ពោលអំពីអ្នកមានសម្បុលឿងភ្លឺបំព្រង ដូចសម្បុរនៃមាស មានស្បែកជិតស្និទ្ធល្អដូចជាមាស
ដកស្រង់ចេញពី បិដក លេខ១៩ - ទំព័រ ៣១ ដល់ ទំព័រ ៣៣
(១៩) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ ) នូវជាតិពីមុន ភពពីមុន
លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកមិនមានសេចក្តីក្រោធ មិនច្រើន
ដោយសេចក្តីចង្អៀតចង្អល់ចិត្ត សូម្បីជនច្រើននាក់ នាំគ្នាស្តីថាឲ្យ ក៏មិនឈឺចិត្ត
មិនក្រោធ មិនចងកំហឹងទុក មិនដម្កល់ទុកនូវសេចក្តីក្រោធ ទាំងមិនបានធ្វើនូវ
សេចក្តីក្រោធ នូវការប្រទូស្ត និងសេចក្តីតូចចិត្តឲ្យប្រាកដឡើយ (ដោយកាយវិការ ឬវចិរិការ ) ឡើយ ព្រះតថាគតជាអ្នកបានឲ្យនូវកម្រាល និងសម្ពត់ដណ្តប់មាន
សាច់ទន់ល្មៃ គឺសម្ពត់ធ្វើពីសម្បកឈើ មានសាច់មដ្ឋ សម្ពត់ធ្វើពីកប្បាសមាន
សាច់មដ្ឋ សម្ពត់ធ្វើពីសូត្រ មានសាច់មដ្ឋ សម្ពត់ធ្វើពីរោមសត្វ មានសាច់មដ្ឋ ។ ព្រះ
តថាគតនោះ ព្រោះបានធ្វើសន្សំនូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះច្យុត
ចាកឋានសួគ៌នោះមកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានពណ៌សម្បុរ ( លៀងភ្លឺបំព្រង )ដូចជាសម្បុរនៃមាស និងមានស្បែកជិត
ស្និទ្ធល្អដូចជាមាស ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រង
គេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។ បេ ។ កាលបើព្រះតថាគតនៅសោយរាជ្យ
នឹងបានរបស់អ្វី គឺនឹងបាននូវកម្រាល និងសម្ពត់ដណ្តប់ មានសាច់ល្អិតទន់ល្មៃ គឺសម្ពត់
ធ្វើដោយសម្បកឈើមានសាច់មដ្ឋ សម្ពត់ធ្វើដោយកប្បាសមានសាច់មដ្ឋ សម្ពត់ធ្វើដោយ
សូត្រមានសាច់មដ្ឋ សម្ពត់ធ្វើដោយរោមសត្វមានសាច់មដ្ឋ កាលបើព្រះតថាគតនៅ
សោយរាជ្យ នឹងបានរបស់នេះឯង ។ បេ ។ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ
នឹងបានរបស់អ្វី គឺនឹងបាននូវកម្រាល និងសម្ពត់មានសាច់ល្អិតទន់ល្មៃ គឺសម្ពត់ធ្វើ
ដោយសម្បកឈើមានសាច់មដ្ឋ សម្ពត់ធ្វើដោយកប្បាសមានសាច់មដ្ឋ សម្ពត់ធ្វើដោយ
សូត្រមានសាច់មដ្ឋ សម្ពត់ធ្វើដោយរោមសត្វមានសាច់មដ្ឋ កាលបើព្រះតថាគតបាន
ត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះ
រួចហើយ ។ ទើបទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
(២០) ព្រះតថាគតតាំងទុកនូវសេចក្តីមិនក្រោធផង នូវទានផង ហើយបានឲ្យនូវ
សម្ពត់ទាំងឡាយផង មានសាច់មដ្ឋ មានពណ៌ស្រស់ ព្រះតថាគតឋិតនៅក្នុងភពពី
មុន បានបរិចា្ចគ (ទាន )ហាក់ដូចជាទឹកភ្លៀង ដែលធ្លាក់ចុះមកលើផែនដីដូច្នោះឯង ។
ព្រះតថាគតព្រោះបានធ្វើនូវកុសលកម្មនោះ លុះច្យុតចាកអត្ថភាពនេះហើយ ចូលទៅ
កាន់ទិព្វវិមាន បានសោយផលវិបាក នៃអំពើដែលខ្លួនបានធ្វើហើយ ជាអ្នកមានខ្លួនដូច
ជាមាស ( លុះមកកើត ) ក្នុងភពនេះ បានគ្របសង្កត់ ( នូវមនុស្សទាំងអស់ ) ហាក់ដូច
ជាព្រះឥន្ទ្រ ដែលប្រសើរជាងពួកទេវតាដូច្នោះឯង ។ បើព្រះតថាគតនៅជាមនុស្ស
គ្រប់គ្រងគេហដ្ឋាន មិនប្រាថ្នានឹងបួសទេ ក៏គង់តែបានគ្រប់គ្រងនូវផែនដីធំ គ្របសង្កត់
(នូវពួកបច្ចាមិត្ត ) ព្រមទាំងបាននូវរតនៈ ៧ ប្រការ ក្នុងលោកនេះផង បាននូវសម្ពត់ដ៏
ធំទូលាយ មានសាច់ល្អិតមដ្ឋ មានសម្បុរស្រស់ស្អាតផង ។ បើព្រះតថាគតចេញទៅទ្រង់
ព្រះផ្នួស នឹងបានសម្ពត់សម្រាប់ស្លៀក និងសម្ពត់សម្រាប់ដណ្តប់ដ៏ប្រសើរ ព្រះតថាគត
រមែងបានសោយផលរបស់កម្ម ដែលបានទំនុកបម្រុងល្អហើយ និងបានធ្វើទុកមកពី
ជាតិមុន សេចក្តីវិនាសនៃកម្ម ដែលព្រះតថាគតធ្វើនោះ មិនមានឡើយ ។