សង្គីតិសូត្រ ទី ១០
(បិដក លេខ១៩ ទំព័រ១២៣ ដល់ ១៣១)
(៩២) ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃ ជាច្រើន គឺភិក្ខុប្រមាន ៥០០រូប ទ្រង់ស្តេចទៅដល់ក្រុងឈ្មោះបាវា របស់មល្លក្សត្រទាំងឡាយ ។ បានឮថាព្រះមានព្រះភាគ គង់ក្នុង
អម្ពវ័ន របស់នាយចុន្ទកម្មារបុត្ត ( ជាកូនជាងលោហជាតិ) ទៀបក្រុងបាវានោះ ។
(៩៣)) សម័យនោះឯង ពួកមល្លក្សត្រ នៅក្នុងក្រុងបាវា បានសាងនូវសណ្ឋាគារថ្មី ៗ ឈ្មោះឧព្ភតកៈ មិនទាន់អស់កាលយូរប៉ុន្មាន សមណៈ ឬព្រាហ្មណ៍ ឬជាតិមនុស្សណាមួយ ក៏មិនទាន់បាននៅអាស្រ៍យនៅឡើយ ។ ពួកមល្លក្សត្រអ្នកនៅក្នុងបាវា បានឮ
ដំណឹងថា ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃ ជាច្រើន គឺភិក្ខុប្រមាន ៥០០រូប ទ្រង់ស្តេចមកដល់ក្រុងឈ្មោះបាវា គង់នៅក្នុងអម្ពវ័ន របស់នាយចុន្ទកម្មារបុត្ត ទៀបក្រុងបាវា ។ ទើបពួកមល្លក្សត្រ អ្នកនៅក្នុងក្រុង
បាវា បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានអភិវាទព្រះមានព្រះភាគហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមល្លក្សត្រអ្នកក្រុងបាវាអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស
ពួកមល្លក្សត្រអ្នកក្រុងបាវា បានសាងនូវសណ្ឋាគារថ្មី ឈ្មោះឧព្ភតកៈ មិនទាន់អស់កាលយូរប៉ុន្មានក្នុងទីនេះ សមណៈ ឬព្រាហ្មណ៍ ឬជាតិមនុស្សណាមួយ ក៏មិនទាន់បាននៅអាស្រ៍យនៅឡើយ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់ប្រើប្រាស
សណ្ឋាគារនោះ ជាមុនចុះ លុះព្រះមានព្រះភាគ ប្រើប្រាសជាមុនរួចហើយ ពួកមល្លក្សត្រអ្នកក្រុងបាវា នឹងបានប្រើប្រាស់ជា
ខាងក្រោយ ការប្រើប្រាស់នោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ពួកមល្លក្សត្រក្នុងក្រុងបាវា អស់កាលជា
យូរអង្វែង ។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព ។ គ្រានោះឯង ពួកមល្លក្សត្រអ្នកក្រុងបាវាដឹងថា ព្រះមានព្រះភាគ
ទទួលហើយ ក៏ក្រោកចាកអាសនៈហើយ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅរកសណ្ឋាគារ លុះចូលទៅដល់
ហើយ បានក្រាលកម្រាល ក្នុងសណ្ឋាគារពេញទាំងអស់ ហើយតាក់តែងអាសនៈទាំងឡាយ ដំកល់ក្អមទឹក អុចប្រទីបប្រេងរួចហើយ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានអភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ ។ លុះពួក
មល្លក្សត្រអ្នកក្រុងបាវា ឋិតនៅក្នុងទីដ៏សមគួរ ហើយក្រាបបង្គំទូលព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស សណ្ឋាគារ យើងខ្ញុំព្រះអង្គក្រាលដោយកម្រាលសព្វគ្រប់ បានតាក់តែងអាសនៈទាំងឡាយហើយ បានដំកល់ក្អមទឹកទុកហើយ បានអុចប្រទីប
ប្រេងរួចហើយ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះ ។
(៩៤) លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់និងបាត្រ ចីវរ ហើយចូលទៅកាន់សណ្ឋាគារ ជាមួយនឹងភិក្ខុសង្ឃ លុះចូលទៅ
ដល់ហើយ ទ្រង់លាងព្រះបាទទាំងគូហើយ ទ្រង់ចូលទៅកាន់សណ្ឋាគារ គង់ប្អែកនឹងសសរកណ្តាល បែរព្រះភក្ត្រទៅទិសខាងកើត ។ ចំណែកខាងភិក្ខុសង្ឃ ក៏លាងបាទា ហើយចូលទៅកាន់សណ្ឋាគារអង្គុយប្របជញ្ជាំងខាងលិច បែរមុខទៅទិសខាងកើត ឆ្ពោះមុខ
ទៅរកព្រះមានព្រះភាគ ចំណែកខាងពួកមល្លក្សត្រ នៅក្នុងក្រុងបាវា ក៏លាងព្រះបាទ ចូលទៅកាន់សណ្ឋាគារ អង្គុយប្រប
ជញ្ជាំងខាងកើត បែរមុខទៅទិសខាងលិច ឆ្ពោះមុខទៅរកព្រះមានព្រះភាគដែរ ។ លុំដាប់នោះឯង ព្រះមានព្រះភាគ ត្រង់ពន្យល់
ពួកមល្លក្សត្រក្រុងបាវា ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដល់យប់ជ្រៅ ហើយទ្រង់តឿនថា ម្នាលវាសេដ្ឋគោត្រទាំងឡាយ យប់ជ្រៅណាស់ហើយ ចូរអ្នកទាំងឡាយ សំគាល់កាលគួរ ក្នុងកាលឥឡូវនេះចុះ ។ ពួកមល្លក្សត្រ
អ្នកក្រុងបាវា ទទួលព្រះបន្ទូលព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកអាសនៈ អភិវាទព្រះមាន
ព្រះភាគ ធ្វើប្រទក្សិណហើយចៀសចេញទៅ ។
(៩៥) លំដាប់នោះឯង កាលដែលពួកមល្លក្សត្រ អ្នកក្រុងបាវាចៀសចេញទៅមិនយូរប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ទតឃើញ
ភិក្ខុសង្ឃ នៅស្ងៀមស្ងាត់ ក៏ត្រាស់ហៅព្រះសារីបុត្ត ដ៏មានអាយុមកថា ម្នាលសារីបុត្ត ភិក្ខុសង្ឃប្រាសចាកសេចក្តីងងុយងោក
ងក់ហើយ ម្នាលសារីបុត្ត ចូរអ្នកពន្យល់ ភិក្ខុទាំងឡាយដោយធម្មីកថាចុះ តថាគតរោយខ្នងណាស់ តថាគតនឹងតម្រងខ្នង (បន្តិច) ។
ព្រះសារីបុត្ត ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ លំដាប់នោះឯងព្រះមានព្រះភាគ ទ្រង់ឲ្យក្រាល
សង្ឃាដិ មានជាន់ ៤ ហើយទ្រង់សម្រេចសីហសេយ្យា ដោយចំហៀងព្រះកាយខាងស្តាំ តម្រួតព្រះបាទលើព្រះបាទ មានព្រះ
សតិសម្បជញ្ញៈ ធ្វើនូវឧដ្ឋានសញ្ញាទុកក្នុងព្រះហឫទ័យ ។
(៩៦) សម័យនោះឯង និគ្គណ្ឋនាដបុត្តទើបធ្វើមរណកាលថ្មីៗ ក្នុងក្រុងបាវា ។ដោយកាលកិរិយានៃនិគ្គណ្ឋនាដបុត្តនោះ ពួកនិគ្រណ្ឋ (ជាសិស្ស) ក៏បែកគ្នាជាពីរពួក កើតប្រកួតប្រកាន់ ឈ្លោះប្រកែកទាស់ទែង ពោលពាក្យចាក់ដោតគ្នានិងគ្នា ដោយលំពែងគឺមាត់ថា
អ្នកឯងមិនចេះធម្មវិន័យនេះទេ អ្នកឯងនឹងចេះធម្មវិន័យនេះដូចម្តេចបាន អ្នកឯងប្រតិបត្តិខុសទេ យើងជាអ្នកប្រតិបត្តិត្រូវ ពាក្យយើងមានប្រយោជន៍ ពាក្យអ្នកឯងឥតប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកឯងនិយាយក្រោយវិញ ពាក្យដែល
គេត្រូវនិយាយក្រោយ អ្នកឯងនិយាយមុនវិញ ពាក្យដែលអ្នកឯងចេះចាំមកជាយូរអង្វែងហើយ ក៏សុទ្ធតែជាពាក្យខុសទទេ ទោសក្នុងវាទៈរបស់អ្នកឯង យើងបានលើកឡើងហើយ អ្នកឯងយើងសង្កត់សង្កិនបានហើយ ចូរអ្នកឯងទៅសិក្សា ដើម្បីដោះ
ស្រាយនូវទោសក្នុងវាទៈ ឬបើអ្នកឯងអង់អាច ចូរដោះចេញ (ចាកសេចក្តីខុសចុះ) ។ សេចក្តីស្លាប់តែមួយ ក៏ហាក់ដូចជាប្រព្រឹត្ត
តាមពួកនិគ្រណ្ឋ ដែលជាសិស្សរបស់នាដបុត្ត ។ ពួកសាវ័័ករបស់និគ្គណ្ឋនាដបុត្តណា ដែលជាគ្រហស្ថ ស្លៀកពាក់សម្ពត់ស ពួកសាវ័កទាំងនោះ ក៏មានសេចក្តីនឿយណាយ ធុញទ្រាន់ ជិណឆ្អន់នឹងពួកនិគ្រណ្ឋ ដែលជាសិស្សរបស់នាដបុត្ត ដូចពួកជន
ដែលមានសេចក្តីនឿយណាយធុញទ្រាន់ ជិណឆ្អន់នឹងធម្មវិន័យ ដែលគេពោលទុក ដោយអាក្រក់ ដែលគេសំដែងទុកដោយអាក្រក់ មិនមែននិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់រម្ងាប់ មិនមែនជាធម្មវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងទុកហើយ ជាធម្មវិន័យមានទីពឹងបែកធ្លាយហើយ ជាធម្មវិន័យមិនមានទីពឹងឡើយ ។ លំដាប់នោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុ
ទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ និគ្គណ្ឋនាដបុត្តធ្វើមរណកាលហើយថ្មីៗ ក្នុងក្រុងបាវា ដោយកាលកិរិយានៃ
និគ្គណ្ឋនាដបុត្តនោះ ពួកនិគ្រណ្ឋក៏បែកគ្នាទៅជាពីរពួក ។ បេ ។ ជាធម្មវិន័យមានទីពឹងបែកធ្លាយហើយ ជាធម្មវិន័យមិនមានទីពឹង
ឡើយ ម្នាលអាវុសោទាំងឡាយ ដំណើរនោះប្រព្រឹត្តទៅក្នុងធម្មវិន័យ ដែលបុគ្គលពោលទុកអាក្រក់ហើយ ដែលបុគ្គលប្រកាស
ទុកអាក្រក់ហើយ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់រម្ងាប់ មិនមែនជាធម្មវិន័យ ដែលព្រះសម្មា
សម្ពុទ្ធទ្រង់សំដែងទុកយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ធម៌នេះឯង ព្រះមានព្រះភាគនៃយើងទាំងឡាយ បានពោលទុក
ល្អហើយ បានប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ប្រព្រឹត្តទៅដើម្បិស្ងប់រម្ងាប់ ជាធម៌ដែលពហរះសម្មាសម្ពុទ្ធទ្រង់សំដែងទុក
ហើយគួរតែយើងទាំងអស់គ្នាសង្គាយនា(1) ក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះឋិតថេរតាំងនៅ អស់កាល
ជាយូរអង្វែង ដោយហេតុណា ហេតុនោះឯងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បិអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយ ។
ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែលព្រះមានព្រះភាគនៃយើងទាំងឡាយ ពោលទុកល្អហើយ បានប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ប្រព្រឹត្តទៅដើម្បិស្ងប់រម្ងាប់ ជាធម៌ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយនោះដូចម្តេចខ្លះ គួរយើងទាំងអស់គ្នា
សង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះឋិតថេរតាំងនៅ អស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះឯងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បិអនុគ្រោះដល់សត្វលោក ដើម្បីសេច
ក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។
ពួកធម៌ មួយៗ ដែលរាប់ចូលក្នុងការសង្គាយនា
(៩៧) ម្នាលអាវុសោទាំងឡាយ ធម៌១ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់
ទ្រង់សម្តែងទុកហើយដោយប្រពៃ គួរតែយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌
នេះឋិតថេរ តាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ
ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតានិង
មនុស្សទាំងឡាយ ។ ធម៌១នោះតើ ដូចម្តេច ។
ពួកសត្វទាំងអស់ឋិតនៅបាន ព្រោះអាស្រ័យអាហារ
ពួកសត្វទាំងអស់ឋិតនៅបាន ព្រោះអាស្រ័យសង្ខារ (2 ) ។
ម្នាលអាវុសោទាំងឡាយ នេះឯងជាធម៌១ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សម្តែងទុកហើយដោយប្រពៃ យើងទាំងអស់គ្នាគួរតែសង្គាយនាក្នុងធម៌នោះ មិនគួរទាស់
ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះ ឋិតថេរតាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះប្រព្រឹត្តទៅ ដើម្បីប្រយោជន៍
ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្យីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតានិងមនុស្សទាំងឡាយ ។
ចប់ពួកធម៌មួយៗ ដែលរាប់ក្នុងការសង្គាយនា
______________________________________________________________________________________________________
1ប្រែថា និយាយ ឬ ពោល ដោយសេចក្តីព្រមព្រៀងគ្នា
2សំដៅយក អវិជ្ជា តណ្ហា កម្ម អាហារ ជាដើម។