប្រព្រឹត្តិព្រហ្មចារ្យ ទី ៩ ។
ព-០០៥-២២៦ : អនុបុព្វវិហារៈ(ធម៌ជាគ្រឿងនៅដែលបុគ្គលត្រូវចូលតាមលំដាប់ឈាន) មាន ៩យ៉ាង ម្នាលអាវុសោទាំង
ឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ស្រឡះចាកកាមទាំងឡាយ ស្ងាត់ស្រឡះចាកអកុសលធម៌ទាំងឡាយ ហើយចូល បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិនិងសុខៈដែលកើតឡើងអំពីវិវេក ១ ព្រោះរម្ងាប់វិតក្កៈនិងវិចារៈទាំងឡាយ រមែងចូលទុតិយជ្ឈាន ជាឈានកើតក្នុងសន្តាននៃខ្លួន ជាទីជ្រះថ្លាគឺសទ្ធា មានភាវៈជាចិត្តប្រសើរឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិនិងសុខៈ ដែលកើតអំពីសមាធិ ១ ព្រោះអស់ទៅនៃបីតិ ប្រកបដោយឧបេក្ខាផង មានសតិសម្បជញ្ញៈផង ទទួលនូវសេចក្តីសុខដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលចូល តតិយជ្ឈាននោះថា បុគ្គលនោះ ប្រកបដោយឧបេក្ខា មានសតិនៅជាសុខ ដោយអំណាចតតិយជ្ឈានណា បានចូលតតិយជ្ឈាន (នោះ) ១ ព្រោះលះសុខផង លះទុក្ខផង អស់សោមនស្សនិងទោមនស្ស ក្នុងកាលមុន ចូល ចតុត្ថជ្ឈាន មិនទុក្ខមិនសុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា ១ ព្រោះកន្លងបង់នូវពួករូបសញ្ញា អស់ពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា ដោយប្រការទាំងពួង ចូល
អាកាសានញ្ចាយតនជ្ឈាន ដោយគិតថាអាកាសមិនមានទីបំផុតដូច្នេះ ១ កន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការ
ទាំងពួង ហើយចូល វិញ្ញាណញ្ចាយតនជ្ឈានដោយគិតថា វិញ្ញាណមិនមានទីបំផុតដូច្នេះ ១ កន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន
ដោយប្រការទាំងពួង ហើយចូល អាកិញ្ចញ្ញាយតនជ្ឈានដោយគិតថា វត្ថុអ្វីតិចតួចមិនមានដូច្នេះ ១ កន្លងនូវអាកិញ្ចញ្ញាយត
នជ្ឈាន ដោយប្រការទាំងពួង ហើយចូល នេវសញ្ញានាសញ្ញាយតនជ្ឈាន ១ កន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ
ទាំងពួង ហើយចូល សញ្ញាវេទយិតនិរោធ ១ ។
ព-០០៦-២២៧ : អនុបុព្វេនិរោធ (ធម៌ជាគ្រឿងរលត់ដោយលំដាប់ឈាន) មាន ៩យ៉ាង គឺ កាលបុគ្គលចូលបឋមជ្ឈាន កាមសញ្ញារលត់ ១ កាលដែលចូលទុតិយជ្ឈាន វិតក្កវិចារៈរលត់ ១ កាលដែលចូលតតិយជ្ឈាន បីតិរលត់ ១ កាលដែលចូល
ចតុត្ថជ្ឈាន អស្សាសៈនិងបស្សាសៈ រលត់ ១ កាលដែលចូលអាកាសានញ្ចាយតនជ្ឈាន រូបសញ្ញារលត់ ១ កាលដែលចូល
វិញ្ញាណញ្ចាយតនជ្ឈាន អាកាសានញ្ចាយតនសញ្ញារលត់ ១ កាលដែលចូលអាកិញ្ចញ្ញាយតនជ្ឈាន វិញ្ញាណញ្ចាយតន
សញ្ញារលត់ ១ កាលដែលចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន អាកិញ្ចញ្ញាយតនសញ្ញារលត់ ១ កាលដែលចូល
សញ្ញាវេទយិតនិរោធ សញ្ញានិងវេទនារលត់ ១ ។ ម្នាលលអាវុសោទាំងឡាយ នេះឯងជាធម៌ពួក ៩ ដែលព្រេះមាន
ព្រះភាគអង្គនោះជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកល្អហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួក ៩ នោះ ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំង
ឡាយ ។ សេចក្តីបំប្រួញធម៌ពួក ៩ ។
ចប់ ពួកធម៌ប្រាំបួន ៗ ដែលរាប់ចូលក្នុងការសង្គាយនា