ពោលអំពីអ្នកមានចង្កាមានសណ្ឋានដូចជា ចង្កានៃរាជសីហ៍
ដកស្រង់ចេញពី បិដក លេខ១៩ - ទំព័រ ៥៨ ដល់ ទំព័រ ៦១
(៣៩) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន
លំនៅពីមុន កើតជាមនុស្ស កាលពីមុន ជាអ្នកបានលះបង់នូវសម្ផប្បលាបៈ
(ពាក្យរោយរាយ) វៀរស្រឡះហើយចាកសម្ផប្បលាបៈ ជាអ្នកពោលតាមកាលគួរ
ពោលតែពាក្យពិត ពោលពាក្យប្រកបដោយហេតុ ពោលពាក្យប្រកបដោយផល
ពោលពាក្យទូន្មាន ពោលពាក្យដែលគួរឲ្យអ្នកផង ដំកល់ទុកក្នុងហ្ឬទ័យ ជាពាក្យ
ប្រកបដោយគ្រឿងអាង មានទីបំផុត ប្រកបដោយប្រយោជន៍ ត្រូវតាមកាល ។
ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំនូវកុសលកម្ម ។ បេ។ លុះព្រះតថាគតនោះ
ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈ
នេះ គឺជាអ្នកមានចង្កាមានសណ្ឋានដូចចង្កានៃរាជសីហ៍ ។ ព្រះតថាគតនោះ ប្រកប
ដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។ បេ។ កាលបើ
បានជាស្តេចហើយ តើនឹងបានរបស់អ្វី គឹ នឹងបានជាអ្នក ដែលមនុស្សជាសឹកសត្រូវបច្ចា
មិត្តនីមួយ មិនអាចកំចាត់បង់បានឡើយ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នក
ដែលសត្រូវបច្ចាមិត្តខាងក្នុងឬខាងក្រៅ គឺរាគៈក្តី ទោសៈក្តី មោហៈក្តី សមណៈក្តី
ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬអ្នកណាមួយក្នុងលោក មិនអាចធ្វើព្រះតថាគត
ឲ្យឃ្លាត (ចាកគុណ ឬទី) បានឡើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបាន
របស់នេះឯង ។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់
នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
(៤០) ព្រះតថាគត មិនពោលពាក្យឥតប្រយោជន៍ មិនពោលពាក្យរាយមាយ ជាអ្នកមាន
គន្លងនៃពាក្យមិនរោយរាយ ព្រះតថាគត តែងបន្ទោលបង់នូវពាក្យ ដែលឥតប្រយោជន៍
ផង ពោលតែពាក្យមានប្រយោជន៍ ដែលជាពាក្យនាំមកនូវសេចក្តីសុខដល់ជនច្រើនផង ។
ព្រះតថាគត ធ្វើនូវកុសលកម្មនោះហើយ លុះច្យុតចាកមនុស្សលោកនេះ បានទៅកើត
ក្នុងឋានសួគ៌ បានសោយនូវផលវិបាករបស់កម្មដែលធ្វើល្អ លុះច្យុត (ចាកឋានសួគ៌)
នោះមកកាន់អត្តភាពជាមនុស្សនេះវិញ ក៏បាននូវភាពជាអ្នកមានចង្កា ដូចចង្កាសីហៈ
ដែលជាសត្វប្រសើរជាងពួកសត្វជើង៤ ។ ព្រះតថាគត ជាស្តេចកំពូលនៃមនុស្ស ជាធំ
ជាងមនុស្ស មានអានុភាពច្រើន ទោះបើអ្នកណាៗ ក៏មិនអាចញ៉ាំញីបានឡើយ ព្រះតថា
គត ស្មើដោយព្រះឥន្ទ្រ ដែលប្រសើរ ក្នុងភពឈ្មោះតាវត្តិង្ស ទាំងក្លៀវក្លាប្រសើរក្រៃលែង
ដូចជាព្រះឥន្ទ្រាធិរាជដូច្នោះឯង។ ព្រះតថាគត ជាអ្នកមានអត្តភាពដូច្នោះ ទោះបីគន្ធព្វ
អសុរ សក្កទេវរាជ រក្ខទេពទាំងឡាយ ដែលក្លៀវក្លា ក៏មិនអាចញ៉ាំញីបាន បើអ្នកណាមាន
លក្ខណៈ ដូចជាព្រះតថាគតនោះ ក្នុងលោកនេះ នឹងបានជាធំក្នុងទិស គឺទិសតូចនិង ទិសធំ ។