ពោលអំពីអ្នកមានអណ្តាតវែង មានសូរសព្ទសំឡេង
ក្រាងក្រអៅ ឮពិរោះដូចជាសំឡេងសត្វ ករវិក
ដកស្រង់ចេញពី បិដក លេខ១៩ - ទំព័រ ៥៥ ដល់ ទំព័រ ៥៨
(៣៧) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន
លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបានលះបង់នូវផរុសវាចា វៀរ
ស្រឡះហើយ ចាកផរុសវាចា ជាអ្នកនិយាយតែពាក្យឥតទោស ពាក្យដែលសុខ
ដល់ត្រចៀកគេ គួរឲ្យស្រឡាញ់ គួរឲ្យតាំងទុកក្នុងហឫទ័យ ជាសំដីអ្នកក្រុង
ទាំងជាទីស្រឡាញ់នៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន ។ ព្រះតថាគតនោះ
ព្រោះបានសន្សំកសាង នូវកុសលកម្មនោះ ។ បេ។ លុះព្រះតថាគតនោះ ច្យុតចាក
ឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈ ទាំង
ពីរនេះ គឺជាអ្នកមានអណ្តាតវែង ១ មានសូរសព្ទសំឡេងក្រាងក្រអៅ ដូចជា
សំឡេងព្រហ្ម កាលបើ បញ្ចេញវាចាលាន់ឮពីរោះ ដូចជាសំឡេងសត្វករវិក ១ ។
ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹង
បានជាស្តេចចក្រពត្តិ ។ បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺ
នឹងបានជាអ្នកមានវាចាគួរឲ្យអ្នកផងកាន់តាម គឺពួកព្រាហ្មណ៍ គហបតី អ្នក
និគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមានអង្គ ៤ អ្នករក្សាទ្វារ
អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ តែង
កាន់តាមពាក្យរបស់ព្រះតថាគតនោះ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង
។ បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជា
អ្នកមានវាចា គួរឲ្យអ្នកផងកាន់តាម គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា
មនុស្ស អសុរ នាគ គន្ធព្វ តែងកាន់តាមពាក្យរបស់ព្រះតថាគតនោះ កាលបើព្រះ
តថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បាន
សំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
(៣៨) ព្រះតថាគតនោះ មិនបានពោលពាក្យអាក្រក់ក្រៃលែង ដែលជាពាក្យជេរ
ជាពាក្យបង្កហេតុឲ្យទាស់ទែងគ្នា បៀតបៀនគ្នា ពាក្យដែលធ្វើឲ្យឈឺចិត្ត ពាក្យជា
គ្រឿងមើលងាយនូវជនច្រើនឡើយ ព្រះតថាគត ពោលតែពាក្យផ្អែមល្ហែម ទន់ភ្លន់
ប្រកបដោយប្រយោជន៍ ។ ព្រះតថាគតនោះ ពោលតែពាក្យ ដែលជាទីស្រឡាញ់
ពេញចិត្ត គួរដម្កល់ទុកក្នុងហ្ឬទ័យ នាំមកនូវសេចក្តីសុខ ដល់ត្រចៀក (របស់មនុស្ស
ដែលបានស្តាប់ ) ព្រះតថាគត បានសោយផលនៃបុណ្យ ក្នុងឋានសួគ៌ បានសោយ
ផលនៃអំពើសុចរិត លុះព្រះតថាគត ច្យុតមកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ
ភាពជាអ្នកមានសំឡេង ដូចសំឡេងព្រហ្ម អណ្តាតរបស់ព្រះតថាគតនោះ ធំទូលាយ
ព្រះតថាគត មានពាក្យដែលគួរឲ្យអ្នកផងកាន់តាម សូម្បីកាលព្រះតថាគត នៅជា
គ្រហស្ថ និយាយយ៉ាងណាទៅហើយ ក៏តែងនាំឲ្យសម្រេចប្រយោជន៍ យ៉ាងនោះ
បើព្រះតថាគតនោះ ជាមនុស្សចេញទៅបួស ក៏មានពួកជនជឿកាន់តាម
ពាក្យ របស់ព្រះតថាគតនោះ ដែលជាអ្នកពោលនូវពាក្យល្អច្រើន ។