ពួកធម៌ពីរៗ  ដែលរាប់ចូលក្នុងការសង្គាយនា

(បិដក​ លេខ១៩  ទំព័រ១៣១​​ ដល់ ១៣៤)

 
(៩៨)  ម្នាលអាវុសោទាំងឡាយ មានធម៌ពីរ ៗ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយដោយប្រពៃ យើងទាំងអស់គ្នាគួរតែសង្គាយនាក្នុងធម៌នោះ ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។ ពួកធម៌ពីរ ៗ តើអ្វីខ្លះ ។   ពួកធម៌ពីរៗនោះគឺ

(៩៨)​-​ ០១:   នាម(1) ១   រូប(2) ១ ។

(៩៨)​-​ ០២:  អវិជ្ជា(3) ១   ភវតណ្ហា(4) ១ ។

(៩៨)​-​ ០៣:ភវទិដ្ឋិ(5) ១  វិភវទិដ្ឋិ(6) ១ ។  

(៩៨)​-​ ០៤: សេចក្តីមិនខ្មាសបាប ១   សេចក្តីមិនក្តៅនឹងបាប ឬមិនខ្លាចបាប ១​ ។

(៩៨)​-​ ០៥:  សេចក្តីខ្មាសបាប ១    សេចក្តីក្តៅនឹងបាប ១​ ។

(៩៨)​-​ ០៦: ភាវៈជាអ្នកដែលគេប្រដៅក្រ ១    ភាវៈជាអ្នកមានមិត្តអាក្រក់ ១​ ។

(៩៨)​-​០៧: ភាវៈជាអ្នកដែលគេប្រដៅងាយ ១   ភាវៈជាអ្នកមានមិត្តល្អ ១​ ។

(៩៨)​-​ ០៨: សេចក្តីឈ្លាសក្នុងអាបត្តិ១   សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ ១ ។

(៩៨)​-​ ០៩: សេចក្តីឈ្លាសក្នុងសមាបត្តិ ១    សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិ ១ ។

(៩៨)​-​ ១០:  សេចក្តីឈ្លាសក្នុងធាតុ ១   សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត ១ ។

(៩៨)​-​ ១១: សេចក្តីឈ្លាសក្នុងអាយតនៈ ១   សេចក្តីឈ្លាសក្នុងបដិច្ចសមុប្បាទធម៌១ ។

(៩៨)​-​ ១២: សេចក្តីឈ្លាសក្នុងហេតុ ១    សេចក្តីឈ្លាសក្នុងមិនមែនហេតុ ១​ ។

(៩៨)​-​ ១៣:សេចក្តីស្លូតត្រង់ ១     ចិត្តទន់ ១ ។

(៩៨)​-​ ១៤:  សេចក្តីអត់ធ្មត់ ១​   ការប្រព្រឹត្តល្អ ឬស្លូតមិនកោងកាច ១​ ។

(៩៨)​-​ ១៥:  ពាក្យពិរោះ ១   ការទទួលរាក់ទាក់ ១​។

(៩៨)​-​ ១៦: សេចក្តីមិនបៀតបៀន (7)១   សេចក្តីស្អាត (8) ១ ។

​(៩៨)​-​ ១៧:សេចក្តីភ្លាំងភ្លាត់សតិ ១   មិនដឹងខ្លួន ១ ។ ​

(៩៨)​-១៨: សេចក្តីរឭក ១   ដឹងខ្លួន ១ ។

(៩៨)​-​១៩: ភាវជាអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ១   ភាវជាអ្នកមិនដឹងប្រមាណក្នុងភោជន ១ ។  

(៩៨)​-​២០:   កំឡាំងគឺប្រាជ្ញា ជាគ្រឿងពិចារណា ១    កំឡាំងគឺភាវនា (9) ១ ។  

(៩៨)​-​២១:   កំឡាំងគឺសតិ​ ១   កំឡាំងគឺ សមាធិ ១ ។

(៩៨)​-​២២: សមថៈ (ធម៌សម្រាប់រម្ងាប់ចិត្ត)​​ ១   វិបស្សនា ​(ប្រាជ្ញាឃើញច្បាស់នូវនាមរូប) ១ ។

(៩៨)​-​២៣:សមថនិមិត្ត (10) ១   មគ្គហនិមិត្ត (11) ១ ។

(៩៨)​-​២៤: សេចក្តីព្យាយាម (12) ១   សេចក្តីមិនរាយមាយ (13) ១ ។

(៩៨)​-​២៥: វិបត្តិ ១   ទិដ្ឋិវិបត្តិ១ ។

(៩៨)​-​២៦: សីលសម្បទា ១   ទិដ្ឋិសម្បទា ១ ។

(៩៨)​-​២៧: សេចក្តីបរិសុទ្ធិនៃសីល១   សេចក្តីបរិសុទ្ធិនៃទិដ្ឋិ ១ ។

(៩៨)​-​២៨: សេចក្តីបរិសុទ្ធិនៃទិដ្ឋិ គឺញាណទស្សនៈ ១  សេចក្តីព្យាយាមនៃបុគ្គលដែលមានសេចក្តីយល់ឃើញតាមពិត (14) ១ ។

(៩៨)​-​២៩: សេចក្តីសង្វេគក្នុងហេតុ(15)ឡាំងឡាយគួរសង្វេគ ១  សេចក្តីព្យាយាម(16)ដោយឧបាយរបស់បុគ្គលអ្នកមានចិត្តសង្វេគ ១។

(៩៨)​-​៣០: សេចក្តី(មិន)សន្តោសក្នុងកុសលធម៌ទាំងឡាយ ១   មិនរួញរាក្នុងសេចក្តីព្យាយាម ១ ។

(៩៨)​-​៣១: វិជ្ជា (17) ១ ​វិ មុត្តិ(18) ១ ។

(៩៨)​-​៣២: សេចក្តីដឹងក្នុងអរិយមគ្គ ជាគ្រឿងអស់ទៅនៃកិលេស ១  សេចក្តីដឹងក្នុងអរិយផលដែលធ្វើសត្វមិនឲ្យកើតឡើងដោយ

បដិសន្ធិ ១ ។

ម្នាលអាវុសោទាំងឡាយ នេះឯងជាពួកធម៌ពីរៗ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សម្តែងទុកហើយដោយប្រពៃ យើងទាំងអស់គ្នា គួរតែសង្គាយនាក្នុងធម៌នោះ ។បេ។  ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។

ចប់ ពួកធម៌ពីរៗ ដែលរាប់ចូលក្នុងការសង្គាយនា

1 ប្រែថាញ៉ាំងគ្នានិងគ្នា ឲ្យទន់ទៅក្នុងអារម្មណ៍ បានដល់អរូបក្ខន្ធ ៤ គឺ វេទនា ១ សញ្ញា ១ សង្ខារ ១ វិញ្ញាណ ១ និងព្រះនិព្វាន ។

2ប្រែថាវិនាស ថាលំបាកដោយក្តៅ ត្រជាក់ជាដើម បានដល់មហាភូតរូបទាំង ៤ និងឧបាទានរូប ២៤ ។​

3សេចក្តីមិនដឹងក្នុងអរិយសច្ច មានទុក្ខសច្ចជាដើម ។

4សេចក្តីប្រាថ្នា សេចក្តីត្រេកត្រអាលក្នុងភព

5បានដល់សស្សតទិដ្ឋិ សេចក្តីយល់ឃើញថាលោកទៀង

6បានដល់ឩច្ឆេទទិដ្ឋិ សេចក្តីយល់ឃើញថា សត្វស្លាប់ទៅ សូន្យមិនកើតទៀតឡើយ

7បានដល់ករុណា គឺសេចក្តីអាណិត អនុគ្រោះដល់សព្វសត្វ។

8បានដល់មេត្តា គឺសេចក្តីរាប់អានស្រឡាញ់សព្វសត្វ ។

9សំដៅយកពោជ្ឈង្គទាំង ៧ ប្រការ

10ហេតុនៃសេចក្តីរម្ងាប់ចិត្ត បានដល់សម្មាសមាធិ

11ហេតុនៃសេចក្តីព្យាយាម បានដល់សម្មាវាយាមៈ

12បានដល់សម្មាវាយាមៈ

13បានដល់សម្មាសមាធិ

14សេចក្តីព្យាយាម ដែលប្រកបដោយញាណទស្សនៈនោះ

15បានដល់ ជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ ព្យាធិទុក្ខ

16បានដល់សម្មប្បធានទាំង​៤

17បានដល់វិជ្ជា ៣

18បានដល់វិមុត្តពីរ គឺចិត្តស្សអធិមុត្តិ សេចក្តីរួចចាកនីវរណធម៌នៃចិត្ត បានដល់អដ្ឋសមាបត្តិ ១ ព្រះនិព្វាន ១​។