ពួកធម៌ ប្រាំពីរៗ ដែលរាប់ចូលក្នុងការសង្គាយនា
(បិដក លេខ១៩ ទំព័រ២០៩ ដល់ ២១៥)
(១៩៧) ម្នាលអវុសោទាំងឡាយ មានធម៌ពួកប្រាំពីរៗ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកល្អហើយ យើងទាំងអស់គ្នា ត្រូវសង្គាយនាក្នុងធម៌ពួកប្រាំពីរនោះៗ ។ បេ ។ ដើម្បីសេងក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។ ធម៌ពួក ៧ ដូចម្តេច ខ្លះ ។
ព-០០១- ១៩៧ : អរិយទ្រព្យមាន៧យ៉ាង គឺ ទ្រព្យគឺសទ្ធា ១ ទ្រព្យគឺសីល ១ ទ្រព្យគឺហិរិ ១ ទ្រព្យគឺឧត្តប្បៈ ១ ទ្រព្យគឺសុតៈ ១ ទ្រព្យគឺចាគៈ ១ ទ្រព្យគឺបញ្ញា ១ ។
ព-០០២- ១៩៨ : ពោជ្ឈង្គមាន ៧ យ៉ាង គឺ សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វិរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិ សម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។
ព-០០៣- ១៩៩ : សមាធិបរិក្ខារ (ធម៌ជាបរិវារសមាធិ)មាន៧យ៉ាង គឺ សម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ ។
ព-០០៤- ២០០ : អសទ្ធម្ម ( ធម្មរបស់អសប្បុរស ) មាន ៧ យ៉ាង ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនជឿ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ មានការចេះដឹងតិច ១ ខ្ជិលច្រអូស ១ ប្រហែស ១ អប្បឥតប្រាជ្ញា ១ ។
ព-០០៥- ២០១ : សទ្ធម្ម (ធម៌របស់សប្បុរស) មាន ៧ យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកជឿ ១
ខ្មាសបាប ១ ខ្លាចបាប១ មានការចេះដឹងច្រើន ១ ផ្តើមសេចក្តីព្យាយាម ១ ប្រុងស្មារតី ១ មានប្រាជ្ញា ១ ។
ព-០០៦- ២០២ : សប្បុរិសធម៌ មាន៧ យ៉ាង (ទៀត) ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្គាល់នូវហេតុ ១ ជាអ្នកស្គាល់នូវផល ( របស់ហេតុ ) ១ ជាអ្នកស្គាល់ខ្លួន ១ ជាអ្នកស្គាល់ប្រមាណ (ក្នុងភោជន ) ១ ជាអ្នកស្គាល់កាលគួរ ១ ជាអ្នកស្គាល់បរិស័ទ ១ ជាអ្នកស្គាល់បុគ្គល (គួរគប់និងមិនគួរគប់) ១ ។
ព-០០៧- ២០៣ : និទ្ទសវត្ថុ (1) មាន ៧ យ៉ាង ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានបំណងដ៏ក្លៀវក្លា ក្នុងការ
សមាទានសិក្ខា មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការសមាទានសិក្ខាតទៅ ១ មានបំណងដ៏ក្លៀវក្លា ក្នុងការពិចារណាធម៌ មិនប្រាសចាកសេចក្តីស្រឡាញ់ក្នុងការពិចារណាធម៌តទៅ ១ មានបំណងដ៏ក្លៀវក្លា ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា មិន
ប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហាតទៅ ១ មានបំណងដ៏ក្លៀវក្លា ក្នុងការស្ងប់ស្ងាត់ មិនប្រាសចាក
សេចក្តីស្រឡាញ់ ក្នុងការការស្ងប់ស្ងាត់តទៅ ១ មានបំណងដ៏ក្លៀវក្លា ក្នុងការប្រារព្ធព្យាយាម មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការប្រារព្ធព្យាយាមតទៅ ១ មានបំណងដ៏ក្លៀវក្លា ក្នុងការរលឹកនិងភាវៈនៃខ្លួនមានប្រាជ្ញាចាស់ មិនប្រាសចាកសេចក្តី
ស្រឡាញ់ ក្នុងការរលឹកនិងភាវៈនៃខ្លួនមានប្រាជ្ញាចាស់តទៅ ១ មានបំណង ក្នុងការត្រាស់ដឹងដោយទិដ្ឋិ គឺឃើញនូវមគ្គ មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការត្រាស់ដឹងដោយទិដ្ឋិតទៅ ១ ។
ព-០០៨- ២០៤ : សញ្ញាមាន ៧ យ៉ាង គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អសុភសញ្ញា ១ អាទីនវសញ្ញា១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ ។
ព-០០៩- ២០៥ : កំឡាំងមាន ៧ យ៉ាង គឺ កំឡាំងសទ្ធា ១ កំឡាំងព្យាយាម ១ កំឡាំងហិរិ ១ កំឡាំងឱត្តប្បៈ ១ កំឡាំងសតិ ១ កំឡាំងសមាធិ ១ កំឡាំងបញ្ញា ១ ។
ព-០១០- ២០៦ : វិញ្ញាណដ្ឋិតិ (ទីតាំងនៃវិញ្ញាណ ) មាន ៧ យ៉ាង ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិ ទី ១ ។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាក្នុងពួកព្រហ្មដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជា វិញ្ញាណដ្ឋិតិ ទី ២ ។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចជាពួកទេវតាក្នុងជាន់អាភស្សរៈ នេះជា
វិញ្ញាណដ្ឋិតិ ទី ៣ ។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចជាពួកទេវតាក្នុងជាន់
សុភកិណ្ហៈនេះជា វិញ្ញាណដ្ឋិតិ ទី ៤ ។ ម្នាលអវុសោទាំឡាយ មានពួកសត្វ ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត នូវពួកនានត្តសញ្ញា ដោយប្រការទាំងពួង នេះជា វិញ្ញាណដ្ឋិតិ ទី ៥ ។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ កន្លងបង់នូវ
អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត នេះជា វិញ្ញាណដ្ឋិតិទី ៦ ។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំង
ពួង ហើយចូលកាន់ អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថា វត្ថុតិចតួចមិនមាន នេះជា វិញ្ញាណដ្ឋិតិ ទី ៧ ។
ព-០១១- ២០៧ : បុគ្គលគួរទទួលនូវទក្ខិណាទាន មាន ៧ ពួក គឺ លោកជាឧភតោភាគវិមុត្ត ១ បញ្ញាវិមុត្ត ១ កាយសក្ខី ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១ ធម្មានុសារី ១ សទ្ធានុសារី (2)១ ។
ព-០១២- ២០៨ : អនុសយក្កិលេស មាន ៧ យ៉ាង គឺ កាមរាគានុស័យ ១ បដិឃានុស័យ ១ ទិដ្ឋានុស័យ ១ វិចិកិច្ឆានុស័យ ១ មានានុស័យ ១ ភវរាគានុស័យ ១ អវិជ្ជានុស័យ ១ ។
ព-០១៣- ២០៩ : សញ្ញោជនៈ (3) មាន៧ យ៉ាង គឺ កាមសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ភវរាគសញ្ញោជនៈ ១ អវិជ្ជាសញ្ញោជនៈ ១ ។
ព-០១៤- ២១០ : អធិករណសមថៈ មាន ៧ យ៉ាង ធម៌សម្រាប់រម្ងាប់នូវអធិករណ៍ដែលកើតឡើងហើយ ៗ សង្ឃត្រូវឲ្យសម្មុខាវិន័យ ១ ត្រូវឲ្យសតិវិន័យ ១ ត្រូវឲ្យអមូឡ្ហវិន័យ ១ ត្រូធ្វើតាមសេចក្តីប្តេជ្ញា ១ យេភុយ្យសិកា ១ តស្ស បាបិយសិកា ១ តិណវត្ថារកៈ(4) ១ ។
ម្នាលអាវុសោទាំងឡាយ នេះឯងជាពួកធម៌ប្រាំពីរ ដែលព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធទ្រង់ជ្រាបច្បាស់ ឃើញច្បាស់
ទ្រង់ត្រាស់សំដែង ទុកដោយប្រពៃហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនាក្នុងធម៌ពួក ៧ នោះ ។ បេ ។ ដើម្បីសេចក្តីចំរើន
ដើម្បីប្រយោជន៍ ដើម្បិសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។
ចប់ ពួកធម៌ប្រាំពីរ ៗ ដែលរាប់ចូលក្នុងការសង្គាយនា
1ប្រែថា ហេតុនៃភិក្ខុមានអាយុ ១០ ឆ្នាំ។ តែពាក្យនេះលោកសំដៅយកព្រះខីណាស្រព ព្រោះលោកសូម្បីបរិនិព្វានពីអាយុ ១០ ឆ្នាំ ក៏លោកលែងមានអាយុ
១ ឆ្នាំតទៅមុខទៀត ។មិនត្រឹមតែ ១០ ឆ្នាំ ប៉ុណ្ណោះឡើយ សូម្បី ៩ ឆ្នាំ(រហូតដល់) ១ថ្ងៃ ឫ ១ យាមក៏លែងមាន ព្រោះលោកលែងមានបដិសន្ធិទៀត (អដ្ឋកថា) ។
2ចូលមើលសេចក្តីពន្យល់ក្នុងសម្បសាទនីយសូត្រ ទីឃនិកាយ បាដិកវគ្គ ។