ពួកធម៌ បួនៗ ដែលរាប់ចូលក្នុងការសង្គាយនា

(បិដក​ លេខ១៩  ទំព័រ១៤៦​​ ដល់ ១៧៣)

(១០០)ម្នាលអាវុសោទាំងឡាយ ពួកធម៌បួនៗ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធទ្រង់ជ្រាបច្បាស់ ឃើញច្បាស់

ទ្រង់សំដែងហើយដោយប្រពៃ គួរតែយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ ។ បេ ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បី

សេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។ ពួកធម៌បួនៗ តើដូចម្តេច

ព-០០១-១០០: សតិបដ្ឋាន៤ ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណារឿយៗនូវ កាយក្នុងកាយ

ជាបុគ្គលមានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងដោយល្អ មានស្មារតីកំចាត់បងនូវអភិជ្ឈានិងទោមនស្សក្នុង

លោក(1) ១ ។ ពិចារណារឿយៗនូវវេទនាក្នុងវេទនា​ ។ ពិចារណារឿយៗ នូវចិត្តក្នុងចិត្ត ពិចារណារឿយៗ នូធម៌ក្នុងធម៌

ទាំងឡាយ ជាបុគ្គលមានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងដោយល្អ  មានស្មារតីកំចាត់បង់នូវអភិជ្ឈា  និងទោមនស្ស  ក្នុងលោក១។                                     

 

ព-០០-១០:សម្មប្បធាន ៤ ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញ៉ាំងឆន្ទៈ(2)ឲ្យកើតឡើង សង្វាត ប្រារព្ធ ព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីបិអកុសលធម៌ទាំងឡាយដ៏លាមក ដែលមិនទាន់កើតឡើង ​ មិនឲ្យកើតឡើងបាន ១ ញ៉ាំងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងហើយ ១ ញ៉ាំងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត  ដើម្បីបណ្តុះបណ្តាល

កុសលធម៌ទាំងឡាយ ដែលមិនទាន់កើតឲ្យកើតឡើង ១ ញ៉ាំងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធនូវសេចក្តីព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីឲ្យកុសលធម៌ទាំងឡាយដែលកើតឡើងហើយ ឲ្យឋិតនៅមិនឲ្យវិនាសទៅ ឲ្យរឹងរឹតតែចំរើនឡើង ធំទូលាយ ចំរើនពេញលេញ ១

 

ព-០០-១០: ឥទ្ធិបាទ ៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ(3) ដែលប្រកបដោយឆន្ទសមាធិ (4) និងបធានសង្ខារ(5)   ចំរើនឥទ្ធិបាទ ដែលប្រកបដោយវិរិយសមាធិ និងបធានសង្ខារ ១  ចំរើនឥទ្ធិបាទ ដែលប្រកបដោយ

ចិត្តសមាធិ និងបធានសង្ខារ ១ ចំរើនឥទ្ធិបាទ ដែលប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១ ។

 

ព-០០-១០:ឈាន ៤ យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌

ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ  ប្រកបដោយវិចារៈ មានបីតិនិងសុខដែលកើតអំពីសេចក្តីស្ងប់ស្ងាត់នោះ ១ ភិក្ខុព្រោះស្ងប់ស្ងាត់ ចាកវិតក្កៈនិងវិចារៈ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តី

ជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈមិនមានវិចារៈ មានតែបីតិនិងសុខៈ ដែលកើតអំពីសមាធិ គឺ បឋមជ្ឈាន ១

ភិក្ខុព្រោះនឿយណាយ ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនដោយប្រពៃផង ទទួលនូវសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយតែងសរសើរនូវបុគ្គលដែលបាននូវតតិយជ្ឈាននោះថា បុគ្គលនោះ ប្រកបដោយឧបេក្ខាផង មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតីយជ្ឈាននោះ ១   ភិក្ខុ ព្រោះលះបង់នូវសុខផង ព្រោះលះបង់នូវទុក្ខផង ព្រោះអស់ទៅនៃសោមនស្ស និងទោមនស្សក្នុងកាលមុន ក៏បានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍

មិនមែនជាទុក្ខមិនមែនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា ១ ។

 

ព-០០-១០:សមាធិភាវនា (6) ៤ យ៉ាង ម្លាលអាវុសោទាំងឡាយ មានសមាធិភាវនាដែលបុគ្គលចំរើន ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន ១​ ។  ម្លាលអាវុសោទាំងឡាយ មានសមាធិភាវនាដែលបុគ្គលចំរើនហើយ ធ្វើឲ្យ

ច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ (7)១ ។ ម្នាលអាវុសោទាំងឡាយ មានសមាធិភាវនាដែលបុគ្គលចំរើន

ហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីសតិនិងសម្បជញ្ញៈ១ ។ ម្នាលអាវុសោទាំងឡាយមានសមាធិភាវនាដែលបុគ្គល

ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលអវុសោទាំងឡាយ ចុះសមាធិភាវនាដូច

ម្តេច ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅដើម្បី នៅជាសុខក្នុងបច្ចុប្បន្ន ។ ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុង

សាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបាននូបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ។បេ។ បានដល់នូវចតុត្ថជ្ឈាន ម្នាលអវុសោទាំងឡាយ នេះជា សមាធិភាវនា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខក្នុងបច្ចុប្បន្ន ។ ម្នាលអវុសោទាំងឡាយចុះសមាធិភាវនាដូចម្តេចដែលបុគ្គល

ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅដើម្បី បាននូវញាណទស្សនៈ ។ ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្តនូវអាលោកសញ្ញា (8)អធិដ្ឋាននូវទិវាសញ្ញាថា (9) ថ្ងៃយ៉ាងណា យប់យ៉ាងនោះ យប់យ៉ាងណា ថ្ងៃយ៉ាងនោះ មានចិត្តបើកចេញស្រឡះ ឥតមានអ្វីរួមរឹតបិទបាំង ចំរើនចិត្តដែលប្រកបដោយពន្លឺ ម្នាលអាវុសោទាំងឡាយ នេះជាសមាធិ

ភាវនា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ ។ ម្នាលអវុសោទាំងឡាយ ចុះសមាធិភាវនាដូចម្តេច ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅដើម្បី សតិនិងសម្បជញ្ញៈ  ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ វេទនាកើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង សញ្ញាកើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង វិតក្កៈកើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង ម្នាលអវុសោទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បី សតិនិងសម្បជញ្ញៈ ។   ម្នាលអវុសោទាំងឡាយ  ចុះសមាធិ

ភាវនាដូចម្តេច ចុះសមាធិភាវនាដូចម្តេច ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅដើម្បី អស់ទៅនៃអាសវៈទាំងឡាយ ។  ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណារឿយៗ នូវសេចក្តីកើតឡើងនិងសូន្យទៅក្នុងឧបាទានក្ខន្ធទាំង ៥ ថា  រូបដូច្នេះ ការកើតឡើងនៃរូបដូច្នេះ  ការរលត់ទៅនៃរូបដូច្នេះវេទនាដូច្នេះ ។ សញ្ញាដូច្នេះ ។ សង្ខារដូច្នេះ ។ វិញ្ញាណដូច្នេះ

ការកើតឡើងនៃវិញ្ញាណដូច្នេះ ការរលត់ទៅនៃវិញ្ញាណដូច្នេះ ម្នាលអាវុសោទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គល

ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ ។

 

ព-០០-១០:អប្បមញ្ញា ៤​យ៉ាង ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិស

ទី ១ ទី២ ទី៣ ទី ៤ ក៏ដូចគ្នា   ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម នឹងទិសទទឹង (10) មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង ១ ។  មានចិត្តប្រកបដោយករុណា ១  មានចិត្តប្រកបដោយមុទិតា ១ ។  មានចិត្តប្រកបដោយឧបក្ខា ផ្សាយទៅកាន់ទិសទី ១ ទី២

 ទី៣ ទី ៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម នឹងទិសទទឹង មានចិត្តប្រកបដោយឧបក្ខា ដ៏ធំទូលាយ រកប្រមាណ

មិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង ១ ។

 

ព-០០-១០:អរូបជ្ឈាន ៤ យ៉ាង ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះការប្រព្រឹត្តកន្លងនូវរូបសញ្ញា (11) ដោយប្រការទាំងពួង ព្រោះការអស់បាដិឃសញ្ញា(12) ព្រោះការលែងធ្វើទុកក្នុងចិត្តនូវ នានត្តសញ្ញា (13) ក៏បានដល់នូវអាកា

សានញ្ចាយតនជ្ឈានដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ១​ ព្រោះប្រព្រឹត្តកន្លងនូវអាកាសានញ្ចាតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវ វិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ ១​ ព្រោះប្រព្រឹត្តកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន  ដោយធ្វើទុកក្នុង

ចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ ១  ព្រោះប្រព្រឹត្តកន្លងនូវ  អាកិញ្ចញ្ញាយតនជ្ឈាន  ដោយប្រការតាំងពួង​ ក៏បានដល់នូវ

នេវសញ្ញានាសញ្ញាយតនជ្ឈាន  សម្រេចសម្រាន្តនៅដោយឥរិយាបថទាំងបួន ១

 

ព-០០-១០:អបស្សេនធម៌ ​ គឺម៌ជាទីពឹងផ្អែក ៤ យ៉ាង ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ

ទើបសេពនូវរបស់ដែលគួរសេព(14) ១ ពិចារណាហើយ អត់សង្កត់នូវហេតុដែលគួរអត់សង្កត់ (15) (ពិចារណា) ហើយ វៀរនូវរបស់ដែលគួរវៀរ(16) (ពិចារណា) ហើយ បន្ទោបង់នូវហេតុ ដែលគួរបន្ទោបង់(17) ១ ។

 

ព-០០-១០:អរិយវង្ស (18)៤ យ៉ាង ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយ ចីវរ ណានីមួយ  តែងសរសើរគុណនៃសេចក្តីសន្តោស ដោយចីវរ ណានីមួយ មិនដល់នូវការស្វែងរកដែលមិនសមគួរ ព្រោះហេតុតែចីវរ មិនអន្ទះអន្ទែង ​ព្រោះមិនបានចីវរ បានចីវរហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមាន

សេចក្តីឃើញទោសជាប្រក្រតី មានប្រាជ្ញាជាគ្រឿងរលាស់ចេញហើយបរិភោគ មិនលើកតម្កើងខ្លួនឯង  មិនបង្អាប់អ្នកដទៃ ព្រោះសេចក្តីសន្តោស ដោយចីវរណានីមួយនោះឯង មួយទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស​ មាន

សម្បជញ្ញៈ  មានសតិតាំងនៅមាំ ក្នុសេចក្តីសន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគត្រាស់ហៅថា អ្នកឋិតនៅក្នុង អរិយវង្ស ជាច្បាប់ទំលាប់ចាស់ ១ ។ ម្នាលអវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយបិណ្ឌបាត

ណានីមួយ តែងសរសើរគុណនៃសេចក្តីសន្តោស ដោយបិណ្ឌបាតណានីមួយ មិនដល់នូវការស្វែងរកដែលមិនសមគួរ ព្រោះហេតុតែបិណ្ឌបាត មិនអន្ទះអន្ទែង ​ព្រោះមិនបានបិណ្ឌបាត បានបិណ្ឌបាតហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តីឃើញទោសជាប្រក្រតី មានប្រាជ្ញាជាគ្រឿងរលាស់ចេញហើយបរិភោគ មិនលើកតម្កើងខ្លួនឯង មិនបង្អាប់អ្នកដទៃ ព្រោះសេចក្តីសន្តោស ដោយបិណ្ឌបាតណានីមួយនោះឯង ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស​ មានសម្បជញ្ញៈ មានសតិតាំងនៅមាំក្នុងសេចក្តីសន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគត្រាស់ហៅថាអ្នកឋិតនៅក្នុង អរិយវង្ស ជាច្បាប់ទំលាប់ចាស់ ១ ។ ម្នាលអវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយសេនាសនៈណានីមួយ ​តែងសរសើរគុណនៃសេចក្តីសន្តោស ដោយ សេនាសនៈណានីមួយ មិនដល់នូវការស្វែងរកដែលមិនសមគួរ ព្រោះហេតុតែសេនាសនៈ មិនអន្ទះអន្ទែង ​ព្រោះមិនបានសេនាសនៈ បានសេនាសនៈហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តីឃើញទោសជាប្រក្រតី មានប្រាជ្ញាជាគ្រឿងរលាស់ចេញហើយបរិភោគ មិនលើកតម្កើងខ្លួនឯងមិនបង្អាប់អ្នកដទៃ ព្រោះសេចក្តីសន្តោស

 ដោយសេនាសនៈណានីមួយនោះឯង មួយទៀត ភិក្ខុណាជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស​ មានសម្បជញ្ញៈ មានសតិតាំងនៅមាំក្នុងសេចក្តីសន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្សជាច្បាប់ទំលាប់ចាស់ ១ ម្នាលអវុសោទាំងឡាយ មួយវិញទៀត ភិក្ខុជាអ្នកមានការលះកិលេសទាំងពួង ជាទីត្រេកអរ ជាអ្នកត្រេកអរហើយក្នុងការលះ មានការចំរើន(19) ជាទីត្រេកអរហើយក្នុងការចំរើន មិនលើកតម្កើងខ្លួនឯង

 មិនបង្អាប់អ្នកដទៃ ព្រោះតែខ្លួនមានការលះជាទីត្រេកអរ ជាអ្នកត្រេកអរហើយក្នុងការលះ មានការចំរឿនជាទីត្រេកអរ ត្រេកអរហើយក្នុងការចំរើននេះឯង មួយវិញទៀត ភិក្ខុណាជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្លិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំក្នុងការត្រេកអរនោះ ម្នាលអវុសោទាំងឡាយ ភិក្ខុនោះឯង ព្រះមានព្រះភាគត្រាស់ហៅថា អ្នកឋិតនៅក្នុង អរិយវង្ស ជាច្បាប់ទំលាប់ចាស់ ១

 

ព-០១០-១០:ការព្យាយាមជាគ្រឿងតំកល់ ៤ ​យ៉ាង គឺការព្យាយាមក្នុងសេចក្តីសង្រួម ១ ​ការព្យាយាមក្នុងការលះ ១  ការព្យាយាមក្នុងការចំរើន ១ ការព្យាយាមក្នុងការរក្សារឿយៗ១ ។ ម្នាលអវុសោទាំងឡាយ ចុះការព្យាយាមក្នុងសេច

ក្តីសង្រួមដូចម្តេច ។ ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈានិងទោមនស្ស គប្បីជាប់តាមបុគ្គលដែល

មិនសង្រួមចក្ខុន្ទ្រិនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្ទ្រិណា ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយដល់នូវការ

សង្រួមក្នុងចក្ខុន្ទ្រិយ។  ឮសំឡេងដោយត្រចៀក ។ ធុំក្លិនដោយច្រមុះ ។ ទទួលរសដោយអណ្តាត ។ ពាល់ត្រូវសម្ផស្សដោយកាយ ។ ដឹងធម្មារម្មណ៍ដោយចិត្ត  ហើយមិនកាន់យកនូវនិមិត្ត  មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈានិងទោមនស្ស  គប្បីជាប់តាមបុគ្គលដែលមិនសង្រួមមនិន្ទ្រិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវមនិន្ទ្រិយណា ប្រតិបត្តិដើម្បីសង្រួមនូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវការសង្រួមក្នុងមនិន្ទ្រិយ  ម្នាលអវុសោទាំងឡាយ នេះព្រះមានព្រះភាគត្រាស់ហៅថា​ ការព្យាយាមក្នុងសេចក្តីសង្រួម ។ ម្នាលអវុសោទាំងឡាយ ចុះការព្យាយាមក្នុងការលះ

តើដូចម្តេច ។ ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបណ្តោយឲ្យកាមវិតក្កៈដែលកើតឡើងហើយឲ្យអាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន មិនបណ្តោយឲ្យព្យាបាទវិតក្កៈដែលកើតឡើងហើយ ។បេមិនបណ្តោយឲ្យ

វិហឹសាវិតក្កៈដែលកើតឡើងហើយ ឲ្យអាស្រ័យនៅបាន គឺលះបង់ ។បេមិនបណ្តោយឲ្យ អកុសលធម៌ទាំងឡាយដ៏អាក្រក់ ដែលកើតឡើងហើយរឿយៗ អាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគត្រាស់ហៅថា ការព្យាយាមក្នុងការលះ ។  ម្នាលអវុសោទាំងឡាយ ចុះការព្យាយាមក្នុងការចំរើនតើដូចម្តេច ។ ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវ វិវេកធម៌ អាស្រ័យនូវ វិរាគធម៌ អាស្រ័យនូវ

និរោធធម៌ ​ ជាធម៌បង្អោនទៅ ដើម្បីការលះកិលេស ។ ចំរើនធម្មវិចយសម្ពោជ្ឈង្គ  ចំរើនវិរិយសម្ពោជ្ឈង្គ ។ ចំរើនបីតិសម្ពោជ្ឈង្គ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ចំរើនសមាធិសម្ពោជ្ឈង្គ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេកធម៌ អាស្រ័យនូវវិរាគធម៌ ចំរើននូវនិរោធធម៌ ជាធម៌បង្អោនទៅ ដើម្បីការលះកិលេស   ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគត្រាស់ហៅថា ការព្យាយាមក្នុងការចំរើន ។  ម្នាលអវុសោទាំងឡាយ  ចុះការព្យាយាមក្នុងការរក្សារឿយៗតើដូចម្តេច ។ ម្នាលអវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សារឿយៗនូវសមាធិនិមិត្តដ៏ល្អ ដែលកើតឡើងហើយ គឺអដ្ធិកសញ្ញា (20) បុឡុវកសញ្ញា (21) វិនីលកសញ្ញា (22)  វិច្ឆិទ្ទកសញ្ញា ​(23) ឧទ្ធុមាតកសញ្ញា (24) ម្នាលអវុសោទាំងឡាយ  នេះព្រះមានព្រះភាគត្រាស់ហៅថា ការព្យាយាមក្នុងការរក្សារឿយៗ ។

 

ព-០១-១0:ញាណគឺសេចក្តីដឹង ៤​យ៉ាង គឺសេចក្តីដឹងក្នុងធម៌គឺមគ្គផល ១ សេចក្តីដឹងក្នុងលំនាំរបស់ញាណនោះ ១ សេចក្តីដឹងក្នុងកិរិយាកំណត់ចិត្តរបស់បុគ្គលដទៃ ១​ សេចក្តីដឹងក្នុងការសន្មតិ ១ ។ ញាណគឺសេចក្តីដឹង ៤ យ៉ាងដទៃទៀត គឺសេចក្តីដឹងក្នុងទុក្ខ ១ សេចក្តដឹងក្នុងទុក្ខសមុទយ ១ សេចក្តីដឹងក្នុងទុក្ខនិរោធ ១ សេចក្តដឹងក្នុងទុក្ខនិរោធគាមិនីបដិបទា ១​ ។

 

ព-០១២-១១:អង្គនៃសោតាបត្តិមគ្គ ៤​យ៉ាង គឺ ការសេពគប់នូវសប្បុរស ១ ការស្តាប់ធម៌របស់សប្បុរស ១   ការធ្វើទុកក្នុង

ចិត្តដោយឧបាយប្រាជ្ញា ១ សេចក្តីប្រតិបត្តិធម៌សមគួរដល់លោកុត្តរធម៌ ១ ។

 

ព-០១៣-១២:អង្គរបស់សោតាបន្នបុគ្គល ៤ យ៉ាង ម្នាលអវុសោទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ   ប្រកបដោយសេចក្តី

ជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេសហើយ ទ្រង់ត្រាស់ដឹងដោយប្រពៃចំពោះព្រះអង្គ

ឯង ទ្រង់បរិបូណ៌ដោយវិជ្ជានិងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាស្មើគ្មាន ទ្រង់ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មាន ទ្រង់ជាគ្រូរបស់ទេវតានិងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវ

អរិយសច្ចធម៌ ទ្រង់លែងមកកាន់ភពថ្មីទៀត ដោយហេតុនេះ​១   ប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិ

យត្តិធម៌ដែលព្រះមានព្រះភាគ ទ្រង់សម្តែងហើយដោយប្រពៃ  ព្រះនព្វលោកុត្តរធម៌ដែលបុគ្គលគប្បីឃើញដោយខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាម៌ដែលពួកវិញ្ញូជន

គប្បីដឹងច្បាស់ចំពោះខ្លួន ១   ប្រកបដោយ សេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះសង្ឃថា ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិ

បត្តិល្អហើយ ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិត្រង់ហើយ ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិដើម្បីព្រះនិព្វាន ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិគួរហើយ បើរាប់ជាគូនៃបុរសបាន ៤ គូ បើរាប់រៀងជាបុរសបុគ្គលបាន ៨ ពួកសាវ័ករបស់ព្រះមានព្រះភាគនេះ គួរទទួលនូវចតុបច្ច័យ ដែលគេនាំមកអំពីចម្ងាយហើយបូជា គួរទទួលនូវសក្ការៈ ដែលគេតាក់តែងដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណា (ទាន) គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ១

ប្រកបដោយសីលជាទីត្រេកអរនៃព្រះអរិយៈ គឺជាសីលមិនដាច់ មិនធ្លុះ   មិនពពាល  មិនពព្រុះ  ជាភុជិស្សសីល (មិនមែនជាខ្ញុំ

តណ្ហា) ជាសីលដែលអ្នកប្រាជ្ញសរសើរ ជាសីលមិនជ្រោកជ្រាកដោយតណ្ហានិងទិដ្ឋិ ជាសីលប្រព្រឹត្តទៅ ដើម្បីបាននូវសមាធិ ១ ។

 

ព-០១៤-១៣:សាមញ្ញផ(25)មាន ៤យ៉ាង គឺ សោតាបត្តិផល ១ សកទាគាមិផល ១ អនាគាមិផល ១ អរហត្តផល ១​ ។

 

ព-០១៥-១៤:ធាតុ ៤​យ៉ាង គឺ បឋវីធាតុ ១ អាបោធាតុ ១​ តេជោធាតុ ១ វាយោធាតុ ១ ។

 

ព-០១៦-១៥:អាហារ ៤​យ៉ាង គឺ អាហារគួរធ្វើឲ្យជាពំនូត(26) គ្រោតគ្រាតក្តី ល្អិតក្តី ១ ផស្សៈ(27)ជាអាហារទី ២ មនោសច្ចេតនា(28) ជាអាហារទី​៣ វិញ្ញាណ(29) ជាអាហារទី ៤ ។

 

ព-០១៧-១៦:វិញ្ញណដ្ធិតិ (ធម្មជាតិជាទីតាំងនៅរបស់វិញ្ញាណ)​យ៉ាង ម្នាលអវុសោទាំងឡាយ  វិញ្ញណដែលស្ថិតនៅ ក៏ស្ថិតនៅ

អាស្រ័យនឹងរូប មានរូបជាអារម្មណ៍ តាំនៅក្នុងរូប ចូលទៅអាស្រ័យនូវសេចក្តីត្រេកអរ តែងដល់នូវសេចក្តីចំរើនលូតលាស់

ធំទូលាយ ១។ ម្នាលអវុសោទាំងឡាយ វិញ្ញណអាស្រ័យវេទនា ១ ។ ម្នាលអវុសោទាំងឡាយ វិញ្ញណអាស្រ័យសញ្ញា ១   ម្នាលអវុសោទាំងឡាយ វិញ្ញណដែលស្ថិតនៅ ក៏ស្ថិតនៅអាស្រ័យនឹងសង្ខារ មានសង្ខារជាអារម្មណ៍ តាំនៅក្នុងសង្ខារ

ចូលទៅអាស្រ័យនូវសេចក្តីត្រេកអរ តែងដល់នូវសេចក្តីចំរើនលូតលាស់ធំទូលាយ ១។

 

ព-០១៨-១៧:ការលុះអគតិ ៤ យ៉ាង​គឺ បុគ្គលលុះឆន្ទាគតិ ១ លុះទោសាគតិ ១ លុះមោហាគតិ ១ លុះភយាគតិ ១​ ។

 

ព-០១៩-១៨:ការកើតឡើងនៃតណ្ហា ៤​យ៉ាង ម្នាលអវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើងព្រោះ

ហេតុតែចីវរ ១ ម្នាលអវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើងព្រោះហេតុតែបិណ្ឌបាត ១  ម្នាលអវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើងព្រោះហេតុតែសេនាសនៈ ១ ម្នាលអវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើងព្រោះហេតុតែវត្ថុថ្លៃថ្លាយ៉ាងក្រៃលែង ១(30)

 

ព-០២០-១៩:បដិបទា ៤ យ៉ាង​គឺ បដិបទា ជាទុក្ខ ហើយត្រាស់ដឹងបានដោយយឺតយូរ ១ បដិបទា ជាទុក្ខ ហើយត្រាស់ដឹង

បានដោយឆាប់រហ័ស ១ បដិបទា ជាសុខ ហើយត្រាស់ដឹងបានដោយយឺតយូរ ១ បដិបទា ជាសុខ ហើយត្រាស់ដឹងបានដោយ

ឆាប់រហ័ស ១ ។

 

ព-០២១-២០:បដិបទា ៤ យ៉ាង​ទៀត គឺ បដិបទាមិនអត់ធន់ (នឹងត្រជាក់ជាដើម) ១ បដិបទាអត់ធន់បាន ១ បដិបទាទូន្មាន (នូវឥន្ទ្រិយ) បាន១ បដិបទារម្ងាប់ (វិតក្កៈ) បាន ១​ ។

 

ព-០២២-២១:ចំណែកធម៌ ៤​ យ៉ាង គឺ សេចក្តីមិនលោភ ជាចំណែកធម៌ ១ សេចក្តីមិនព្យាបាទ ជាចំណែកធម៌ ១  ការនឹករឭក

ត្រូវជាចំណែកធម៌ ១ ការតាំងចិត្តទុក ត្រូវជាចំណែកធម៌ ១។

 

ព-០២៣-២២:ការសមាទានធម៌ ៤ យ៉ាង ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាទុក្ខក្នុងបច្ចុប្បន្នផង មានផលជាទុក្ខទៅ

ខាងមុខ(31) ផង ១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ជាទុក្ខក្នុងបច្ចុប្បន្ន តែមានផលជាសុខតទៅខាងមុខ(32) ១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាសុខក្នុងបច្ចុប្បន្ន តែមានផលជាទុក្ខតទៅខាងមុខ(33) ១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាសុខក្នុងបច្ចុប្បន្នផង មានផលជាសុខតទៅខាងមុខ(34) ផង ។

 

ព-០២៤-២៣:ធម្មខន្ធ ៤ យ៉ាង គឺ សីលក្ខន្ធ (35) ១ សមាធិក្ខន្ធ ១ បញ្ញាខន្ធ ១ វិមុត្តិក្ខន្ធ ១

 

ព-០២៥-២៤:កំឡាំង ៤​យ៉ាង គឺ កំឡាំងព្យាយាម​១ កំឡាំងសតិ ១ កំឡាំងសមាធិ ១ កំឡាំងបញ្ញា​ ១ ។

 

ព-០២៦-២៥:អធិដ្ឋាន  (36) ៤ យ៉ាង គឺ អធិដ្ឋានគឺមគ្គផលបញ្ញា ១ អធិដ្ឋានគឺវចីសច្ចៈ ១ អធិដ្ឋានគឺ ការលះបង់នូវអាមិសៈ ១ អធិដ្ឋានគឺការរម្ងាប់នូវកិលេស ១ ។

 

ព-០២៧-២៦:បញ្ហាព្យាករណ៍ (ការឆ្លើយប្រស្នា)៤ យ៉ាង គឺ ប្រស្នាដែលគួរឆ្លើយទៅតែម្តង ១ ប្រស្នាដែលគួរសួរតបទៅវិញ ហើយទើបឆ្លើយ ១ ​ ប្រស្នាដែលគួរឆ្លើយ ចែករំលែកឲ្យពិស្តារ​១ ប្រស្នាដែលគួរបញ្ឈប់ទុក ១​ ។

 

ព-០២៨-២៧:កម្ម ៤ យ៉ាង ម្នាលអវុសោទាំងឡាយ កម្មខ្មៅ(37)ឲ្យផលខ្មៅក៏មាន ១ ម្នាលអវុសោទាំងឡាយ កម្មស(38)ឲ្យផលស ក៏មាន ១  ម្នាលអវុសោទាំងឡាយ កម្មទាំងខ្មៅទាំងស ឲ្យផលទាំងខ្មៅទាំងស (39)ក៏មាន​១ ម្នាលអវុសោទាំងឡាយ កម្មមិនខ្មៅ

មិនស(40) ឲ្យផលទាំងមិនខ្មៅមិនស តែងប្រព្រឹត្តទៅដើម្បីអស់កម្ម ១។

 

ព-០២៩-២៨:ធម៌ដែលបុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ ៤​យ៉ាង គឺ បុព្វេនិវាស (ដែលខ្លួនអាស្រ័យនៅក្នុងកាលមុន) ត្រូវធ្វើឲ្យ

ជាក់ច្បាស់ដោយសតិ ១ ចុតូបបាត (ចុតិនិងបដិសន្ធិ) របស់សត្វទាំងឡាយត្រូវធ្វើឲ្យជាក់ច្បាស់ដោយទិព្វចក្ខុ ១ ​ វិមោក្ខ ៨ ប្រការ ត្រូវធ្វើឲ្យជាក់ច្បាស់ដោយនាមកាយ ១​ ធម៌ជាគ្រឿងអស់នូវនៃអាសវៈទាំងឡាយ ត្រូវធ្វើឲ្យជាក់ច្បាស់ដោយអរហត្តផលបញ្ញា ១ ។

 

ព-០៣០-២៩:ឱឃៈ (ធម៌ជាគ្រឿងពន្លិចសត្វ) យ៉ាង គឺ កាមោឃៈ (41) ១​​ ភវោឃៈ(42) ១ ទិដ្ធោឃៈ (43)១ អវិជ្ជោឃៈ (44) ១ ។

 

ព-០១-៣០:យោគៈ (ធម៌ជាគ្រឿងប្រកបសត្វក្នុងវដ្តៈ) ៤​យ៉ាង គឺ កាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១ ។

 

ព-០៣២-៣១:វិសំយោគៈ(ធម៌ជាគ្រឿងដោះសត្វ) ៤​យ៉ាង គឺ ធម៌ជាគ្រឿងដោះសត្វចាកកាមយោគៈ(45) ១ ធម៌ជាគ្រឿងដោះ

សត្វចាកភវយោគៈ(46)  ធម៌ជាគ្រឿងដោះសត្វចាកទិដ្ឋិយោគៈ(47) ១ ធម៌ជាគ្រឿងដោះសត្វចាកអវិជ្ជាយោគៈ(48) ១។

 

ព-០៣៣-៣២:ធម៌ជាគ្រឿងចងព័ទ្ធ ៤ យ៉ាង អភិជ្ឈាជាគ្រឿងចងព័ទ្ធ កាយ (49) ១ ព្យាបាទជាគ្រឿងចងព័ទ្ធ កាយ ១ សេចក្តីប្រកាន់ខុសដោយសីលនិងវ័តជាគ្រឿងចងព័ទ្ធ កាយ ១ សេចក្តីប្រកាន់មាំថា ពាក្យនេះជាពាក្យពិត ពាក្យដទៃជាពាក្យទទេ ជាគ្រឿងចងព័ទ្ធ កាយ ១ ។

 

ព-០៣៤-៣៣:ធម្មជាតជាគ្រឿងប្រកាន់ ៤ យ៉ាង​គឺ កាមជាគ្រឿងប្រកាន់មាំ ១ មិច្ឆាទិដ្ឋិជាគ្រឿងប្រកាន់មាំ ១ ការប្រកាន់មាំដោយសីលព្វត១​  ការប្រកាន់មាំដោយពោលថាខ្លួន ១​ ។

 

ព-០៣៥-៣៤:កំណើត ៤ យ៉ាង គឺ កំណើតរបស់សត្វដែលកើតក្នុងស៊ុត ១​  កំណើតរបស់សត្វដែលកើតក្នុងទឹក​១ កំណើតរបស់សត្វដែលកើតក្នុងទីស្មោកគ្រោក ១ (50)   កំណើតរបស់សត្វដែលអណ្តែតទៅកើតភ្លាម ១ ។

 

ព-០៣៦-៣៥:ការចុះកាន់គភ៌ (របស់សត្វ) ៤ យ៉ាង ម្នាលអវុសោទាំងឡាយ សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតាក៏

មិនដឹងខ្លួន ​​ ឋិតក្នុងផ្ទៃមាតាក៏មិនដិងខ្លួន  សម្រាលចាកផ្ទៃមាតាក៏មិនដឹងខ្លួនទៀត នេះជាការចុះកាន់គភ៌ទី ១​(51) ។ ម្នាលអវុសោទាំងឡាយ មួយទៀតពួកសត្វខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតាដឹងខ្លួន  តែនៅក្នុងផ្ទៃមាតាមិនដឹងខ្លួន សម្រាលចាកផ្ទៃមាតាក៏មិនដឹងខ្លួនដែរ នេះជាការចុះកាន់ផ្ទៃមាតា(52)ទី២ ។ ម្នាលអវុសោទាំងឡាយ មួយទៀត

ពួកសត្វខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតាដឹងខ្លួន នៅក្នុងផ្ទៃមាតាក៏ដឹងខ្លួន តែសម្រាលចាកផ្ទៃមាតាមិនដឹងខ្លួន នេះជាការចុះកាន់ផ្ទៃមាតា(53)ទី៣ ។ ម្នាលអវុសោទាំងឡាយ មួយទៀតពួកសត្វខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតាក៏ដឹងខ្លួន នៅក្នុងផ្ទៃមាតាក៏ដឹងខ្លួន តែសម្រាលចាកផ្ទៃមាតាក៏ដឹងខ្លួនទៀត នេះជាការចុះកាន់ផ្ទៃមាតា(54)ទី៤ ។

 

ព-០៣៧-៣៦:ការបាននូវអត្តភាព​មាន ៤ យ៉ាង ម្នាលអវុសោទាំងឡាយ ចេតនារបស់ខ្លួន រមែងធ្វើខ្លួនឲ្យស្លាប់ ​ ចេតនា

របស់អ្នកដទៃពុំបានធ្វើឲ្យស្លាប់ឡើយ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន(55) ១ ។ ម្នាលអវុសោទាំងឡាយ ចេតនារបស់អ្នកដទៃ រមែងធ្វើខ្លួនឲ្យស្លាប់ ​ ចេតនារបស់របស់ខ្លួនមិនបានធ្វើឲ្យស្លាប់ឡើយ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន ១ ។ ម្នាលអវុសោទាំងឡាយ ចេតនារបស់ខ្លួនរមែងធ្វើខ្លួនឲ្យ

ស្លាប់ ​ ទាំងចេតនារបស់អ្នកដទៃ ក៏រមែងធ្វើឲ្យស្លាប់ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន(56) ១ ។ ម្នាលអវុសោទាំងឡាយ ចេតនារបស់ខ្លួន ក៏មិនធ្វើឲ្យស្លាប់ ​ ចេតនារបស់អ្នកដទៃ ក៏មិនធ្វើឲ្យស្លាប់ដែរ ក្នុងការបាននូវ

អត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន(57) ១ ។

 

ព-០៣៨-៣៧:សេចក្តីបរិសុទ្ធរបស់ទក្ខិណា (58)មាន ៤​យ៉ាង ម្នាលអវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីទាយក (អ្នកឲ្យ) មិនបរិសុទ្ធអំពីបដិគ្គាហក (អ្នកទទួល) ១ ។ ម្នាលអវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីបដិគ្គាហក មិនបរិសុទ្ធអំពីទាយក ១ ។ ម្នាលអវុសោទាំងឡាយ ទក្ខិណាមិនបរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហក ១ ។ ម្នាលអវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធ

អំពីទាយកផង អំពីបដិគ្គាហកផង ១ ។

 

ព-០៣៩-៣៨:សង្គហវត្ថុ(59)មាន ៤ យ៉ាង គឺ ការឲ្យ ១    ការចរចារពាក្យជាទីស្រឡាញ់ ១    ការប្រព្រឹត្តឲ្យជាប្រយោជន៍ ១ ភាវៈជាបុគ្គលមានខ្លួនស្មោះស្មើ (60)១ ។

 

ព-០៤០-៣៩:វោហារមិនមែនជារបស់ព្រះអារិយៈ មាន ៤ យ៉ាង គឺ ពាក្យកុហក ១ សំដីញុះញង់ ១ សំដីទ្រគោះ ១ សំដីរោយរាយឥតប្រយោជន៍ ១ ។

 

ព-០៤១-៤០:វោហារជារបស់ព្រះអារិយៈ មាន ៤​ យ៉ាង គឺ ការវៀរចាកពាក្យកុហក ១  ការវៀចាកសំដីញុះញង់ ១ ការវៀរចាកសំដីទ្រគោះ ១     ការវៀរចាកសំដីរោយរាយ ឥតប្រយោជន៍ ១ ។

 

ព-០៤២-៤១:វោហារមិនមែនជារបស់ព្រះអារិយៈ មាន ៤ យ៉ាង ដទៃទៀត គឺ មិនឃើញ ថា ឃើញ ១ មិនឮ ថា ឮ ១   មិនប៉ះពាល់(61) ថា ប៉ះពាល់ ១ មិនដឹងច្បាស់ ថាដឹងច្បាស់ ១ ។

 

ព-០៤៣-៤២:វោហារជារបស់ព្រះអរិយៈ មាន ៤ យ៉ាងដទៃទៀតគឺ មិនឃើញ ថាមិនឃើញ ១   មិនឮ ថាមិនឮ ១    មិនប៉ះពាល់ ថាមិនប៉ះពាល់ ១    មិនដឹងច្បាស់ ថាមិនដឹងច្បាស់ ១ ។ 

 

ព-០៤៤-៤៣:វោហារមិនមែនជារបស់ព្រះអរិយៈ មាន ៤ យ៉ាង ដទៃទៀត គឺ ឃើញ ថា មិនឃើញ  ឮ ថាមិនឮ ១   បានប៉ះពាល់ ថាមិនប៉ះពាល់ ១     ដឹងច្បាស់ ថាមិនដឹងច្បាស់​ ១​ ។

 

ព-០៤៥-៤៤:វោហារជារបស់ព្រះអរិយៈ មាន ៤ យ៉ាង ដទៃទៀត គឺ ឃើញ ថា ឃើញ ១    ឮ ថាឮ ១    បានប៉ះពាល់ ថាប៉ះពាល់ ១ ដឹងច្បាស់ ថាដឹងច្បាស់​ ១​ ។

 

ព-០៤៦-៤៥:បុគ្គលមាន ៤ ពួក ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើខ្លួនឲ្យក្តៅ ប្រកបព្យាយាម ដើម្បីធ្វើខ្លួនឲ្យក្តៅ ១ ។ ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើបុគ្គលដទៃឲ្យក្តៅ ប្រកបព្យាយាម ដើម្បីធ្វើបុគ្គលដទៃឲ្យក្តៅ ១ ។ ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើខ្លួនឲ្យក្តៅ ប្រកបព្យាយាម ដើម្បីធ្វើខ្លួនឲ្យក្តៅផង ធ្វើបុគ្គលដទៃឲ្យក្តៅ ប្រកបព្យាយាម ដើម្បីធ្វើបុគ្គលដទៃឲ្យក្តៅផង ១ ។ ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនធ្វើខ្លួនឲ្យក្តៅ មិនប្រកបព្យាយាម ដើម្បីធ្វើខ្លួនឲ្យក្តៅ មិនធ្វើបុគ្គលដទៃឲ្យក្តៅ មិនប្រកបព្យាយាម ដើម្បីធ្វើបុគ្គលដទៃឲ្យក្តៅ បុគ្គលនោះឈ្មោះថាមិនធ្វើខ្លួនឲ្យក្តៅ មិនធ្វើបុគ្គលដទៃឲ្យក្តៅ ជាអ្នកលែងមានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានសេចក្តីត្រជាក់កើតហើយ ទទួលនូវសេចក្តីសុខ មានខ្លួនដូចជាព្រហ្មនៅក្នុងបច្ចុប្បន្ននេះ ១។

 

ព-០៤៧-៤៦:បុគ្គលមាន ៤ ពួកដទៃទៀត ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ ១ ។ ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ មិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ១ ។ ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ ។  ម្នាលអវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ  ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃ ផង ១ ។

 

ព-០៤៨-៤៧:បុគ្គលមាន ៤ ពួកដទៃទៀត គឺ បុគ្គលងងឹត មានងងឹតប្រព្រឹត្តទៅខាងមុខទៀត(62) ១ បុគ្គលងងឹត តែមានពន្លឺ

ប្រព្រឹត្តទៅខាងមុខ(63) ១ បុគ្គលមានពន្លឺ តែ មានងងឹតប្រព្រឹត្តទៅខាងមុខ(64) ១ បុគ្គលមានពន្លឺ មានពន្លឺប្រព្រឹត្តទៅខាងមុខទៀត(65) ១។

 

ព-០៤៩-៤៨:បុគ្គលមាន ៤​ពួកដទៃទៀត គឺ សមណៈមិនកម្រើក(66) ១ សមណៈដូចផ្កាឈូកក្រហម(67) ១ សមណៈដូច

ផ្កាឈូកស(68) ១ សមណៈជាអ្នកទន់ល្អិតល្អក្នុងពួកសមណៈ(69) ១។ ម្នាលអវុសោទាំងឡាយ ពួកធម៌បួនៗនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សម្តែងហើយដោយប្រពៃ  យើងទាំងអស់គ្នាគួរសង្គាយនា ក្នុងធម៌នោះ ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដល់ទេវតានិងមនុស្សទាំងឡាយ ។

 

 

ចប់ ពួកធម៌ បួនៗ ដែលរាប់ចូលក្នុងការសង្គាយនា

1 សំដៅយកកាយ ឬ ឧបាទានក្ខន្ធទាំង ៥ ។

2សេចក្តីប្រាថ្នា ឬ ថាសេចក្តីពេញចិត្តក្នុងកុសលធម៌ ។ 

3ធម៌ជាជើងនៃឬទ្ធ ឬថា ជាទីតាំងនៃឬទ្ធ

4សមាធិមានធន្ទៈជាហេតុ  ឬថា​ សមាធិអាស្រ័យនូវឆន្ទៈ

5បានដល់សម្មប្បធានទាំង ៤​

6ការធ្វើសមាធិឲ្យដុះដាលឡើង

7បានដល់មគ្គញ្ញាណ ផលញ្ញាណ សព្វញ្ញុតញ្ញាណ បច្ចវេក្ខណញ្ញាណ និង វិបស្សនាញាណ ។

8សេចក្តីសំគាល់ក្នុងពន្លឺ

9 សេចក្តីសំគាល់ថាថ្ងៃ

10 សំដៅយកទិសតូចទាំង ៤ គឺទិសអាគ្នេយ៍ ឦសាន និរតី ពាយព្យ ។

11 ប្រែថាសេចក្តីសំគាល់ក្នុងរូប ។ ឯរូបក្នុងទីនេះសំដៅយករូបបាវចរជ្ឈានផង អារម្មណ៍របស់រូបបាវចរជ្ឈានផង។

12ប្រែថាសេចក្តីសំគាល់កើតឡើងដោយការប៉ះពាល់​ ​គឺចក្ខុប៉ះពាល់និងរូបជាដើម ។

13 គឺសញ្ញាផ្សេងៗគ្នា មាន ៤៤ គឺកាមាវចរកុសលសញ្ញា ៨ អកុសលសញ្ញា ១២ កាមាវចរកុសលវិបាកសញ្ញា១១ អកុសលវិបាកសញ្ញា ២ កាមាវចរកិរិយសញ្ញា ១១ ។

14ការប្រើប្រាសបច្ច័យមានចីវរជាដើម ។

15ការអត់ទ្រាំនូវហេតុ មានត្រជាក់និងក្តៅជាដើម ។

16ការចៀសវាងនូវសត្វកាចមានដំរីជាដើម ។

17ការបន្ទោបង់នូវអកុសលធម៌មានកាមវិតក្កជាដើម

18ប្រវេណីនៃព្រះអរិយបុគ្គលមានព្រះពុទ្ធជាដើម

19ចំរើនគុណធម៌ មាននេក្ខម្មជាដើម មានអរហត្ថមគ្គជាទីបំផុត ។

20សេចក្តីសំគាល់ក្នុងអដ្ធិកអសុភ គឺអសុភដែលនៅតែរាងឆ្អឹង

21សេចក្តីសំគាល់បុឡុវកអសុភ គឺអសុភដែលមានដង្កូវចុះ

22សេចក្តីសំគាល់ក្នុវិនីលកអសុភ គឺអសុភដែលមានសម្បុរខៀវ

23សេចក្តីសំគាល់ក្នុងវិច្ឆិទ្ទកអសុភ ​គឺអសុភដែលដាច់ពាក់កណ្ទាលខ្លួន

24សេចក្តីសំគាល់ក្នុងឧទ្ធុមាតកអសុភ គឺអសុភដែលហើមប៉ោង។

25 ផលនៃសមធម៌ ឬ ផលផ្នួស

26បានដល់បាយនិងនំជាដើម តែងនាំមកនូវ ឧជដ្ឋមករូប

27បានដល់ផស្សៈទាំង ៦​មាន ចក្ខុម្ផស្សជាដើម តែងនាំមកនូវ វេទនាទាំង ៣

28 បានដល់កុសលាកុសលចេតនា ដែលអាស្រ័យនឹងចិត្ត ចេតនានោះចែកទៅជា ៣ គឺបុញ្ញាភិសង្ខារ ១   អបុញ្ញាភិសង្ខារ​១  អនេញ្ជាភិសង្ខារ ១ តែងនាំមកនូវបដិសន្ធិក្នុងភពទាំង ៣​​​

29បានដល់នូវវិញ្ញាណក្ខន្ធ គឺចិត្តតែងនាំមកនូវនាមរូប ក្នុងខណៈនៃបដិសន្ធិ

30បានដល់គិលាននភេសជ្ជបច្ច័យ មានប្រេង ទឹកឃ្មុំ ទឹកអំពៅជាដើម

31បានដល់សេចក្តីប្រតិបត្តិរបស់ពួកអចេល

32ការប្រព្រឹត្តព្រហ្មចរិយធម៌ដ៏បរិសុទ្ធរបស់បុគ្គលដែលមានកិលេសក្រាស់ មិនអាចនឹងឈោងចាប់យកព្រះអរហត្តបាន ហើយក៏ស្រែកយំ មានមុខទទឹកដោយទទឹកភ្នែក

33 ការប្រព្រឹត្តធម៌ របស់បុគ្គលដែលមានចិត្តធ្លាក់ចុះទៅក្នុងកាម

34សាសនព្រហ្មចរិយរបស់បុគ្គលខ្លះ បើទុកជាមិនបាននូវបច្ច័យទាំង ៤ ក៏គង់នៅប្រកបដោយសេចក្តីសុខ ដោយអំណាចឈាននិងវិបស្សនា ។

35ខន្ធក្នុងទីនេះ ប្រែថា គុណសីលក្ខន្ធ ប្រែថា គុណ គឺ សីល ។

36ធម្មជាតជាទីតាំងនៃបុរសមានគុណដ៏ក្រៃលែង

37បានដល់អកុសលកម្មបថ ១០ ឲ្យផលខ្មៅ គឺឲ្យទៅកើតក្នុងអបាយ

38បានដល់កុសលកម្មបថ ១០ ឲ្យផលស គឺឲ្យទៅកើតក្នុងសួគ៌

39គឺអកុសលនិងកុសលច្រឡំលាយគ្នា ឲ្យផលទាំងខ្មៅទាំងស គឺដូចសត្វខ្លះទៅកើតជាសត្វដំរី ដោយអកុសល  បានមកជាដំរីជាមង្គលគេឲ្យនៅជាសុខដោយកុសល

 ​សត្វខ្លះទៅកើតក្នុងរាជត្រកូលដោយកុសល តែត្រឡប់បានសេចក្តីទុក្ខវិញដោយអកុសល ។

40បានដល់មគ្គញ្ញាណ ទាំង​៤ ។

41រាគៈប្រកបដោយកាមគុណទាំង ៥​ហៅថា ការមោឃៈ

42 ឆន្ទរាគប្រព្រឹត្តទៅក្នុងរូបភព ​និង អរូបភព ហៅថា ភវោឃៈ ។ ១​ទៀតថាសេចក្តីអាល័យក្នុងឈានក្តី រាគប្រកបដោយសស្សតទិដ្ឋិក្តី ហៅថា ភវោឃៈដែរ​

43ទិដ្ឋិ ៦២ ហៅថា ទិដ្ឋោឃៈ

44សេចក្តីមិនដឹងក្នុងអរិយសច្ច ៤ ហៅថា អវិជ្ជោឃៈ

45សំដៅយក អសុភជ្ឈាន ឬ អនាគាមិមគ្គ

46អរហត្តមគ្គ

47សោតាបត្តិមគ្គ

48អរហត្តមគ្គ (អត្ថកថា)

49សំដៅយកនាមកាយ និង រូបកាយ

50កំណើតរបស់សត្វដែលកើតលើទីដេកឬទីស្មោកគ្រោកមានត្រីស្អុយជាដើម

51បានដល់លោកិយមនុស្សជាប្រក្រតី

52បានដល់អសីតិមហាសាវ័ក

53បានដល់អគ្គសាវ័កទាំងពីរ និង ព្រះបច្ចេកពោធិសត្វ

54បានដល់ព្រះសព្វញ្ញុពោធិសត្វ

55បានដល់កំណើត ខិឌា?ទោសិកទេវតា ជាទេវតាវិនាសខ្លួនដោយល្បែងហៅថា ស្លាប់ដោយចេតនារបស់ខ្លួន   មិនស្លាប់ដោយចេតនារបស់អ្នកដទៃ ។

56បានដល់កំណើតមនោបទោសិកទេវតា ជាទេវតាវិនាសដោយចិត្តរបស់ខ្លួនឯង

57បានដល់កំណើតទាំងឡាយ មានចាតុម្មហារាជិកទេវតាជាដើម ជាទេវតាមិនស្លាប់ដោយចេតនារបស់ខ្លួន និងចេតនារបស់បុគ្គលដទៃ។

58ជាឈ្មោះរបស់ទាន (អដ្ឋកថា)

59ហេតុនៃការសង្គ្រោះ

60ការរួមសុខរួមទុក្ខជាមួយគ្នា មានអង្គុយលើអាសនៈជាមួយគ្នា ដេកលើគ្រែជាមួយគ្នា និងបរិភោគជាមួយគ្នាជាដើម

61សំដៅយកការហិតក្លិនដោយច្រមុះ លិទ្ធជញ្ជាប់ដោយអណ្តាត ពាល់ត្រូវសម្ផស្សដោយកាយ

62បុគ្គលកើតក្នុងត្រកូលថោកទាប ហើយប្រព្រឹត្តទុច្ចរិតទៀត ។

63បុគ្គលកើតក្នុងត្រកូលថោកទាប តែប្រព្រឹត្តសុចរិត

64បុគ្គលកើតក្នុងត្រកូលខ្ពង់ខ្ពស់ តែប្រព្រឹត្តទុច្ចរិត

65បុគ្គលកើតក្នុងត្រកូលខ្ពង់ខ្ពស់ ហើយប្រព្រឹត្តសុចរិត ។

66សោតាបន្នសមណៈ

67សកទាគាមិសមណៈ

68អនាគាមិនសមណៈ

69អរហន្តសមណៈ