ពួកធម៌ប្រាំ ៗ ដែលរាប់ចូលក្នុងការសង្គាយនា
(បិដក លេខ១៩ ទំព័រ១៧៣ ដល់ ១៩២)
(១៤៩ ) ម្នាលអវុសោទាំងឡាយ ពួកធម៌ ប្រាំៗ ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សម្តែងហើយដោយប្រពៃ យើងទាំងអស់គ្នា គួរសង្គាយនាក្នុងធម៌ ទាំងនោះ ។ បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍
ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។ ពួកធម៌ប្រាំៗ តើដូចម្តេច ។
ព-០០១-១៤៩: ខន្ធ ៥ យ៉ាង គឺ រូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ ។
ព០០២-១៥០: ឧបាទានក្ខន្ធ ៥ យ៉ាង គឺ រូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១ ។
ព០០៣-១៥១: កាមគុណ ៥ យ៉ាង គឺ រូបទាំងឡាយ ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ អាស្រ័យនូវកាម ជាហេតុនៃសេចក្តីត្រេកអរ ១ ។ សម្លេងឡាំងឡាយ ដែលគប្បីដឹងដោយត្រចៀក ១ ។ ក្លិនទាំងឡាយ ដែលគប្បីដឹងដោយច្រមុះ ១ ។ រសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត ១ ។ សម្ផស្សទាំងឡាយ ដែលគប្បីដឹង
ដោយកាយ ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ អាស្រ័យនូវកាមជាហេតុនៃសេចក្តីត្រេកអរ ១ ។
ព០០៤-១៥២: គតិ ៥ យ៉ាង គឺ នរក ១ កំណើតតិរច្ឆាន ១ ប្រេតវិស័យ ១ ពួកមនុស្ស ១ ពួកទេវតា ១។
ព០០៥-១៥៣: សេចក្តីកំណាញ់ ៥ យ៉ាង គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់សេចក្តី
សរសើរ (1) ១ កំណាញ់ធម៌ ១ ។
ព០០៦-១៥៤: នីវរណៈ ៥ យ៉ាង គឺ កាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១ ។
ព០០៧-១៥៥: សំយោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាង គឹ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរមាសៈ ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ។
ព០០៨-១៥៦: សំយោជនៈ ជាចំណែកខាងលើ ៥ យ៉ាង គឺ រូបរាគ ១ អរូបរាគ ១ មានៈ ១ ឧទ្ធច្ចៈ១ អវិជ្ជា ១ ។
ព០០៩-១៥៧: សិក្ខាបទ ៥ យ៉ាង គឺ ការវៀរចាកការសម្លាប់សត្វ១ វៀរចាកការកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ វៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១ វៀរចាកការនិយាយកុហក ១ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ ព្រោះផឹកទឹកស្រវឹង គឺសុរាមេរ័យ ១។
ព០១០-១៥៨: អភព្វដ្ឋាន (ហេតុដែលមិនគួរ) ៥ យ៉ាង ម្នាលអវុសោទាំងឡាយ ភិក្ខុជាខីណាស្រពមិនគួរ ដើម្បីក្លែងញ៉ាំងសត្វឲ្យ
ធ្លាក់ចុះចាកជីវិត ១ ភិក្ខុជាខីណាស្រពមិនគួរ ដើម្បីកាន់យកទ្រព្យដែលគេមិនឲ្យដោយចំណែកគឺចិត្តលួច ១ ភិក្ខុជាខីណាស្រព
មិនគួរ ដើម្បីសេពមេថុនធម្ម ១ ភិក្ខុជាខីណាស្រពមិនគួរពោលសម្បជានមុសាវាទ ១ ភិក្ខុជាខីណាស្រពមិនគួរបរិភោគនូវ
របស់ដែលខ្លួនធ្វើសេចក្តីសន្សំទុកនិងកាមទាំងឡាយ ដូចកាលខ្លួននៅជាគ្រហស្ថក្នុងកាលពីដើម ១ ។
ព០១១-១៥៩: សេចក្តីវិនាស ៥យ៉ាង គឺ សេចក្តីវិនាសញាតិ ១ សេចក្តីវិនាសភោគសម្បត្តិ ១ សេចក្តីវិនាសព្រោះរោគ ១ សេចក្តីវិនាសសីល ១ សេចក្តីវិនាសទិដ្ឋិ ១ ។ ម្នាលអវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់ពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងអបាយ ទុគ្គតិវិនិបាត នរក ព្រោះហេតុតែវិនាសញាតិក្តី ព្រោះហេតុតែសេចក្តីវិនាសភោគៈក្តី ព្រោះហេតុសេចក្តី
វិនាសដោយរោគក្តី (នោះទេ) ។ ម្នាលអវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់ពីសេចក្តីស្លាប់ទៅ ៗ កើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែសេចក្តីវិនាសសីល ឬ ព្រោះហេតុតែសេចក្តីវិនាសទិដ្ឋិ ។
ព០១២-១៦០: សេចក្តីបរិបូណ៌ ៥ យ៉ាង គឺ បរិបូណ៌ដោយញាតិ ១ បរិបូណ៌ដោយភោគ ១ បរិបូណ៌ដោយភាពមិនមានរោគ ១ បរិបូណ៌ដោយសីល ១ បរិបូណ៌ដោយទិដ្ឋិ ១ ។ ម្នាលអវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់ពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះហេតុតែបរិបូណ៌ដោយញាតិក្តី ព្រោះហេតុតែបរិបូណ៌ដោយភោគៈក្តី ព្រោះហេតុ
តែបរិបូណ៌ដោយភាពមិនមានរោគក្តី នោះទេ ។ ម្នាលអវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់ពីសេចក្តីស្លាប់ទៅ តែងបានទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះហេតុតែបរិបូណ៌ដោយសីល ឬ ព្រោះហេតុតែបរិបូណ៌ដោយទិដ្ឋិ ។
ព០១៣-១៦១: ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីល ៥ យ៉ាង ម្នាលអវុសោទាំងឡាយ ក្នុងលោកនេះ បុគ្កលទ្រុស្តសីល វិបត្តិចាកសីលនេះ តែងដល់នូវសេចក្តីវិនាសនៃសម្បត្តិយ៉ាងធំ មានសេចក្តីប្រមាទជាហេតុ នេះជាទោសនៃសីលវិបត្តិ
របស់បុគ្គលទ្រុស្តសីលទី ១ ។ ម្នាលអវុសោទាំងឡាយ មួយទៀត កិត្តិសព្ទអាក្រក់របស់បុគ្កលទ្រុស្តសីល វិបត្តិចាកសីល រមែងផ្សាយទៅសព្វទិស នេះជាទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលទី ២ ។ ម្នាលអវុសោទាំងឡាយ មួយទៀតបុគ្គលទ្រុស្តសីល វិបត្តិចាកសីល ចូលទៅរកបរិស័ទណាៗ ទោះខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី រមែងមិនក្លៀវក្លា មានមុខឱនចុះ នេះជាទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលទី ៣។ ម្នាលអវុសោទាំងឡាយ មួយវិញ
ទៀតបុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងវង្វេងធ្វើមរណៈកាល នេះជាទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលទី ៤។ ម្នាលអវុសោទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ តែងទៅ
កើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក នេះជាទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលទី ៥។
ព០១៤-១៦២: អានិសង្សនៃសីលសម្បទា ៥ យ៉ាង ម្នាលអវុសោទាំងឡាយ ក្នុងលោកនេះ បុគ្កលមានសីល បរិបូណ៌ដោយសីល រមែងបាននូវគំនរទ្រព្យច្រើន មានសេចក្តីមិនប្រមាទជាហេតុ នេះជាអានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីលទី១ ។ ម្នាលអវុសោទាំងឡាយ មួយទៀត កិត្តិសព្វដ៏ពិរោះ របស់បុគ្គលមានសីល បរិបូណ៌ដោយសីល តែងផ្សាយទៅសព្វទិស នេះជាអានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីលទី ២ ។ ម្នាលអវុសោទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល ចូលទៅរកបរិស័ទណាៗ ទោះបីជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី រមែងក្លៀវក្លា មិនមានមុខឱនចុះ នេះជាអានិសង្សនៃសីលសម្បទារបស់បុគ្គលមានសីលទី ៣ ។ ម្នាលអវុសោទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងមិនវង្វេងធ្វើមរណកាល នេះជាអានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីលទី ៤ ។ ម្នាលអវុសោទាំងឡាយ មួយវិញទៀតបុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ទេវលោក នេះជាអានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីលទី ៥ ។
ព០១៥-១៦៣: ម្នាលអវុសោទាំងឡាយ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវដំកល់ធម៌ ៥យ៉ាងទុកក្នុងខ្លួនហើយ សិមចោទភិក្ខុដទៃ ដោយគិតថា អាត្មាអញនឹងនិយាយក្នុងកាលគួរ មិននិយាយក្នុងកាលមិនគួរ ១ អាត្មាអញនិយាយ
ដោយពាក្យពិត មិននិយាយដោយពាក្យមិនពិត ១ អាត្មាអញនិយាយ ដោយពាក្យផ្អែមល្ហែម មិននិយាយដោយពាក្យទ្រគោះ ១ អាត្មាអញនិយាយដោយពាក្យប្រកបដោយប្រយោជន៍ មិននិយាយ ដោយពាក្យមិនប្រកបដោយប្រយោជន៍ ១ អាត្មាអញនិយាយ ដោយចិត្តប្រកបដោយមេត្តា មិននិយាយដោយចិត្តប្រកបដោយទោស ១ ។ ម្នាលអវុសោទាំងឡាយ ភិក្ខុអ្នកចោទ មានប្រាថ្នា
នឹងចោទភិក្ខុដទៃ ត្រូវដំកល់ធម៌ ៥ ប្រការនេះទុកក្នុងខ្លួនហើយទើបចោទភិក្ខុដទៃបាន ។
ព០១៦-១៦៤: អង្គនៃភិក្ខុដែលមានសេចក្តីព្យាយាម ៥យ៉ាង ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេសហើយ ទ្រង់ត្រាស់ដឹងដោយ
ប្រពៃចំពោះព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជានិងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយ
សីលាទិគុណ រកបុគ្គលណាស្មើគ្មាន ទ្រង់ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ទ្រង់ជាគ្រូរបស់ទេវតានិងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងមកកាន់ភពថ្មីទៀត ដោយហេតុនេះ ៗ ១ ជាអ្នកមិនមានអាពាធ មិនមានសេចក្តីទុក្ខ ប្រកបដោយតេជោធាតុ ចាស់ល្មមមិនត្រជាក់ពេក មិនក្តៅពេក យ៉ាងកណ្តាល គួរដល់សេចក្តីព្យាយាម ១ មិនមែនជាអ្នកលេងបោកប្រាស មិនមានមាយា ជាអ្នកធ្វើឲ្យជាក់ច្បាស់នូវខ្លួនគួរតាមពិត ក្នុងសំណាក់ព្រះសាស្តា ឬ ក្នុងសំណាក់
សព្រហ្មចារីទាំងឡាយដែលជាអ្នកចេះដឹង ១ ជាបុគ្គលប្រារព្ធព្យាយាម ដើម្បីលះបង់នូវធម៌ជាអកុសល ដើម្បីញ៉ាំងកុសលធម៌
ឲ្យដុះដាលឡើង ជាបុគ្គលមានកំឡាំងចិត្ត មានសេចក្តីសង្វាតដ៏មាំ មិនដាក់ធុរៈចោលក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នកមាន
ប្រាជ្ញា ប្រកបដោយប្រាជ្ញាដែលអាចនឹងកំណត់(2) នូវសេចក្តីកើតនិងសេចក្តីរលត់បាន ជាបញ្ញាដ៏បរិសុទ្ធ ជាបញ្ញាអាចទំលុះ
ទំលាយនូវគំនរនៃលោភៈជាដើម ជាបញ្ញាញ៉ាំងសត្វឲ្យដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ ១ ។
ព០១៧-១៦៥: សុទ្ធាវាស (3) មាន ៥យ៉ាង គឺ អវិហៈ ១ អតប្បៈ ១ សុទស្សៈ ១ សុទស្សី ១ អកនិដ្ឋ ១ ។
ព០១៨-១៦៦: អនាគាមិបុគ្គល ៥ ពួក គឺ លោកដែលបរិនិព្វានក្នុងពាក់កណ្តាលអាយុ(4) ១ លោកដែលបរិនិព្វានដោយ
កន្លងហួសពាក់កណ្តាល អាយុ(5) ១ លោកដែលបរិនិព្វានដោយមិនមានសេចក្តីព្យាយាម (6) ១ លោកដែលបរិនិព្វានដោយមាន
សេចក្តីព្យាយាមយ៉ាងខ្លាំង(7) ១ លោកដែលមានខ្សែខាងលើ ហើយទៅកាន់អកនិដ្ឋភព(8) ១ ។
ព០១៩-១៦៧: ចេតោខីលៈ (សេចក្តីរឹងត្អឹងរបស់ចិត្ត) មាន ៥ យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនឱនទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ
ដើម្បីព្យាយាមជាប់តទៅ នេះជាសេចក្តីរឹងត្អឹងនៃចិត្តទី ១ របស់ភិក្ខុនោះ ។ ម្នាលអវុសោទាំងឡាយ មួយទៀត ភិក្ខុសង្ស័យ
ក្នុងព្រះធម៌ ១ ។ ភិក្ខុសង្ស័យ ក្នុងព្រះសង្ឃ ១ ។ សង្ស័យ ងឿងឆ្ងល់ ក្នុងសិក្ខា ១ ។ ភិក្ខុក្រោធ អាក់អន់ចិត្ត មានចិត្ត
ត្រូវទោសៈខ្ទាំងខ្ទប់ មានចិត្តរឹងត្អឹងក្នុងសព្រហ្មចារីបុគ្គលទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាជាបុគ្គលក្រោធ អាក់អន់ចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានចិត្តរឹងត្អឹង ក្នុងសព្រហ្មចារីបុគ្គលទាំងឡាយ ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាម
ដុតកំដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ នេះជាសេចក្តីរឹងត្អឹងនៃចិត្តទី ៥ របស់ភិក្ខុនោះ ។
ព០២០-១៦៨: ចំណងរបស់ចិត្តមាន ៥ យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេច
ក្តីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាមទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេច
ក្តីសេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាមទាំងឡាយ ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាម
ដុតកំដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ ចិត្តរបស់ភិក្ខុណាមិនឱនទៅ ដើម្បីព្យាយាម
ដុតកំដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ នេះជាចំណងនៃចិត្តទី ១ របស់ភិក្ខុនោះ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមិនទាន់ប្រាសចាកតម្រេកក្នុងកាយ ។ សេចក្តីបំប្រួញ ។ ភិក្ខុមិនទាន់ប្រាសចាក
តម្រេកក្នុងរូប។ សេចក្តីបំប្រួញ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបរិភោគត្រាតែឆ្អែតពេញពោះ ហើយប្រកបរឿយៗ
នូវសេចក្តីសុខក្នុងទីដេក នូវសេចក្តីសុខ ( ព្រោះដេកប្រែប្រួលខាងស្តាំ ខាងឆ្វេង ) នូវសេចក្តីសុខ ព្រោះដេកលក់លង់ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះប្រាថ្នានូវពួកទេវតាជាន់ណាមួយ ថា ដោយសីលឬវ័ត ដោយសេចក្តីព្យាយាម ឬ ព្រហ្មចារ្យនេះឯង សូមឲ្យអាត្មាអញបានជាទេវតា (មានសក្តិ៍ធំ ) ឬទេវតា (មានសក្តិ៍តូច ) ណាមួយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាប្រព្រឹត្តព្រហ្មចរិយធម៌ព្រោះប្រាថ្នានូវពួកទេវតាណាមួយថា ដោយសីលឬវ័ត ដោយសេចក្តី
ព្យាយាមឬព្រហ្មចារ្យនេះឯង សូមឲ្យអាត្មាអញបានជាទេវតា (មានសក្តិ៍ធំ ) ឬទេវតា (មានសក្តិ៍តូច ) ណាមួយ ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ នេះជាចំណង
របស់ចិត្តទី ៥ ។
ព០២១-១៦៩: ឥន្ទ្រិយមាន ៥យ៉ាង គឺ ចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជិវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ ។
ព០២២-១៧០: ឥន្ទ្រិយមាន ៥ ដទៃទៀត គឺ សុខន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១ ។
ព០២៣-១៧១: ឥន្ទ្រិយមាន ៥ ដទៃទៀត គឺ សទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១ ។
ព០២៤-១៧២: និស្សារណីយធាតុ (ធាតុដែលគួររលាស់ចេញ ) មាន ៥ យ៉ាង ម្នាលអាវុសោទាំងឡាយ កាលដែលភិក្ខុក្នុង
សាសនានេះ ធ្វើទុកក្នុងចិត្តនូវកាមទាំងឡាយ ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់នៅ ក្នុងកាមទាំងឡាយ តែបើភិក្ខុនោះធ្វើទុកក្នុងចិត្ត នូវនេក្ខម្មៈ (ការចេញចាកកាម) ចិត្តរមែងស្ទុះទៅ ជ្រះថ្លាតាំងនៅចុះស៊ប់ក្នុងនេក្ខម្មៈ ចិត្តរបស់ភិក្ខុនោះ ឈ្មោះថាទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញហើយចាកកាមទាំងឡាយ អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ក្តៅក្រហាយ តែងកើតឡើងព្រោះកាមជាបច្ច័យ ភិក្ខុនោះ រួចហើយចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ
រមែងមិនទទួលនូវវេទនានោះ នេះជាការរលាស់ចេញនូវកាមទាំងឡាយ ដែលព្រះមានព្រះភាគសំដែងហើយ ១ ។
ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុធ្វើទុកក្នុងចិត្តនូវព្យាបាទ ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់នៅក្នុងព្យាបាទ តែបើភិក្ខុនោះធ្វើទុកក្នុងចិត្តនូវសេចក្តីមិនព្យាបាទ ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅចុះស៊ប់ក្នុង ការមិនព្យាបាទ ចិត្តរបស់ភិក្ខុនោះ ឈ្មោះថាទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះល្អហើយ ប្រាសចេញហើយ ចាកព្យាបាទ អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ក្តៅក្រហាយ តែងកើតឡើងព្រោះព្យាបាទជាបច្ច័យ ភិក្ខុនោះរួចហើយ ចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែងមិនទទួលនូវវេទនានោះ នេះជាការរលាស់ចេញនូវព្យាបាទ ដែលព្រះមាន
ព្រះភាគទ្រង់សំដែងហើយ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុធ្វើទុកក្នុងចិត្តនូវសេចក្តីបៀតបៀន ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់នៅក្នុងការបៀតបៀន តែបើភិក្ខុនោះធ្វើទុកក្នុងចិត្តនូវការមិនបៀតបៀន
ចិត្តរមែងស្ទុះទៅជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងការមិនការបៀតបៀន ចិត្តរបស់ភិក្ខុនោះ ឈ្មោះថាទៅល្អហើយ អប់រំល្អហើយ រួយស្រឡះល្អហើយ ប្រាសចេញហើយ ចាកការបៀតបៀន អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ក្តៅក្រហាយ តែងកើតឡើងព្រោះការបៀតបៀនជាបច្ច័យ ភិក្ខុនោះ រួចហើយ ចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែងមិនទទួល
នូវវេទនានោះ នេះជាការរលាស់ចេញនូវការបៀតបៀន ដែលព្រះមានព្រះភាគសំដែងហើយ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុធ្វើទុកក្នុងចិត្តនូវ រូបទាំងឡាយ ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់នៅក្នុងរូប
ទាំងឡាយ តែបើភិក្ខុនោះធ្វើទុកក្នុងចិត្ត នូវ អរូប ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុង អរូប ចិត្តរបស់ភិក្ខុនោះឈ្មោះ
ថាទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចល្អហើយ ប្រាសចេញ ហើយចាករូបទាំងឡាយ អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ ក្តៅក្រហាយ តែងកើតឡើងព្រោះរូបជាបច្ច័យ ភិក្ខុនោះរួចហើយ ចាករូបទាំងឡាយនោះ ភិក្ខុនោះ រមែងមិនទទួលនូវវេទនានោះ នេះជាការរលាស់ចេញនូវរូបទាំងឡាយ ដែលព្រះមានព្រះភាគសំដែងហើយ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុធ្វើទុកក្នុងចិត្តនូវ សក្កាយៈ (បញ្ចក្ខន្ធ) ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់នៅក្នុងសក្កាយៈ តែបើភិក្ខុនោះធ្វើទុកក្នុងចិត្ត នូវ ការរលត់ទៅនៃសក្កាយៈ ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងការរលត់ទៅនៃសក្កាយៈ ចិត្តរបស់ភិក្ខុនោះ ឈ្មោះថាទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះល្អហើយ ប្រាសចេញហើយ ចាកសក្កាយៈ អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ ក្តៅក្រហាយ តែងកើត
ឡើងព្រោះសក្កាយៈជាបច្ច័យ ភិក្ខុនោះ រួចហើយ ចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែងមិនទទួលនូវវេទនានោះ នេះជាការរលាស់ចេញនូវសក្កាយៈ ដែលព្រះមានព្រះភាគសំដែងហើយ ១ ។
ព០២៥-១៧៣: វិមុត្តាយតនៈ (ហេតុជាគ្រឿងរួច )មាន៥យ៉ាង ម្នាលអវុសោទាំងឡាយ ព្រះសាស្តា ឬ សព្រហ្មចារីបុគ្គល
ណាមួយដែលគួរដល់ឋានៈជាគ្រូ រមែងសំដែងធម៌ដល់ភិក្ខុ ក្នុងសាសនានេះ ។ ម្នាលអវុសោទាំងឡាយ ព្រះសា
ស្តា ឬ សព្រហ្មចារីបុគ្គលណាមួយ ដែលគួរដល់ឋានៈជាគ្រូ រមែងសំដែងធម៌ ដល់ភិក្ខុយ៉ាងណាៗ ភិក្ខុនោះរមែងជាអ្នកដឹងច្បាស់
នូវអត្ថផងដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះ យ៉ាងនោះៗ ។ បាមោជ្ជៈ (សេចក្តីរីករាយ) រមែងកើតដល់ភិក្ខុនោះដែលជាអ្នក
ដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ លុះភិក្ខុមានសេចក្តីរីករាយហើយ បីតិក៏រមែងកើតឡើង កាលបើចិត្តប្រកបដោយបីតិ
ហើយនាមកាយក៏ស្ងប់រម្ងាប់ភិក្ខុមាននាមកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ លុះប្រកបសេចក្តីសុខហើយ ចិត្តក៏រមែងដំកល់មាំ នេះជាវិមុត្តាយតនៈទី១ ។ ម្នាលអវុសោទាំងឡាយ មួយទៀត ព្រះសាស្តាឬសព្រហ្មចារីបុគ្គលណាមួយ ដែលគួរដល់ឋានៈជាគ្រូ មិនសំដែងធម៌ដល់ភិក្ខុទេ តែថាភិក្ខុនោះ រមែងសំដែងធម៌ដែលខ្លួនបានស្តាប់មកហើយយ៉ាងណា បានរៀនមកហើយយ៉ាងណា ដោយសេចក្តីពិស្តារ ដល់ជនទាំងឡាយដទៃ ។ សេចក្តីបំប្រួញ ។ តែថាភិក្ខុនោះធ្វើការស្វាធ្យាយន៍
នូវធម៌ ដែលខ្លួនបានស្តាប់មកហើយយ៉ាងណា បានរៀនមកហើយយ៉ាងណា ដោយសេចក្តីពិស្តារ ។ បេ។ តែថាភិក្ខុនោះត្រិះរិះ
រឿយៗពិចារណារឿយៗ ដោយចិត្ត ជញ្ជឹងក្នុងចិត្តរឿយៗ ចំពោះធម៌ដែលខ្លួនបានស្តាប់មកហើយយ៉ាងណា រៀនមកហើយ
យ៉ាងណា ។ បេ ។ តែថា សមាធិនិមិត្តណាមួយក៏ភិក្ខុនោះរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ពិចារណាដោយល្អ ចាក់ធ្លុះដោយល្អ ដោយប្រាជ្ញាបាន ។ ម្នាលអវុសោទាំងឡាយ សមាធិនិមិត្តណាមួយ ដែលភិក្ខុរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ពិចារណាដោយល្អ ចាក់ធ្លុះដោយល្អ ដោយប្រាជ្ញាយ៉ាងណា ៗ ភិក្ខុនោះ រមែងជាអ្នកដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ ។ កាលភិក្ខុនោះបានដឹងច្បាស់នូវអត្ថ បានដឹងច្បាស់នូវធម៌ហើយ
បាមោជ្ជៈរមែងកើតឡើងបីតិក៏រមែងកើតឡើងកាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏រមែងស្ងប់រម្ងាប់
ភិក្ខុមាននាមកាយស្ងប់រម្ងាប់ហើយ តែងទទួលនូវសេចក្តីសុខ កាលភិក្ខុទទួលសេចក្តីសុខហើយ ចិត្តក៏តំកល់នៅមាំ នេះជាវិមុត្តាយតនៈទី៥ ។
ព០២៦-១៧៤: សញ្ញា ( សេចក្តីសំគាល់ )ញ៉ាំងវិមុត្តិ (9) ឲ្យចាស់ក្លា មាន ៥ យ៉ាង គឺ សេចក្តីសំគាល់ថា មិនទៀង១ សេចក្តីសំគាល់
ថាទុក្ខ ក្នុងរបស់មិនទៀង ១ សេចក្តីសំគាល់ថា មិនមែនរបស់ខ្លួនក្នុងរបស់ប្រកបដោយទុក្ខ ១ សេចក្តីសំគាល់ក្នុង
ធម៌ជាគ្រឿងលះ ១ សេចក្តីសំគាល់ក្នុងធម៌ជាគ្រឿងនឿយណាយ ១ ។ ម្នាលអាវុសោទាំងឡាយ ពួកធម៌ប្រាំៗនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយដោយប្រពៃ យើងទាំងអស់គ្នា គប្បីសង្គាយនាក្នុងធម៌នោះ។ បេ ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា
និងមនុស្សទាំងឡាយ ។
ចប់ ពួកធម៌ប្រាំ ៗ ដែលរាប់ចូលក្នុងការសង្គាយនា
1ថា កំណាញ់សេចក្តីសរសើរ ឬ កំណាញ់ព័ណ៌សម្បុរក៏បាន
2 បានខាងឧទយព្វយញ្ញាណ ក្នុងវិបស្សនា
3ទីនៅរបស់សត្វដ៏បរិសុទ្ធ គឺព្រះអនាគាមិ និងព្រះខីនាស្រព ។
4បុគ្គលដែលមិនកន្លងពាក់កណ្តាលអាយុហើយ ដល់នូវព្រះអរហត្ត ជាទីរំលត់នូវកិលេសក្នុងពាក់កណ្តាលអាយុ ។
5បុគ្គលដែលប្រព្រឹត្តកន្លងពាក់កណ្តាលអាយុហើយ ដល់នូវព្រះអរហត្ត ជាទីរំលត់នូវកិលេស
6 បុគ្គលដែលមិនលំបាកដោយសេចក្តីព្យាយាម ហើយ ដល់នូវព្រះអរហត្ត ជាទីរំលត់នូវកិលេសដោយស្រួល
7 បុគ្គលដែលលំបាកដោយសេចក្តីព្យាយាម ហើយ ដល់នូវព្រះអរហត្ត ជាទីរំលត់នូវកិលេសដោយលំបាក
8បុគ្គលដែលកើតក្នុងជាន់សុទ្ធាវាសទាំង ៥ តាំងអំពីអរិហៈ រហូតដល់អកនិដ្ឋភព ។
9សំដៅយកព្រះអរហត្ត