ពោលអំពីអ្នកមានសម្បុរថ្ងៃ រលីងស្រិលរអិល ធុលីធ្លាក់មកត្រូវមិនជាប់កាយ

​ដកស្រង់ចេញពី បិដក​ លេខ១៩  -  ទំព័រ ២៨  ដល់ ទំព័រ  ៣០ ​

(១៧) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ ) នូវជាតិពីមុន ភពពីមុន

 លំនៅពីមុន កើតជាមនុស្សក្នុងកាលមុន ជាអ្នកចូលទៅរកសមណព្រាហ្មណ៍

ហើយសាកសួរថា បពិត្រលោកដ៏ចំរើន អំពើដូចម្តេចជាកុសល អំពើដូចម្តេចជា

អកុសល អំពើដូចម្តេចដែលប្រកបដោយទោស អំពើដូចម្តេចដែលមិនប្រកប

ដោយទោស អំពើដូចម្តេចគួរសេព អំពើដូចម្តេចមិនគួរសេព អំពើដូចម្តេច

ដែលខ្ញុំធ្វើហើយ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខអស់កាលយូរអង្វែង

  មួយទៀតអំពើដូចម្តេច ដែលខ្ញុំធ្វើហើយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេច

ក្តីសុខ អស់កាលយូរអង្វែង ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំកសាង នូវ

កុសលកម្មនោះ ។បេ។  លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្ត

ភាពជាមនុស្សនេះ  ក៏បាននូវមហាបុរិសលក្ខណៈនេះ  គឺជាអ្នកមានឆវី (សម្បុរថ្ងៃ )

ដ៏ល្អិតផូរផង់ រលីងស្រិល រអិលធូលីធ្លាក់មកត្រូវ មិនជាប់កាយ ។ ព្រះតថាគតនោះ

ប្រកបដោយលក្ខណៈនោះ បើនឹងគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។

កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបាន អ្នកមានប្រាជ្ញាច្រើន

 បណ្តាអ្នកបរិភោគកាមទាំងឡាយ នឹងរកអ្នកណាមួយឲ្យមានប្រាជ្ញាប្រហែល ឬប្រសើរ

វិសេស ជាងបញ្ញារបស់ព្រះតថាគតនោះគ្មានឡើយ  កាលបើព្រះតថាគតនៅសោយរាជ្យ

នឹងបានរបស់នេះឯង។ បេ ។ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធនឹងបានរបស់អ្វី

 គឺនឹងបានជាអ្នកមានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មានប្រាជ្ញា

រហ័ស មានប្រាជ្ញាដ៏មោះមុត មានប្រាជ្ញាជាគ្រឿងសង្កត់សង្កិន ឬទំលាយ (នូវគំនរ

កិលេស មានលោភៈជាដើម) បណ្តាសត្វទាំងពួង នឹងរកសត្វណាមួយ ឲ្យមានប្រាជ្ញា

ស្មើ ឬប្រសើរវិសេស ជាងបញ្ញារបស់ព្រះតថាគតនោះគ្មានឡើយ កាលបើព្រះតថាគត

 បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានប្រភាគត្រាស់សេចក្តីនេះ

រួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

(១៨)) ក្នុងកាលមុន ភពមុន ជាតិពីមុន ព្រះតថាគតជាអ្នកចង់ចេះដឹង បានចូលទៅរក

បុព្វជិត ហើយសាកសួរ( នូវប្រស្នា ) បានស្តាប់ដោយគោរព ធ្វើសេចក្តីឲ្យតាំងនៅខាង

ក្នុង ហើយចំណាំនូវពាក្យ ដែលប្រកបដោយប្រយោជន៍តែមួយយ៉ាង ។ ព្រោះកម្មដែល

ប្រព្រឹត្តទៅ ដើម្បីបាននូវប្រាជ្ញា​​​ (នោះ) ទើបព្រះតថាគត កើតមកជាមនុស្សមានឆវីដ៏ល្អិត

ផូរផង់ ពួកអ្នកប្រាជ្ញឈ្លាស ក្នុងការទាយនូវ ឧប្បាដនិងនិមិត្តនាំគ្នាទាយថា ព្រះតថាគត នឹងពិចារណាឃើញច្បាស់នូវអត្ថដ៏ល្អិតសុខុមទាំងឡាយបាន ។ បើបុគ្គល (មានលក្ខណៈ )

 ដូចព្រះតថាគតនោះ មិនបានចេញទៅបព្វជ្ជាទេ ក៏គង់ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ និងគ្រប់

គ្រងផែនដីបាន បណ្តាពួកអ្នកប្រៀនប្រដៅនូវអត្ថ និងពួកអ្នកកំណត់កត់ចាំ ​( នូវអត្ថ )

នឹងរកបុគ្គលណាមួយឲ្យត្រឹមស្មើ ឬប្រសើរជាងព្រះតថាគតនោះគ្មានឡើយ ។ បើបុគ្គល

 ( មានលក្ខណៈ ) ដូចព្រះតថាគតនោះ ចេញទៅបព្វជ្ជា នឹងបានជាអ្នកប្រាជ្ញ មានសេចក្តី

ពេញចិត្ត ទាំងត្រេកអរក្នុងនេក្ខម្មៈ ជាអ្នកមានប្រាជ្ញាដ៏ប្រសើរប្រៀបដោយផែនដី នឹងបាន

ដល់ពោធិញ្ញាណដ៏ខ្ពង់ខ្ពស់ មានចំណែកដ៏ប្រសើរក្នុងផ្លូវប្រាជ្ញា ។