ពោលអំពីអ្នកមានធ្មេញជិតស្និទ្ធល្អ មានចង្កូម (ទាំង ៤)សស្អាត
ដកស្រង់ចេញពី បិដក លេខ១៩ - ទំព័រ ៦១ ដល់ ទំព័រ ៦៦ (ចប់លក្ខណសូត្រ)
(៤១) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ ) នូវជាតិពីមុន ភពពីមុន
លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន បានលះបង់នូវមិច្ឆាជីវៈ (ការចិញ្ចឹម
ជីវិតខុស) ចិញ្ចឹមជីវិតដោយសម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ) ជាអ្នកបានវៀរ
ចាកការបញ្ឆោតឬបន្លំ ដោយជញ្ជីង បញ្ឆោតដោយមាស បញ្ឆោតដោយរង្វាល់
រង្វាស់ បង្ខុសបំភាន់ បញ្ឆោតបោកប្រាសឬបន្លំ ដោយរបស់ប្លម វៀរចាក
កិរិយាកាត់នូវអវយវៈ មានដៃជាដើម សម្លាប់ ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់
កំហែងយកទ្រព្យ ។ ព្រះតថាគតនោះព្រោះបានធ្វើ សន្សំ កសាងកុសលកម្មនោះ
លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុងឋានសុគតិសួគ៌
ទេវលោក ។ ព្រះតថាគតនោះ គ្របសង្កត់នូវទេវតាឯទៀតក្នុងឋានសួគ៌នោះ ដោយ
ហេតុ ១០ប្រការ គឺអាយុទិព្យ ១ សម្បុរទិព្យ ១ យសទិព្យ ១ សុខទិព្យ ១ អធិបតី
ទិព្យ ១ រូបទិព្យ ១ សំឡេងទិព្យ ១ ក្លិនទិព្យ ១ រសទិព្យ ១ ផ្សព្វទិព្យ ១ ។ លុះព្រះ
តថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ
មហាបុរិសលក្ខណៈទាំងឡាយពីរនេះ គឺជាអ្នកមានធ្មេញជិតល្អ ១ មានចង្កូម
(ទាំង៤)សស្អាត ១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅ
គ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ សោយរាជ្យដោយ
ធម៌ មានជ័យជំនះផ្សាយរាជអំណាច រហូតដល់ផែនដីដែលមានសមុទ្រទាំង៤
ព័ទ្ធជុំវិញ ទ្រង់ដល់នូវភាពជាអ្នកមាំមួន ក្នុងជនបទ ប្រកបដោយរតន៍ ៧ ប្រការ ។
រតន៍ ៧ប្រការនេះរបស់ស្តេចនោះ គឺ ចក្ករតន៍ ១ ហត្ថិរតន៍ ១ អស្សរតន៍ ១
មណិរតន៍ ១ ឥត្ថីរតន៍ ១ គហបតិរតន៍ ១ បរិនាយករតន៍ ១ រួមត្រូវជា ៧ប្រការ ។
បុត្ររបស់ស្តេចចក្រពត្តិនោះ ក៏មានចំនួនច្រើនពាន់ សុទ្ធសឹងតែជាអ្នកក្លៀវក្លា
មានរូបសណ្ឋានជាអ្នកក្លៀវក្លា អាចញ៉ាំញីនូវសេនា របស់ស្តេចឯទៀតបាន។
ទ្រង់ប្រាប់ប្រាមគ្រប់គ្រងនូវផែនដីនេះ ដែលមានសាគរ ជាទីបំផុត ឲ្យជាផែនដីឥត
មានគោល ឥតមាននិមិត្ត ឥតមានបន្លាគឺចោរឡើយ ជាផែនដីស្តុកស្តម្ភ មាំមួនក្សេម
ក្សាន្ត ឥតមានឧបទ្រព ឥតមានទីពួនរបស់ចោរ ដោយធម៌ដ៏ស្មើ មិនបាច់ពឹងអាជ្ញា
មិនបាច់ពឹងគ្រឿងសស្ត្រាវុធឡើយ កាលបើនៅជាស្តេច នឹងបានរបស់អ្វី គឺនឹង
បានជាអ្នកមានបរិវារស្អាតបាត ឯបរិវារស្អាតបាតរបស់ស្តេចចក្រពត្តិនោះគឺ ពួក
ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមានអង្គ៤
អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ
កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។ បើព្រះតថាគត ចេញចាកគេហដ្ឋានទៅ
បួសនឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធក្នុងលោក (នេះ) មានដម្បូលគឺរាគាទិក្កិលេស
បើកចេញហើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបាន
ជាអ្នកមានបរិវារស្អាតបាត ឯបរិវារស្អាតបាតរបស់តថាគតនោះ គឺពួកភិក្ខុ ភិក្ខុនី ឧបា
សក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគតបានត្រាស់ជា
ព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ ពោលនូវសេចក្តីនេះរួចហើយ ។
ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
(៤២) ព្រះតថាគតនោះ បានលះបង់ការចិញ្ចឹមជីវិតខុស បានបំពេញសេចក្តីប្រព្រឹត្ត
ដោយស្អាតល្អ ជាធម៌ដ៏ស្មោះស្មើផង បានកំចាត់បង់នូវកម្មដែលឥតប្រយោជន៍ផង
ប្រព្រឹត្តនូវកម្មដែលមានប្រយោជន៍ ទាំងនាំមកនូវសេចក្តីសុខដល់ជនច្រើនផង ។
ព្រះតថាគត ជានរជនបានធ្វើនូវអំពើមានផលដ៏ល្អ ដែលពួកសប្បុរសជាអ្នកប្រាជ្ញ
មានប្រាជ្ញល្អិតតែងសរសើរ ហើយទើបសោយនូវសេចក្តីសុខក្នុងឋានសួគ៌ ព្រះតថា
គត ជាអ្នកស្មើដោយសក្កទេវរាជ ដែលជាកំពូលនៃទេវតា ក្នុងភពឈ្មោះតាវត្តិង្ស
តែងត្រេកអរនិងមូលមិត្រ ដោយសេចក្តីរីករាយ និងសេចក្តីសុខសម្រាន្ត ។ លុះព្រះ
តថាគត ច្យុតចាកឋានសួគ៌នោះ បានមកកើតជាមនុស្សនេះម្តងទៀតក៏បាននូវធ្មេញ
រាបស្មើល្អផង នូវចង្កូម (ទាំង៤)ស្អាតល្អផង ព្រោះសេសនៃផលវិបាក របស់កម្មដែល
បានធ្វើល្អហើយ ។ ពួកមនុស្សជាច្រើន ជាអ្នកដឹងនូវលក្ខណៈ ដែលសន្មតថាជាអ្នក
ប្រាជ្ញាល្អិត មកប្រជុំគ្នាទាយព្រះតថាគតនោះថា ព្រះតថាគតដែលមានព្រះទន្តស្មើ
-សស្អាតល្អ រមែងមានពួកជនស្អាតជាបរិវារ ។ បើព្រះតថាគតនៅសោយរាជ្យ នឹង
បានជនច្រើនជាបរិវារស្អាតល្អ ព្រះតថាគតប្រៀនប្រដៅនូវមនុស្សលើផែនដីធំនេះ
គ្របសង្កត់សង្កិន មិនឲ្យមានគ្រឿងចាក់ដោតដល់ជនបទឡើយ ព្រះតថាគតប្រព្រឹត្ត
នូវអំពើជាប្រយោជន៍ ទាំងសេចក្តីសុខដល់ជនច្រើន បើព្រះតថាគត ចេញទៅបួស
រមែងជាអ្នកបន្សាត់បង់នូវបាប ជាអ្នកស្ងប់រម្ងាប់ មានធូលីគឺរាគាទិក្កិលេសស្ងប់រម្ងាប់
ហើយ មានកិលេសដូចជាដម្បូល បើកចេញហើយ ជាអ្នកប្រាសចាកសេចក្តីក្រវល់
ក្រវាយ និងសេចក្តីលំបាកកាយ តែងឃើញនូវលោកនេះ និងលោកខាងមុខ ។ ពួក
គ្រហស្ថ និងបព្វជិតជាច្រើន ដែលជាអ្នកធ្វើតាមឱវាទ របស់ព្រះតថាគតនោះ
តែងជាអ្នកប្រាសចាកសេចក្តីសៅហ្មង ព្រោះថា ព្រះតថាគតដែលមានបាប
បន្សាត់ចោលហើយនោះ រមែងមានតែមនុស្សស្អាតល្អ ដែលជាអ្នកកំចាត់បង់នូវ
មន្ទិល និងដង្គត់គឺរាគាទិក្កិលេស នូវកំហុសគឺទោស និងកិលេសទាំងពួង មកចោម
រោមជុំវិញ ។ លុះព្រះមានប្រភាគ បានសំដែងលក្ខណសូត្រនេះចប់ហើយ ។
ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរចំពោះភាសិតរបស់ព្រះមានព្រះភាគ ។
ចប់ លក្ខណសូត្រ ទី ៧ ។