ពោលអំពីអ្នកមានធ្មេញ ៤០គត់ មានធ្មេញជិតស្និទ្ធល្អ
ដកស្រង់ចេញពី បិដក លេខ១៩ - ទំព័រ ៥៣ ដល់ ទំព័រ ៥៥
(៣៥) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ ) នូវជាតិពីមុន ភពពីមុន
លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត វៀរ
ស្រឡះហើយចាកវាចាស៊កសៀត ជាអ្នកឮពាក្យអំពីជនឯនេះ មិននាំទៅប្រាប់ជន
ឯនោះ ដើម្បីបំបែកជនទាំងពីរចំណែកនេះឡើយ ឬបានឮពាក្យអំពីជនឯនោះ
មិននាំមកប្រាប់ជនឯនេះ ដើម្បីបំបែកជនឯនោះឡើយ ជាអ្នកផ្សះផ្សានូវជន
ដែលបាក់បែកគ្នាហើយ ជាអ្នកទំនុកបម្រុងនូវពួកជនដែលព្រមព្រៀងគ្នា
ជាអ្នករីករាយនឹងការព្រមព្រៀង ត្រេកអរនឹងការព្រមព្រៀងគ្នា ពេញចិត្តនឹង
ការព្រមព្រៀងគ្នា និងពោលតែវាចា ដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា ។
ព្រះតថាគតនោះ ព្រោះបានធ្វើនូវកុសលនោះ ។ បេ។ លុះព្រះតថាគតច្យុត
ចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈ
ទាំងពីរនេះ គឺជាអ្នកមានធ្មេញ ៤០ គត់ ១ មានធ្មេញជិតស្និទ្ធល្អ ១ ។ ព្រះតថាគត
នោះប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេច
ចក្រពត្តិ ។ បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឹនឹងបានជា អ្នកមិន
បែកបាក់បរិស័ទ ឯបរិស័ទរបស់ស្តេច ដែលមិនបែកបាក់គ្នានោះ គឺពួកព្រាហ្មណ៍
គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ ពួកសេនាមានអង្គ ៤
អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិនិងព្រះរាជកុមារ
កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់
ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងមានបរិស័ទមិនបែកបាក់គ្នា បរិស័ទរបស់ព្រះ
តថាគតដែលមិនបែកបាក់គ្នានោះ គឺ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា
មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបាន
របស់នេះឯង ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់
ត្រាស់គាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
(៣៦) ព្រះតថាគតនោះ មិនបានពោលនូវពាក្យមិនពិត ពាក្យដែលបង្កហេតុឲ្យ
បែកបាក់គ្នា ចាកការព្រមព្រៀង ពាក្យដែលធ្វើសេចក្តីបែកបាកគ្នា និង
ទាស់ទែងគ្នា ឲ្យចំរើនពាក្យដែលធ្វើជំលោះ និងអំពើមិនគួរឲ្យចំរើន និងពាក្យ
ដែលនាំជនដែលមានបំណងព្រមព្រៀងឲ្យបែកបាក់គ្នា ។ ព្រះតថាគត ពោល
តែពាក្យល្អ ជាពាក្យធ្វើសេចក្តីមិនវិវាទ ឲ្យចំរើន និងពាក្យផ្សះផ្សាជនដែល
បែកបាក់គ្នាហើយ ព្រះតថាគត បន្ទោបង់នូវជំលោះរបស់ជន ធ្វើឲ្យព្រម
ព្រៀងគ្នា ព្រះតថាគត តែងរីករាយ ត្រេកអរ មួយអន្លើដោយសត្វទាំងឡាយ
ព្រះតថាគតបានទៅសោយផលវិបាកក្នុងសុគតិ រីករាយក្នុងសុគតិនោះ លុះច្យុត
ចាកឋានសួគ៌ (មកកើត) ក្នុងមនុស្សលោកនេះ ក៏មានធ្មេញជិតស្និទ្ធល្អ និង
មានធ្មេញ៤០គត់ ប្រតិស្ឋានដោយល្អនៅក្នុងមាត់ ។ បើព្រះតថាគតនៅ
(គ្រប់គ្រងគេហដ្ឋាន) នឹងបានជាក្សត្រិយ៍គ្រប់គ្រងផែនដី មានបរិស័ទមិន
បែកបាក់គ្នាឡើយ ទោះបីជាសមណៈ ក៏ជាអ្នកឥតមានធូលី ឥតមានមន្ទិល
គឺរាគាទិក្កិលេសឡើយ ជាអ្នកមានបរិស័ទ តាមចោមរោម មិនញាប់ញ័រឡើយ ។