ពួកធម៌ ប្រាំមួយៗ ដែលរាប់ចូលក្នុងការសង្គាយនា
(បិដក លេខ១៩ ទំព័រ១៩២ ដល់ ២០៩)
(១៧៥) ម្នាលអវុសោទាំងឡាយ ពួកធម៌ប្រាំមួយៗ ដែលព្រះមានព្រះភាគអង្គនោះ ។ បេ ។ ជាសម្មាសម្ពុទ្ធទ្រង់សំដែងទុកដោយប្រពៃ យើងទាំងអស់គ្នា គប្បីសង្គាយនាក្នុងធម៌ទាំងនោះ ។ បេ ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។ ពួកធម៌ប្រាំមួយៗ តើដូចម្តេច ។
ព-០០១-១៧៥ : អាយតនៈ ខាងក្នុង ទាំង ៦ យ៉ាង គឺ អាយតនៈគឺភ្នែក ១ អាយតនៈគឺត្រចៀក ១ អាយតនៈគឺច្រមុះ ១ អាយតនៈគឺអណ្តាត ១ អាយតនៈគឺកាយ ១ អាយតនៈគឺចិត្ត ១ ។
ព-០០២-១៧៦ : អាយតនៈខាងក្រៅ ៦ យ៉ាង គឺ អាយតនៈគឺរូប១ អាយតនៈគឺសំឡេង ១ អាយតនៈគឺក្លិន ១ អាយតនៈគឺរស ១ អាយតនៈគឺផ្សព្វ ១ អាយតនៈគឺធម៌ (1)១។
ព-០០៣-១៧៧ : ប្រជុំនៃវិញ្ញាណ ៦ យ៉ាង គឺ ចក្ខុវិញ្ញាណ ១ សោតវិញ្ញាណ ១ ឃានវិញ្ញាណ ១ ជិវ្ហាវិញ្ញាណ ១ កាយវិញ្ញាណ ១ មនោវិញ្ញាណ ១ ។
ព-០០៤-១៧៨ : ប្រជុំនៃផស្សៈ ៦ យ៉ាង គឺ ចក្ខុសម្ផ័ស្ស ១ ។ បេ ។ មនោសម្ផ័ស្ស ១ ។
ព-០០៥-១៧៩ : ប្រជុំនៃវេទនា ៦ យ៉ាង គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ១ ។ បេ ។ វេទនាកើតអំពីមនោសម្ផ័ស្ស ១ ។
ព-០០៦-១៨០ : ប្រជុំនៃសញ្ញា ៦ យ៉ាង គឺ រូបសញ្ញា ១ ។ បេ ។ ធម៌សញ្ញា ១ ។
ព-០០៧-១៨១ : ប្រជុំនៃសញ្ចេតនា(2)៦ យ៉ាង គឺ រូបសញ្ចេតនា ១ ។ បេ ។ ធម្មសញ្ចេតនា ១ ។
ព-០០៨-១៨២ : ប្រជុំនៃតណ្ហា ៦ យ៉ាង គឺ រូបតណ្ហា ១ សទ្ទតណ្ហា ១ គន្ធតណ្ហា ១ រសតណ្ហា ១ ផោដ្ធព្វតណ្ហា ១ ធម្មតណ្ហា ១ ។
ព-០០៩-១៨៣ : អគារវៈ (សេចក្តីមិនគោរព)៦ យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តា ១ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ ១ មិនមានសេច
ក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃ ១ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងសិក្ខា ១ មិនមានសេច
ក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងអប្បមាទធម៌ ១ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងបដិសន្ថារៈ ១ ។
ព-០១០-១៨៤ : សគារវៈ (សេចក្តីគោរព )៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងព្រះសាស្តា ១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងព្រះធម៌ ១ ប្រកបដោយសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃ ១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងសិក្ខា ១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងអប្បមាទធម៌ ១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងបដិសន្ថារៈ ១ ។
ព-០១១-១៨៥ : សោមនស្សុបវិចារ (ធម៌ជាគ្រឿងគន់គិតប្រកបដោយសោមនស្ស ) ៦ យ៉ាង គឺ បុគ្គលឃើញរូបដោយភ្នែក
ក៏គន់គិតនូវរូបដែលគួរជាទីតាំងនៃសោមនស្ស ១ ។ ស្តាប់សំឡេងដោយត្រចៀក …....១ ។ ធំក្លិនដោយច្រមុះ…....១ ។ ទទួលរសដោយអណ្តាត …....១ ។ ពាល់ត្រូវផ្សព្វដោយកាយ …....១ ។ ដឹងច្បាស់ធម្មារម្មណ៍ ដោយចិត្ត ក៏គន់គិតនូវធម្មារម្មណ៍ ដែលគួរជាទីតាំងនៃសោមនស្ស ១ ។
ព-០១២-១៨៦ : ទោមនស្សុបវិចារ (ធម៌ជាគ្រឿងគន់គិតប្រកបដោយទោមនស្ស)៦ យ៉ាង គឺ បុគ្គលឃើញរូបដោយភ្នែក ក៏គន់គិតនូវរូបដែលគួរជាទីតាំងនៃទោមនស្ស ១ ។ ស្តាប់សំឡេងដោយត្រចៀក …....១ ។ ធំក្លិនដោយច្រមុះ…....១ ។ ទទួលរសដោយអណ្តាត …....១ ។ ពាល់ត្រូវផ្សព្វដោយកាយ …....១ ។ ដឹងធម្មារម្មណ៍ ដោយចិត្ត ក៏គន់គិតនូវធម្មារម្មណ៍ ដែលគួរជាទីតាំងនៃទោមនស្ស ១ ។
ព-០១៣-១៨៧ : ឧបេក្ខូបវិចារ (ធម៌ជាគ្រឿងគន់គិតប្រកបដោយ ឧបេក្ខា) ៦ យ៉ាង គឺ បុគ្គលឃើញរូបដោយភ្នែក ក៏គន់គិតនូវរូប
ដែលគួរជាទីតាំងនៃឧបេក្ខា ១ ។ ស្តាប់សំឡេងដោយត្រចៀក …....១ ។ ធំក្លិនដោយច្រមុះ…....១ ។ ទទួលរសដោយអណ្តាត …....១ ។ ពាល់ត្រូវផ្សព្វដោយកាយ …....១ ។ ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្ត ក៏គន់គិតនូវធម្មារម្មណ៍ ដែលគួរជាទីតាំងនៃឧបេក្ខា ១ ។
ព-០១៤-១៨៨ : សារាណីយធម៌ (ធម៌គួររលិក) ៦យ៉ាង ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ តម្កល់នូវកាយកម្មប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីសាមគ្គី ដើម្បីឯកីភាព (ភាពតែពួកមួយ ១) ។ ម្នាលអវុសោ ទាំងឡាយ មួយទៀត ភិក្ខុតម្កល់នូវវចីកម្មប្រកបដោយមេត្តា ១ ។ ភិក្ខុតម្កល់នូវមនោកម្មប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក
។ បេ ។ ប្រព្រឹត្តទៅដើម្បីឯកីភាព ១ ។ ម្នាលអវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នបរិភោគមិនចែកមុខរបស់ ឬ បុគ្គល(3) ដោយលាភទាំងឡាយ ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅសូម្បីលាភត្រឹមតែរបស់ដែលមានក្នុងបាត្រ គឺជាអ្នកមានការបរិភោគ ជាសាធារណៈ ដោយសព្រហ្មចារីទាំងឡាយ ដែលមានសីល នេះជាធម៌គួររលឹក ។ បេ ។ ប្រព្រឹត្តទៅដើម្បីឯកីភាព ។ ម្នាលអវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសីល ស្មើគ្នាដោយព្រហ្មចារីទាំងឡាយ ក្នុងសីលទាំងឡាយ ដែលជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរួចខ្លួន គឺមិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិនមានតណ្ហានិងទិដ្ឋិប៉ះពាល់បាន ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ។ បេ ។ ប្រព្រឹត្តទៅដើម្បីឯកីភាព ។ ម្នាលអវុសោទាំងឡាយ មួយទៀត ភិក្ខុមានសេចក្តី
យល់ឃើញស្មើគ្នានិងសព្រហ្មចារីធម៌ទាំងឡាយ ក្នុងទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តដើម្បីអស់ទៅនៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសាមគ្គី ដើម្បីឯកីភាព ។
ព-០១៥-១៨៩ : មូលហេតុនៃសេចក្តីវិនាស ៦ យ៉ាង ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ។ ម្នាលអវុសោទាំងឡាយ ភិក្ខុណាមានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ភិក្ខុនោះមិនមានសេចក្តី
គោរពកោតក្រែង ក្នុងព្រះសាស្តាខ្លះ មិនមានសេចក្តីគោរពកោតក្រែងក្នុងព្រះធម៌ខ្លះ មិនមានសេចក្តីគោរពកោតក្រែងក្នុងព្រះ
សង្ឃខ្លះ ជាអ្នកមិនធ្វើឲ្យបរិបូណ៌ ក្នុងសិក្ខាខ្លះ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាមួយមិនមានសេចក្តីគោរពកោតក្រែង ក្នុងព្រះសាស្តា ក្នុងព្រះធម៌ ។ បេ ។ ក្នុងព្រះសង្ឃ ។បេ ។ ជាអ្នកមិនធ្វើឲ្យបរិបូណ៌ក្នុងសិក្ខា ។ ភិក្ខុនោះរមែងបង្កវិវាទក្នុងសង្ឃ ដែលជាវិវាទកើតឡើង ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនចំរើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ ។ ម្នាលអវុសោទាំងឡាយ បើលោកទាំងឡាយ ឃើញមូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ខាងក្នុង ឬ ខាងក្រៅហើយ ។ ម្នាលអវុសោទាំងឡាយ លោកទាំងឡាយត្រូវ
ព្យាយាម ដើម្បីលះមូលហេតុនៃវិវាទ ដ៏លាមកនោះចេញ ។ ម្នាលអវុសោទាំងឡាយ បើលោកទាំងឡាយ មិនឃើញមូលហេតុ
នៃវិវាទ មានសភាពយ៉ាងនេះ ខាងក្នុងឬខាងក្រៅទេ ។ ម្នាលអវុសោទាំងឡាយ លោកទាំងឡាយត្រូវប្រតិបត្តិ ដើម្បីមិន
ឲ្យមូលហេតុនៃវិវាទ ដ៏លាមកនោះជាប់តាមតទៅ ។ ការលះមូលហេតុនៃវិវាទដ៏លាមកនុ៎ះរមែងមានយ៉ាងនេះ ការមិនមាន
មូលហេតុនៃវិវាទដ៏លាមកនុ៎ះ ជាប់តាមតទៅ រមែងមានយ៉ាងនេះ ១ ។ ម្នាលអវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណនិងវាយឫកស្មើ ១ ។ ជាអ្នកមានសេចក្តីឫស្យានិងកំណាញ់ ១ ។ ជាអ្នកអួតអាង មានពុតត្បុត ១ ។ ជាអ្នកមានប្រាថ្នាលាមក មានទិដ្ឋិខុស ១ ។ ជាអ្នកស្ទាបអង្អែលតែទិដ្ឋិរបស់ខ្លួន ជាអ្នកប្រកាន់មាំ កម្រនឹងលះបង់បាន ១ ។ ម្នាលអវុសោទាំងឡាយ ភិក្ខុណា ជាអ្នកស្ទាបអង្អែលតែទិដ្ឋិរបស់ខ្លួន ជាអ្នកប្រកាន់មាំ លះបង់បានដោយក្រ ភិក្ខុនោះរមែង
មិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តាខ្លះ មិនគោរព មិនកោតក្រែង ក្នុងព្រះធម៌ខ្លះ មិនគោរព មិនកោតក្រែង ក្នុងព្រះសង្ឃខ្លះ មិនជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាខ្លះ ។ ម្នាលអវុសោទាំងឡាយ ភិក្ខុណាមួយជាអ្នកមិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តាខ្លះ ក្នុងព្រះធម៌ខ្លះ ។ បេ ។ ក្នុងព្រះសង្ឃខ្លះ ។ បេ ។ មិនធ្វើឲ្យពេញលេញក្នុងសិក្ខាខ្លះ ។ ភិក្ខុនោះរមែងបង្កវិវាទក្នុងសង្ឃ ដែលជា
វិវាទកើតឡើង ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនចំរើនដល់ជនច្រើន ដើម្បីមិនជា
ប្រយោជន៍ ដើម្បីសេចក្តីទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ ។ ម្នាលអវុសោទាំងឡាយ បើលោកទាំងឡាយ ពិចារណា
ឃើញមូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ខាងក្នុងឬខាងក្រៅហើយ ។ ម្នាលអវុសោទាំងឡាយ លោកទាំងឡាយ ត្រូវព្យាយាមលះមូលហេតុនៃវិវាទដ៏លាមកនោះចេញ ។ ម្នាលអវុសោទាំងឡាយ បើលោកទាំងឡាយមិនពិចារណា ឃើញមូលហេតុនៃវិវាទមានសភាពយ៉ាងនេះ ខាងក្នុង ឬ ខាងក្រៅទេ ។ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយ ត្រូវប្រតិបត្តិ ដើម្បីមិនឲ្យមានមូលហេតុនៃវិវាទដ៏លាមកនោះឯង ជាប់តាមតទៅបាន។ ការលះមូលហេតុនៃវិវាទដ៏លាមកនុ៎ះ រមែងមានយ៉ាង
នេះ ការមិនមានមូលហេតុនៃវិវាទដ៏លាមកជាប់តាមតទៅ រមែងមានយ៉ាងនេះ ១ ។
ព-០១៦-១៩០ : ធាតុ ៦ យ៉ាង គឺ ធាតុដី ១ ធាតុទឹក ១ ធាតុភ្លើង ១ ធាតុខ្យល់ ១ ធាតុអាកាស់ ១ ធាតុវិញ្ញាណ ១ ។
ព-០១៧-១៩១ : និស្សារណីយធាតុ ៦ យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា មេត្តាចេតោវិមុត្តិ ខ្ញុំបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា ព្យាបាទនៅតែគ្របសង្កត់ចិត្តខ្ញុំបាន ។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះ ថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគមិនមានដីកាយ៉ាងនេះសោះ ។ ម្នាលអវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែជាបច្ច័យទេ មេត្តាចេតោវិមុត្តិ ដែលភិក្ខុចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំង
ហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា ព្យាបាទនៅតែគ្របសង្កត់ចិត្តភិក្ខុនោះ ហេតុនេះមិនដែលមាន ។ ម្នាលអវុសោទាំងឡាយ ព្រោះមេត្តាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់ចេញ នូវព្យាបាទ ១ ។ មា្នលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា ករុណាចេតោវិមុត្តិ ខ្ញុំបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូច
ជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា សេចក្តីបៀតបៀននៅតែ
គ្របសង្កត់ចិត្តខ្ញុំបាន ។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះ ថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគមិនមានដីកាយ៉ាងនេះសោះ ។ ម្នាលអវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែជាបច្ច័យទេ ករុណាចេតោវិមុត្តិ ដែលភិក្ខុចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំ
ហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា សេចក្តីបៀតបៀននៅតែគ្របសង្កត់ចិត្តភិក្ខុនោះបាន ហេតុនេះមិនដែលមាន ។ ម្នាលអវុសោទាំងឡាយ ព្រោះករុណាចេតោវិមុត្តិនុ៎ះជាគ្រឿងរលាស់ចេញនូវសេចក្តីបៀតបៀន ១ ។ មា្នលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា មុតិតាចេតោវិមុត្តិ ខ្ញុំបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន
ហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា សេចក្តីមិនត្រេកអរនៅតែគ្របសង្កត់ចិត្ត
ខ្ញុំបាន ។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ។ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគមិនមាន
ដីកាយ៉ាងនេះសោះ ។ ម្នាលអវុសោទាងឡាយ ការនេះមិនមែនជាហេតុ មិនមែជាបច្ច័យទេ មុតិតាចេតោវិមុត្តិ ដែលភិក្ខុចំរើន
ហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា សេចក្តីមិនត្រេកអរនៅតែគ្របសង្កត់ចិត្តភិក្ខុនោះបាន ហេតុនេះមិនដែលមាន ។ ម្នាលអវុសោទាំងឡាយ
ព្រោះ មុតិតាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់ចេញនូវសេចក្តីមិនត្រេកអរ ១ ។ មា្នលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា ឧបេក្ខាចេតោវិមុត្តិ ខ្ញុំបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំង
ហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថារាគៈនៅតែគ្របសង្កត់ចិត្តខ្ញុំបាន ។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះ
ថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគមិនមានដីកាយ៉ាងនេះសោះ ។ ម្នាលអវុសោទាំង
ឡាយ ការនេះមិនមែនជាហេតុ មិនមែជាបច្ច័យទេ ឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យ
ដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា រាគៈនៅតែគ្របសង្កត់ចិត្តភិក្ខុ
នោះបាន ហេតុនេះមិនដែលមាន ។ ម្នាលអវុសោទាំងឡាយ ព្រោះ ឧបេក្ខាចេតោវិមុត្តិនុ៎ះជាគ្រឿងរលាស់ចេញនូវរាគៈ១ ។ មា្នលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា អនិមិត្តាចេតោវិមុត្តិ (អរហត្តផលសមាបត្តិ) ខ្ញុំបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា ខ្ញុំនៅតែមានវិញ្ញាណដែលរលឹកតាមនូវនិមិត្ត ។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ។ ព្រោះការពោលបង្កាច់ព្រះមាន
ព្រះភាគជាការមិនល្អទេ ព្រះមានព្រះភាគមិនមានដីកាយ៉ាងនេះសោះ ។ ម្នាលអវុសោទាំងឡាយ ការនេះមិនមែន
ជាហេតុ មិនមែជាបច្ច័យទេ អនិមិត្តាចេតោវិមុត្តិ ដែលភិក្ខុចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា ភិក្ខុនោះនឹងមានវិញ្ញាណរលឹកតាមនូវនិមិត្ត ហេតុនេះមិនដែលមាន ។ ម្នាលអវុសោទាំងឡាយ ព្រោះ អនិមិត្តាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់ចេញនូវនិមិត្តទាំងអស់ ១ ។ ម្នាលអវុសោទាំឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា កាលបើសេចក្តីប្រកាន់របស់ខ្ញុំថា អាត្មាអញមានដូច្នេះ អស់រលីងទៅហើយ ខ្ញុំក៏ពិចារណាមិនឃើញថា របស់ឈ្មោះនេះគឺអាត្មាអញ នៅមានដូច្នេះដែរ តែថា ប្រួញគឺសេចក្តី
សង្ស័យងឿងឆ្ងល់នៅតែគ្របសង្កត់ចិត្តខ្ញុំបាន ។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុកុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ
ជាការមិនល្អទេ ព្រះមានព្រះភាគមិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ ។ ម្នាលអវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ កាលបើសេចក្តីប្រកាន់របស់ភិក្ខុនោះថា អាត្មាអញមានដូច្នេះ អស់រលីងទៅហើយ ភិក្ខុនោះក៏ពិចារណា
មិនឃើញថា របស់ឈ្មោះនេះគឺអាត្មាអញនៅមានដូច្នេះដែរ តែថាប្រួញគឺសេចក្តីសង្ស័យងឿងឆ្ងល់ នៅតែគ្របសង្កត់ចិត្តភិក្ខុ
នោះ ហេតុនេះមិនដែលមាន ។ ម្នាលអាវុសោទាំងឡាយ ព្រោះការគាស់រំលើងសេចក្តីប្រកាន់ថា អាត្មានៅមានដូច្នេះនុ៎ះចេញ
បាន ជាគ្រឿងរលាស់ចេញនូវប្រួញគឺសេចក្តីសង្ស័យងឿងឆ្ងល់បាន ១ ។
ព-០១៨-១៩២ : អនុត្តរិយៈ(ធម្មជាតប្រសើរបំផុត)មាន ៦ យ៉ាង គឺ ទស្សនានុត្តរិយៈ (ប្រសើរបំផុតដោយការឃើញ ) ១ សវនានុត្តរិយៈ (ប្រសើរបំផុតដោយការស្តាប់ ) ១ លាភានុត្តរិយៈ (ប្រសើរបំផុតដោយការបាន ) ១ សិក្ខានុត្តរិយៈ (ប្រសើរបំផុតដោយការសិក្សា ) ១ បារិចរិយានុត្តរិយៈ (ប្រសើរបំផុតខាងការបម្រើ ) ១ អនុស្សតានុត្តរិយៈ (ប្រសើរបំផុតដោយការរលឹករឿយៗ ) ១ ។
ព-០១៩-១៩៣ : ទីតាំងនៃអនុស្សតិមាន ៦ យ៉ាង ពុទ្ធានុស្សតិ ១ ធម្មានុស្សតិ ១ សង្ឃានុស្សតិ ១ សីលានុស្សតិ ១ ចាគានុស្សតិ ១ ទេវតានុស្សតិ ១ ។
ព-០២០-១៩៤ : ធម៌ជាគ្រឿងនៅដ៏ទៀងទាត់(របស់ព្រះខីណាស្រព)មាន ៦ យ៉ាង ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូប ដោយចក្ខុក៏មិនត្រេកអរ មិនអន់ចិត្ត គឺជាបុគ្គលនៅព្រងើយ តែមានសតិនិងសម្បជញ្ញៈ ១ ។ ឮសំឡេងដោយត្រចៀក ។ បេ ។ ធុំក្លិនដោយច្រមុះ ។ បេ ។ ទទួលរសដោយអណ្តាត ។ បេ ។ ពាល់ត្រូវផ្សព្វដោយកាយ ។ បេ ។ ដឹងធម្មារម្មណ៍ដោយចិត្ត មិនត្រេកអរ មិនអន់ចិត្ត គឺជាបុគ្គលនៅព្រងើយៗ តែមានសតិនិងសម្បជញ្ញៈ ១ ។
ព-០២១-១៩៥ : អភិជាតិ (កំណើត) មាន ៦យ៉ាង ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលខ្មៅ (ត្រកូលទាប) ហើយប្រព្រឹត្តធម៌ខ្មៅ (ទុច្ចរិត) ទៀត ១ ។ ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលខ្មៅ ហើយប្រព្រឹត្តធម៌ស (សុចរិត) ១ ។ ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្មៅ ហើយប្រព្រឹត្តធម៌មិនខ្មៅមិនស គឺព្រះនិព្វាន ១ ។ ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលស (ត្រកូលខ្ពស់) ហើយប្រព្រឹត្តធម៌ ស ១ ។ ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូល ស ហើយប្រព្រឹត្តធម៌ខ្មៅ ១ ។ ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលស ហើយប្រព្រឹត្តធម៌
មិនខ្មៅមិនស គឺព្រះនិព្វាន ១ ។
ព-០២២-១៩៦ : និព្វេធភាគិយសញ្ញា (សេចក្តីសំគាល់នូវធម៌បែរទៅជិតព្រះនិព្វាន)មាន ៦ យ៉ាង គឺ សេចក្តីសំគាល់ថាមិនទៀង ១ សេចក្តីសំគាល់ក្នុងរបស់ដែលមិនទៀងថាជាទុក្ខ ១ សេចក្តីសំគាល់ក្នុងរបស់ជាទុក្ខថាមិនមែនជារបស់ខ្លួន ១ សេចក្តីសំគាល់ក្នុងរបស់គួរលះបង់ ១ សេចក្តីសំគាល់ក្នុងរបស់គួរនឿយណាយ ១ សេចក្តីសំគាល់ក្នុងធម៌ជាគ្រឿងរំលត់ទុក្ខ ១ ។
ម្នាលអាវុសោទាំងឡាយ នេះឯងធម៌ពួកប្រាំមួយ
ៗ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធទ្រង់ជ្រាបច្បាស់ ឃើញច្បាស់
ទ្រង់សំដែងទុកល្អហើយ យើងទាំងអស់គ្នាត្រូវសង្គាយនាធម៌ពួកប្រាំមួយ ៗ នោះ ។ បេ ។
ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។
ចប់ ពួកធម៌ប្រាំមួយ ៗ ដែលរាប់ចូលក្នុងការសង្គាយនា
1បានដល់វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និង អនិទស្សនរូប (រូបមើលមិនឃើញ) និង អបដិឃរូប (រូបប៉ះពាល់មិនបាន) និង អសង្ខតធាតុ (និព្វាន) ។ អាយតនវិភង្គ អភិធម្ម
2បានដល់សង្ខារក្ខន្ធ ។ សញ្ចេតនា ប្រែថា គិត ចំណុចចិត្ត ក្លែង តាក់តែង ធ្វើ ។
3អដ្ឋកថា ថា មានពីរយ៉ាង គឺ ចែកមុខអាមិស ថា អាត្មាអញនឹងឲ្យវត្ថុប៉ុណ្ណេះ មិនឲ្យប៉ុណ្ណេះ១ ចែកមុខបុគ្គលថា ឲ្យដល់អ្នកនោះ មិនឲ្យដល់អ្នកនោះ១ ។ ការបរិភោគវៀរចាកហេតុទាំងពីរនេះ ឈ្មោះថា បរិភោកមិនចែកមុខរបស់ឬបុគ្គល គឺ ខ្លួនបរិភោគយ៉ាងណា ក៏ឲ្យគេយ៉ាងនោះ ហើយមិនរើសមុខបុគ្គលផង ។