ពួកធម៌បីៗ ដែលរាប់ក្នុងការសង្គាយនា
(៩៩) ម្នាលអាវុសោទាំងឡាយ មានពួកធម៌បី ៗ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយដោយប្រពៃ គួរតែយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។ ពួកធម៌បី ៗ តើអ្វីខ្លះ ។
(៩៩) -០១: ពួកធម៌បី ៗ គឺ ឫសអកុសល ៣យ៉ាង គឺ លោភៈជាឫសនៃអកុសល ១ ទោសៈជាឫសនៃអកុសល ១ មោហៈជាឫសនៃអកុសល ១ ។
(៩៩) -០២: ឫសកុសលបីយ៉ាង គឺ អលោភៈជាឫសនៃកុសល ១ អទោសៈជាឫសនៃកុសល ១ អមោហៈជាឫសនៃកុសល ១ ។
(៩៩) -០៣:ទុច្ចរិត ៣ យ៉ាង គឺ ទុច្ចរិតដោយកាយ១ ទុច្ចរិតដោយវាចា ១ ទុច្ចរិតដោយចិត្ត ១ ។
(៩៩) -០៤: សុចរិត ៣ យ៉ាង គឺ សុចរិតដោយកាយ១ សុចរិតដោយវាចា១ សុចរិតដោយចិត្ត១ ។
(៩៩) -០៥: សេចក្តីត្រិះរិះ ជាអកុសល ៣យ៉ាង គឺ សេចក្តីត្រិះរិះប្រកបដោយកាម ១ សេចក្តីត្រិះរិះប្រកបដោយព្យាបាទ ១ សេចក្តីត្រិះរិះប្រកបដោយការបៀតបៀន ១ ។
(៩៩) -០៦: សេចក្តីត្រិះរិះ ជាកុសល ៣យ៉ាង គឺ សេចក្តីត្រិះរិះប្រកបដោយការចេញចាកកាម ១ សេចក្តីត្រិះរិះប្រកបដោយការមិនព្យាបាទ ១ សេចក្តីត្រិះរិះប្រកបដោយការមិនបៀតបៀន ១ ។
(៩៩) -០៧: ម្រិះ ជាអកុសល ៣យ៉ាង គឺ តម្រិះ ប្រកបដោយកាម ១ តម្រិះប្រកបដោយព្យាបាទ ១ តម្រិះប្រកបដោយការបៀតបៀន ១ ។
(៩៩) -០៨: តម្រិះ ជាកុសល ៣យ៉ាង គឺ តម្រិះប្រកបដោយការចេញចាកកាម ១ តម្រិះប្រកបដោយការមិនព្យាបាទ ១
តម្រិះប្រកបដោយការមិនបៀតបៀន ១ ។
(៩៩) -០៩: សេចក្តីសំគាល់ ជាអកុសល ៣យ៉ាង គឺ សេចក្តីសំគាល់ប្រកបដោយកាម ១ សេចក្តីសំគាល់ប្រកបដោយព្យាបាទ ១ សេចក្តីសំគាល់ប្រកបដោយការបៀតបៀន ១ ។
(៩៩) -១០: សេចក្តីសំគាល់ ជាកុសល ៣យ៉ាង គឺ សេចក្តីសំគាល់ប្រកបដោយការចេញចាកកាម ១ សេចក្តីសំគាល់ ប្រកបដោយការមិនព្យាបាទ ១ សេចក្តីសំគាល់ប្រកបដោយការមិនបៀតបៀន ១ ។
(៩៩) -១១: ធាតុ ជាអកុសល ៣យ៉ាង គឺ ធាតុប្រកបដោយកាម (1)១ ធាតុប្រកបដោយព្យាបាទ ១ ធាតុប្រកបដោយការបៀតបៀន ១ ។
(៩៩) -១២: ធាតុ ជាកុសល ៣យ៉ាង គឺ ធាតុប្រកបដោយការចេញចាកកាម(2) ១ ធាតុប្រកបដោយការមិនព្យាបាទ ១
ធាតុប្រកបដោយការមិនបៀតបៀន ១ ។
(៩៩) -១៣: ធាតុ ៣យ៉ាង ដទៃទៀត គឺ ធាតុប្រកបដោយកាម(3)១ ធាតុប្រកបដោយរូប ១ ធាតុប្រកបដោយអរូប ១ ។
(៩៩) -១៤: ធាតុ ៣យ៉ាង ដទៃទៀត គឺ ធាតុប្រកបដោយរូប១ ធាតុប្រកបដោយអរូប ១ ធាតុប្រកបដោយសេចក្តីរលត់ គឺព្រះនិព្វាន ១ ។
(៩៩) -១៥: ធាតុ៣យ៉ាង ដទៃទៀត គឺ ធាតុយ៉ាងទាប(4)១ ធាតុយ៉ាងកណ្តាល(5) ១ ធាតុយ៉ាងឧត្តម(6) ១ ។
(៩៩) -១៦: តណ្ហា ៣ យ៉ាង គឺ កាមតណ្ហា (7)១ ភវតណ្ហា(8) ១ វិភវតណ្ហា(9) ១ ។
(៩៩) -១៧: តណ្ហា ៣ យ៉ាង ដ៏ទៃទៀត គឺ កាមតណ្ហា ១ រូបតណ្ហា(10) ១ អរូបតណ្ហា(11) ១ ។
(៩៩) -១៨: តណ្ហា ៣ យ៉ាង ដទៃទៀត គឺ រូបតណ្ហា ១ អរូបតណ្ហា ១ និរោធតណ្ហា (12)១។
(៩៩) -១៩: សញ្ញោជនៈ ៣យ៉ាង គឺ សក្កាយទិដ្ឋិ(13) ១ វិចិកិច្ឆា(14) ១ សីលព្វតបរាមាស(15) ១ ។
(៩៩) -២០: អាសវៈ ៣យ៉ាង គឺ កាមាសវៈ (16) ១ ភវាសវៈ (17)១ អវិជ្ជាសវៈ(18) ១ ។
(៩៩) -២១: ភព ៣ គឺ កាមភព(19) ១ រូបភព (20) ១ អរូបភព (21) ១ ។
(៩៩) -២២: ការស្វែងរក ៣យ៉ាង គឺ ស្វែងរកកាម ១ ស្វែងរកភព ១ ស្វែងរកព្រហ្មចរិយធម៌(22) ១ ។
(៩៩) -២៣:មានៈ ៣ យ៉ាង គឺ មានៈថាអាត្មាអញប្រសើរជាងគេ ១ មានៈថាអាត្មាអញស្មើនឹងគេ ១ មានៈថាអាត្មាអញអន់ជាងគេ ១ ។
(៩៩) -២៤:កាល ៣ យ៉ាង គឺអតីតកាល ១ អនាគតកាល ១ បច្ចុប្បន្នកាល ១ ។
(៩៩) -២៥: អន្តៈ គឺចំណែក ៣ យ៉ាង គឺ សក្កាយ(23)ជាចំណែក ១ ធម៌ជាគ្រឿងកើត(24)នៃសក្កាយជាចំណែក ១ ធម៌ជាគ្រឿងរលត់(25)នៃសក្កាយជាចំណែក ១ ។
(៩៩) -២៦:វេទនា ៣ យ៉ាង គឺ សុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។
(៩៩) -២៧:សេចក្តីលំបាក ៣ យ៉ាង គឺ លំបាកព្រោះសេចក្តីទុក្ខ(26) ១ សំបាកព្រោះសង្ខារ (27)១ លំបាកព្រោះសេចក្តីប្រែប្រួល (28)១ ។
(៩៩) -២៨:គំនរ ៣យ៉ាង គឺ សភាវខុសដ៏ទៀងទាត់ (29) ជាគំនរ ១ សភាវត្រូវដ៏ទៀងទាត់ (30) ជាគំនរ ១ សភាវមិនទៀងទាត់ (31) ជាគំនរ ១ ។
(៩៩) -២៩:សេចក្តីសង្ស័យ ៣ យ៉ាង គឺ បុគ្គលរមែងសង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះព្រោះប្រារព្ធនូវអតីតកាល ១ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះព្រោះប្រារព្ធនូវអនាគតកាល ១ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះព្រោះប្រារព្ធនូវបច្ចុប្បន្នកាល ១ ។
(៩៩) -៣០:អំពើដែលព្រះតថាគត មិនចាំបាច់រក្សា ឬ រវាំងមាន ៣ យ៉ាង គឺ ម្នាលអាវុសោទាំងឡាយ ព្រះតថាគតមាន កាយសមាចារបរិសុទ្ធ ព្រះតថាគតគប្បីរក្សានូវកាយទុច្ចរិតណាថា អ្នកដទៃកុំបីដឹងនូវ កាយទុច្ចរិតរបស់អញនេះ កាយទុច្ចរិតនោះមិនមានដល់ព្រះតថាគតឡើយ ១ ម្នាលអាវុសោទាំងឡាយ ព្រះតថាគតមាន វចីសមាចារបរិសុទ្ធ ព្រះតថាគតគប្បីរក្សានូវវចីទុច្ចរិតណាថា អ្នកដទៃកុំបីដឹងនូវវចីទុច្ចរិតរបស់អញនេះ វចីទុច្ចរិតនោះមិនមានដល់ព្រះតថាគតឡើយ ១ ម្នាលអាវុសោទាំងឡាយ ព្រះតថាគតមានមនោសមាចារបរិសុទ្ធ ព្រះតថាគតគប្បីរក្សានូវមនោទុច្ចរិតណាថា អ្នកដទៃកុំបីដឹងនូវមនោទុច្ចរិតរបស់អញនេះ មនោទុច្ចរិតនោះមិនមានដល់ព្រះតថាគតឡើយ ១ ។
(៩៩) -៣១:កង្វល់ ៣ យ៉ាង គឺរាគៈ ជាកង្វល់ ១ ទោសៈជាកង្វល់ ១ មោហៈជាកង្វល់ ១ ។
(៩៩) -៣២:ភ្លើង ៣ យ៉ាង ភ្លើងគឺរាគៈ ១ ភ្លើងគឺទោសៈ ១ ភ្លើងគឺមោហៈ ១ ។
(៩៩) -៣៣:ភ្លើង ៣ យ៉ាងដទៃទៀត ភ្លើងគឺអាហុនេយ្យបុគ្គល ១ ភ្លើងគឺទក្ខិណេយ្យបុគ្គល ១ ភ្លើងគឺគហបតី ១ ។
(៩៩) -៣៤: ការរាប់នូវរូបដោយចំណែក៣ គឺ រូបប្រកបដោយការឃើញផង ប្រកបដោយការប៉ះពាល់(32)ផង ១ រូបមិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ (33) ១ រូបមិនប្រកបដោយការឃើញផង មិនប្រកបដោយការប៉ះពាល់ (34)ផង ១ ។
(៩៩) -៣៥:សង្ខារ ៣ យ៉ាង គឺ បុញ្ញាភិសង្ខារ (35)១ អបុញ្ញាភិសង្ខារ (36) ១ អានេញ្ជាភិសង្ខារ(37) ១ ។
(៩៩) -៣៦:បុគ្គល ៣ ពួក គឺបុគ្គលជា សេក្ខៈ (38) ១ បុគ្គលជាអសេក្ខៈ(39) ១ បុគ្គលមិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ(40) ១ ។
(៩៩) -៣៧:ភិក្ខុចាស់មាន ៣ ពួក គឺ ចាស់ដោយជាតិ ១ ចាស់ដោយធម៌១ ចាស់ដោយសន្មតិ ១ ។
(៩៩) -៣៨:បុញ្ញកិរិយាវត្ថុ ៣ យ៉ាង គឺ បុញ្ញកិរិយាវត្ថុសម្រេចដោយទាន ១ បុញ្ញកិរិយាវត្ថុសម្រេចដោយសីល ១ បុញ្ញកិរិយាវត្ថុសម្រេចដោយភាវនា ១ ។
(៩៩) -៣៩:ហេតុនៃការចោទ ៣ យ៉ាង គឺ ដោយឃើញ (41) ១ ដោយឮ (42) ១ ដោយរង្កៀស (43) ១ ។
(៩៩) -៤០: ការសេពកាម ៣យ៉ាង ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាមតាំងឡើង ពួកសត្វទាំងនោះ
ធ្វើអំណាចឲ្យប្រព្រឹត្តទៅក្នុងកាមទាំងឡាយដែលតាំងឡើង ដូចជាមនុស្សទាំងអស់ និងទេវតាពួក(44)ខ្លះ និងវិនិបាតិក(45)ពួកខ្លះ នេះជាការសេពកាមទី ១ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាមដែលខ្លួននិម្មិតហើយ ពួកសត្វទាំងនោះ លុះនិមិ្មតហើយ ៗ ក៏ធ្វើអំណាចឲ្យប្រព្រឹត្តទៅក្នុងកាមទាំងឡាយ ដូចជាពួកទេវតា ក្នុងជាន់និម្មានរតី នេះជាការសេពកាមទី២ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាមដែលទេវតាដទៃនិម្មិតឲ្យ ពួកសត្វទាំងនោះ ធ្វើអំណាចឲ្យប្រព្រឹត្តទៅក្នុងកាមទាំងឡាយ ដែលទេវតាដទៃនិម្មិតឲ្យ ដូចជាពួកទេវតាក្នុងជាន់បរនិម្មិតវសវត្តី នេះជាការសេពកាមទី៣ ។
(៩៩) -៤១:ការបានសេចក្តីសុខ ៣យ៉ាង ម្នាលអាវុសោទាំងឡាយ មានពួកសត្វធ្វើនូវសេចក្តីសុខ (46)ឲ្យកើតឡើងរឿយៗ ហើយទទួលនូវសេចក្តីសុខ (នោះ) ដូចជាពួកទេវតានៅក្នុងពួកព្រហ្មលោក នេះជាការបាននូវសេចក្តីសុខ ទី ១ ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលជោកជាំជ្រួតជ្រាប បរិបូណ៌ពាល់ត្រូវដោយសេចក្តីសុខហើយ ពួកសត្វទាំងនោះ
ជួនកាលបន្លឺឧទានក្នុងកាលម្តងៗថា សុខណាស់ហ្ន៎ សុខណាស់ហ្ន៎ ដូចជាពួកទេវតានៅក្នុងជាន់ អាផស្សរព្រហ្មលោក នេះជាការបាននូវសេចក្តីសុខទី ២ ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលជោកជាំជ្រួតជ្រាបបរិបូណ៌ ពាល់ត្រូវដោយសេចក្តី
សុខហើយ ពួកសត្វទាំងនោះសន្តោសនឹងសេចក្តីសុខដ៏ល្អិតប៉ុណ្ណោះ ទទួលសេចក្តីសុខក្នុងចិត្តដូចពួកទេវតានៅក្នុងជាន់
សុភកិណ្ហព្រហ្មលោក នេះជាការបាននូវសេចក្តីសុខទី ៣ ។
(៩៩) -៤២:បញ្ញា ៣ យ៉ាង គឺ បញ្ញាជារបស់សេក្ខបុគ្គល ១ បញ្ញារបស់អសេក្ខបុគ្គល ១ បញ្ញាជារបស់នេវសេក្ខានាសេក្ខា
បុគ្គល ១ ។
(៩៩) -៤៣:បញ្ញា ៣យ៉ាងដទៃទៀត គឺបញ្ញាសម្រេចមកអំពីការគិត ១ បញ្ញាសម្រេចមកអំពីការស្តាប់ ១ បញ្ញាសម្រេចមកអំពីការចំរើន ១ ។
(៩៩) -៤៤:អាវុធ ៣ យ៉ាង បានដល់អាវុធ គឺសុតៈ (ពុទ្ធវចនៈ) ១ អាវុធគឺសេចក្តីស្ងាត់ (47)១ អាវុធគឺបញ្ញា ១ ។
(៩៩) -៤៥:ឥន្ទ្រិយ ៣ យ៉ាង គឺ ឥន្ទ្រិយដែលកើតឡើងដល់បុគ្គលអ្នកប្រតិបត្តិដោយគិតថា អាត្មាអញនឹងបានដឹង
នូវធម៌ដែលមិនទាន់បានដឹង (សោតាបត្តិមគ្គញ្ញាណ ) ១ ឥន្រ្ទិយគឺញាណជាគ្រឿងដឹងច្បាស់ (សោតាបត្តិផលញាណ ។បេ។ អរហត្តមគ្គញ្ញាណ ) ១ ឥន្រ្ទិយគឺសេចក្តីដឹងក្នុងធម៌ដែលបុគ្គលគួរដឹង ច្បាស់ជាធម៌ដល់នូវទីបំផុតនៃកិច្ចដោយកិរិយាដឹង
( អរហត្តផលញ្ញាណ) ១ ។
(៩៩) -៤៦:ចក្ខុ ៣ យ៉ាង គឺ មំសចក្ខុ(48) ១ ទិព្វចក្ខុ(49) ១ បញ្ញាចក្ខុ(50) ១ ។
(៩៩) -៤៧:សិក្ខា ៣ យ៉ាង គឺ អធិសីលសិក្ខា (51)១ អធិចិត្តសិក្ខា (52)១ អធិប្បញ្ញាសិក្ខា (53)១ ។
(៩៩) -៤៨:ភាវនា ៣យ៉ាង គឺកាយភាវនា(54)១ ចិត្តភាវនា(55)១ បញ្ញាភាវនា(56)១ ។
(៩៩) -៤៩:អនុត្តរិយៈ ៣ យ៉ាង គឺ ទស្សនានុត្តរិយៈ(57) ការឃើញដ៏ប្រសើរ ១ បដិបទានុត្តរិយៈ (58) សេចក្តីប្រតិបត្តិដ៏ប្រសើរ ១ វិមុត្តានុត្តរិយៈ(59) ការរួចចាកកិលេសដ៏ប្រសើរ ១ ។
(៩៩) -៥០:សមាធិ ៣ យ៉ាង គឺ សមាធិប្រកបដោយវិតក្កៈវិចារៈ (60) ១ សមាធិមិនមានវិតក្កៈ មានត្រឹមតែវិចារៈ (61)១ សមាធិ មិនមានវិតក្កៈនិងវិចារៈ(62) ។
(៩៩) -៥១:សមាធិ ៣ យ៉ាងដទៃទៀត គឺ សុញ្ញតសមាធិ ១ អនិមិត្តសមាធិ១ អប្បណិហិតសមាធិ ១ ។
(៩៩) -៥២:សេចក្តីស្អាត ៣ យ៉ាង គឺ សេចក្តីស្អាតដោយកាយ ១ សេចក្តីស្អាតដោយវាចា ១ សេចក្តីស្អាតដោយចិត្ត ១ ។
(៩៩) -៥៣:ច្បាប់ (63)អ្នកប្រាជ្ញ ៣ យ៉ាង គឺ ច្បាប់អ្នកប្រាជ្ញផ្លូវកាយ ១ ច្បាប់អ្នកប្រាជ្ញផ្លូវវាចា ១ ច្បាប់អ្នកប្រាជ្ញផ្លូវចិត្ត ១ ។
(៩៩) -៥៤:-សេចក្តីឈ្លាស ៣យ៉ាង គឺ សេចក្តីឈ្លាសក្នុងការចំរើន ១ សេចក្តីឈ្លាសក្នុងការវិនាស ១ សេចក្តីឈ្លាសក្នុងឧបាយ (64) ១ ។
(៩៩) -៥៥:-សេចក្តីស្រវឹង ៣ យ៉ាង គឺ ស្រវឹងដោយការមិនមានរោគ១ ស្រវឹងដោយវ័យ ១ ស្រវឹងដោយជាតិត្រកូល ១ ។
(៩៩) -៥៦:-អធិបតេយ្យ ៣ យ៉ាង គឺ អត្តាធិបតេយ្យ(65) ១ លោកាធិបតេយ្យ (66) ១ ធម្មាធិបតេយ្យ (67) ១ ។
(៩៩) -៥៧:កថាវត្ថុ ៣យ៉ាង គឺ បុគ្គលប្រារព្ធអតីតកាល និយាយពាក្យថា រឿងយ៉ាងនេះកើតមានក្នុងអតីតកាលហើយ ១
បុគ្គលប្រារព្ធអនាគតកាល និយាយពាក្យថា រឿងយ៉ាងនេះនឹងមានក្នុងអនាគតកាល ១ បុគ្គលប្រារព្ធបច្ចុប្បន្នកាល
ក្នុងកាលឥឡូវនេះ និយាយពាក្យថា រឿងយ៉ាងនេះកើតឡើងក្នុងកាលឥឡូវនេះ ១ ។
(៩៩) -៥៨:វិជ្ជា ៣ យ៉ាង គឺ ញាណជាគ្រឿងរឭកឃើញនូវខន្ធបញ្ចកៈដែលធ្លាប់នៅអាស្រ័យ ក្នុងកាលមុន ជាវិជ្ជា១ សេចក្តីដឹងក្នុងចុតិនិងបដិសន្ធិរបស់ពួកសត្វ ជាវិជ្ជា ១ សេចក្តីដឹងក្នុងធម៌ ជាគ្រឿងអស់ទៅនៃអាសវៈទាំងឡាយ ជាវិជ្ជា ១ ។
(៩៩) -៥៩:វិហារធម៌ (ធម៌ជាគ្រឿងនៅ) ៣យ៉ាង គឺ ទិព្យវិហារ(68) ១ ព្រហ្មវិហារ(69) ១ អរិយវិហារ(70) ១ ។
(៩៩) -៦០:បាដិហារ ៣ យ៉ាងគឺ ឥទ្ធិបាដិហារ្យ(71) ១ អាទេសនាបដិហារ្យ(72) ១ អនុសាសនីបាដិហារ្យ(73) ១ ។ ម្នាលអាវុសោទាំងឡាយ ពួកធម៌បីៗ ទាំងនេះឯង ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយដោយប្រពៃ គួរយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ។ បេ ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។
ចប់ពួកធម៌បីៗ ដែលរាប់ក្នុងការសង្គាយនា
1 ក្នុងទីនេះសំដៅយកមិច្ឆាសង្កប្ប គឺតម្រិះខុស ។
2ក្នុងទីនេះសំដៅយកសម្មាសង្កប្ប គឺតម្រិះត្រូវ ។
3 ធាតុក្នុងទី សំដៅយក ភព ។
4សំដៅយកអកុសលចិត្តុប្បាទទាំង១២ ។
5សំដៅយកតេភូមិកធម៌ ក្រៅអំពីអកុសលចិត្តុប្បាទនោះ។
6សំដៅយកនវលោកុត្តរធម៌។
7 បានដល់តម្រេកដែលប្រព្រឹត្តទៅក្នុងកាមគុណទាំង ៥ ។
8 សេចក្តីអាល័យក្នុងឈាន ក្នុងរូបភព និងអរូបភព ឬ តមេ្រកប្រកបដោយសស្សតទឹដ្ឋិ
9តម្រេកប្រកបដោយ ឧច្ឆេទទិដ្ឋិ។
10 ឆន្ទរាគក្នុង រូបភព។
11 ឆន្ទរាគក្នុង អរូបភព។
12 តម្រេកប្រកបដោយ ឧច្ឆេទទិដ្ឋិ ។
13សេចក្តីយល់ខុសមាននូវក្នុងកាយ គឺខន្ធទាំង ៥ មានរូបក្ខន្ធជាដើម ។
14សេចក្តីសង្ស័យក្នុងគុណព្រះរត្នត្រ័យជាដើម។
15សេចក្តីប្រកាន់ខុសដោយសីលនិងវ័ត គឺប្រកាន់សីលនិងវ័តខាងក្រៅព្រះពុទ្ធសាសនា ដែលមិនបរិសុទ្ធ ថាជាបរិសុទ្ធទៅវិញ។
16ក្នុងគម្ពីរធម្មសង្គណីថា សេចក្តីត្រកត្រអាលក្នុងកាម ហោថាកាមាសវៈ។
17សេចក្តីត្រេកត្រអាលក្នុងភព ហៅថា ភវាសវៈ។
18ក្នុងគម្ពី សេចក្តីមិនដឹងក្នុងអរិយសច្ចទាំង ៤ ជាដើមហៅថាអវិជ្ជា ។ ឯអាសវសព្ទនេះ ថ្រែថាត្រាំនៅអស់កាលយូរ ។
19ប្រទេស ជាទីកើតនៃសត្វ ដែលមានអារម្មណ៍ប្រកបដោយកាម រាប់តាំងពីអវីចីនរក រហូតដល់កាមាវចរ ទេវលោក ។
20ប្រទេស ជាទីកើតនៃសត្វដែលប្រកបដោយរូបជ្ឈាន គឺរូបព្រហ្ម ទាំង ១៦ជាន់ ។
21ប្រទេស ជាទីកើតនៃសត្វដែលប្រកបដោយអរូបជ្ឈាន គឺអរូបព្រហ្ម ទាំង ៤ជាន់ ។
22 បានដល់មិច្ឆាទិដ្ឋិ មានសស្សតទិដ្ឋិជាដើម ។
23បានដល់ឧបាទានក្ខន្ធ ទាំង ៥ ។
24បានដល់បុរិមតណ្ហា។
25បានដលព្រះនិព្វាន ។
26បានដល់ទុក្ខវេទនា
27បានដល់ឧបេក្ខាវេទនា
28បានដល់សុខវេទនា បានសេចក្តីថា បើសេចក្តីសុខប្រែប្រួលទៅហើយ សេចក្តីទុក្ខក៏ត្រឡប់កើតឡើងវិញ។ ។
29បានដល់និយតមិច្ឆាទិដ្ឋិ និងអនន្តរិយកម្មទាំង ៥
30បានដល់អរិយមគ្គទាំង ៤
31បានដល់ធម៌ដទៃចាកធម៌ទាំង ៣ ពួកនោះ គឺនិយតមិច្ឆាទិដ្ឋិ ១ អនន្តរិយកម្ម ១ អរិយមគ្គ ១
32បានដល់រូបាយតនៈ តែមួយយ៉ាង
33បានដល់អាយតនៈទាំង ៩ គឺចក្ខ្វាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ ជិវ្ហាយតនៈ ១ កាយាតនៈ ១ សទ្ទាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ ។
34បានដល់សុខុមរូបក្រៅពីអាយាតនៈទាំង ១០។
35បានដល់ ចេតនា១៣ គឺកាមាវចរកុសលចេតនា ៨ និង រូបាវចរកុសលចេតនា៥ ប្រព្រឹត្តទៅដោយអំណាចភាវនា
36បានដល់អកុសលចេតនា ១២
37បានដល់អឬុបវចរកុសលចេតនា ៤ ប្រព្រឹត្តទៅដោយអំណាចភាវនា ។ ឯសង្ខារសព្ទនេះប្រែថា សភាវៈ
ធ្វើនូវសហជាតធម៌ និងសម្បរាយផល ធម៌ឲ្យជាគំនរ ។
38បានដល់បុគ្គល ៧ ពួក មានបុគ្គលដល់នូវសោតាបត្តិមគ្គ ជាដើម មានបុគ្គលដែលបានដល់នូវអរហត្តមគ្គ
ជាទីបំផុត ។
39បានដល់អរហត្តផល
40បានដល់បុគ្គល ជាបុថុជ្ជន
41ឃើញ នូវការល្មើសដោយមំសចក្ខុ ឬ ទិព្វចក្ខុ ហើយចោទ ។
42ឮសំដីរបស់បុគ្គលដទៃ ដោយបកតិសោត ឬទិព្វសោត ហើយចោទ ។
43ចោទដោយសេចក្តីរង្កៀស ព្រោះឃើញ ព្រោះឮ ព្រោះប៉ះពាល់ ដោយឃានបសាទ ជិវ្ហាបសាទ កាយបសាទ។
44បានដល់កាមារចរទេវតាទាំង៤ ជាន់ គឺ បាតុម្មហារាជជិតា ១ តាវតឹង្ស ១ យាមា ១ តុសិត ១ ។
45បានដល់អបាយិកសត្វទាំង ៣ វៀរលែងនរកចេញ
46អដ្ឋកថា ថា ធ្វើសេចក្តីសុខក្នុងបឋមជ្ឈាន ខាងក្រោមឲ្យកើត ហើយសោយនូវសេចក្តីសុខ ដែលកើតអំពីផលរបស់ឈានខាងលើ ។
47ស្ងាត់កាយ ស្ងាត់ចិត្ត ស្ងាត់ចាកឧបធិ
48បានដល់ ភ្នែកសាច់ធម្មតា គឺ ចក្ខុបសាទ
49បានដល់ញាណដែលអាស្រ័យនូវពន្លឺ
50បានដល់លោកិយបញ្ញា និង លោកុត្តរបញ្ញា
51បានដល់បតិមោក្ខសំវរសីល
52បានដល់ឈានជាទីតាំងនៃវិបស្សនា
53បានដល់វិបស្សនា
54បានដល់កាយព្រះខីណាស្រពដែលប្រព្រឹត្តទៅក្នុងទ្វារទាំង ៥
55បានដល់សមាបត្តិទាំង ៨
56បានដល់អរហត្តផលបញ្ញា
57បានដល់វិបស្សនា
58បានដល់មគ្គ។
59បានដល់ផល ។ ន័យមូយទៀតថា ទស្សនានុត្តរិយៈបានដល់ផល ។បដិបទានុត្តរិយៈ បានដល់មគ្គ ។ វិមុត្តានុត្តរិយៈ បានដល់ព្រះនិព្វាន (អដ្ឋកថា)។
60បានដល់បឋមជ្ឈាន
61បានដល់ទុតិយជ្ឈាន
62 បានដល់តតិយជ្ឈាន ចតុត្ថជ្ឈាន បញ្ចមជ្ឈាន
63សេចក្តីប្រតិបត្តិធ្វើមនុស្សឲ្យទៅជាអ្នកប្រាជ្ញ
64ហេតុរបស់ផលនោះៗ
65ការធ្វើខ្លួន ឲ្យជាធំ ហើយមិនធ្វើបាប
66ការធ្វើលោក ឲ្យជាធំ ហើយមិនធ្វើបាប
67ការធ្វើលោកកុត្តរធម៌ឲ្យជាធំ ហើយមិនធ្វើបាប ។ ក្នុងគម្ពីរវិសុទ្ធិមគ្គសីលនិទ្ទេសថា បុគ្គលមានប្រាថ្នានឹងលះបង់នូវអំពើដែលមិនសមគួរដល់ខ្លួន ហើយមាន
សេចក្តីគោរពក្នុងខ្លួន ហើយប្រព្រឹត្តនូវសីលណា សីលនោះហៅថា អត្តាធិបតេយ្យសីល ។ បុគ្គលមានប្រាថ្នានឹងចឿសវាងពាក្យនិន្ទាអំពីសត្វលោក ហើយមាន
សេចក្តីគោរពចំពោះលោក ហើយប្រព្រឹត្តនូវសីលណា សីលនោះហៅថា លោកាធិបតេយ្យសីល ។ បុគ្គលមានប្រាថ្នានិងបូជា នូវធម៌ដ៏ថ្លៃថ្លា ហើយមានសេចក្តី
គោរពក្នុងធម៌ ហើយប្រព្រឹត្តនូវសីលណា សីលនោះហៅថា ធម្មាធិបតេយ្យសីល ។
68បានដល់សមាបត្តិទាំង ៨
69អប្បមញ្ញា ៤ គឺ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១ ។
70ផលសមាបត្តិ
71សេចក្តីអស្ចារ្យដោយឬទិ៍្ធ
72សេចក្តីអស្ចារ្យដោយទាយចិត្តសត្វដ៏ទៃ
73សេចក្តីអស្ចារ្យដោយដោយការប្រៀនប្រដៅដោយ សីល សមាធិ បញ្ញា