ពោលអំពីអ្នកមានស្មងរៀវមូលត្រសូល ស្រដៀងស្មងសត្វទ្រាយ
ដកស្រង់ចេញពី បិដក លេខ១៩ - ទំព័រ ២៥ ដល់ ទំព័រ ២៧
(១៥) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ ) នូវជាតិពីមុន ភពពីមុន
លំនៅពីមុន កើតជាមនុស្សក្នុងកាលមុន ជាអ្នក បានបង្ហាញនូវសិល្បសាស្ត្រ
(ថោកទាប និង សិល្បសាស្ត្រឧត្តម ) ផង នូវវិជ្ជា ( ច្រើនប្រការ មានវិជ្ជាស្តោះពស់
ជាដើម ) ផង នូវចរណៈ គឺ សីល៥ សីល៨ ឬ សីល១០ ឬបាតិបោក្ខសំវរសីលផង
នូវការងារផង ដោយយកចិត្តទុកដាក់ ដោយតាំងចិត្តថាធ្វើដូចម្តេចហ៎្ន ពួកជននេះ
បានចេះដឹងឆាប់ បានទទួលសេចក្តីប្រតិបត្តិឆាប់ កុំឲ្យលំបាកអស់កាលជាយូរអង្វែង
ឡើយ ។ ព្រះតថាគតនោះ ព្រោះបានធ្វើសន្សំនូវកុសលកម្មនោះ ។ បេ។ លុះព្រះ
តថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហា
បុរិសលក្ខណៈនេះ គឺជាអ្នកមានស្មងរៀវមូលត្រសូល ស្រដៀងនឹងស្មងសត្វទ្រាយ ។
ព្រះតថាគតប្រកបហើយដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជា
ស្តេចចក្រពត្តិ ។ បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបាន
នូវ រាជវាហនៈដ៏សមគួរដល់ស្តេច និងវាហនៈជាអង្គនៃរាជសេនា និងគ្រឿងរាជូបភោគ
ដ៏សមគួរដល់ស្តេច ដោយឆាប់រហ័ស កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបាន
របស់នេះឯង។ បេ។ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី
គឺនឹងបាននូវ បច្ច័យដ៏សមគួរដល់សមណៈនិងបរិស័ទដែលជាអង្គរបស់សមណៈ
និងគ្រឿងសមណូបភោគ ដ៏សមគួរដល់សមណៈ ដោយឆាប់រហ័ស កាលបើព្រះ
តថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគត្រាស់
នូវសេចក្តីនេះរួចហើយ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
(១៦) ព្រះតថាគត តែងប្រាថ្នាដូច្នេះថា ធ្វើម្តេចហ៎្ន ជនទាំងឡាយនេះ នឹងចេះដឹង
នូវសិល្បសាស្ត្រ វិជ្ជា ចរណៈ និងការងារទាំងឡាយបានដោយឆាប់រហ័ស ឯសិល្ប
សាស្ត្រណា មិនបៀតបៀន ដល់អ្នកណាមួយ ព្រះតថាគតបង្រៀននូវសិល្បសាស្ត្រ
នោះ យ៉ាងឆាប់រហ័ស មិនឲ្យលំបាកអស់កាលយូរឡើយ ។ ព្រោះព្រះតថាគត បាន
ធ្វើកុសលកម្មនោះ ដែលជាកម្មញ៉ាំងសុខឲ្យចំរើន ទើបបាននូវស្មងដ៏ល្អ មានរបៀប
រៀបរយល្អ ព្រះតថាគតមានចុងរោម ងឡើងលើ វិលជាទក្ខិណាវដ្ត ដុសឡើងល្អ
ច្រាងឡើងលើ ទៅតាមលំដាប់ ទាំងមានស្បែកកាយដ៏ល្អិតមដ្ឋព័ទ្ធជុំវិញ ។ បុគ្គល
ដែលប្រកបដោយលក្ខណៈដូច្នោះ អ្នកប្រាជ្ញទាំងឡាយពោលថា មានព្រះជង្ឃា
រៀវមូល ដូចជាស្មងសត្វទ្រាយ ឯរោមមួយៗ (ក៏ដុះឡើងល្អ ) ព្រះតថាគត ប្រាថ្នា
នូវសម្បត្តិណា សម្បត្តិនោះ ទោះបីព្រះតថាគតមិនបានបព្វជ្ជា ក៏គង់បានឆាប់ក្នុង
លោកនេះ ។ បើបុគ្គល (មានលក្ខណៈ )ដូចព្រះតថាគតនោះ ចេញទៅបួស នឹងបាន
ជាអ្នកប្រាជ្ញ មានសេចក្តីពេញចិត្ត ត្រេកអរចំពោះនេក្ខម្មៈ ជាអ្នកមានសេចក្តី
ព្យាយាមមិនថោកថយឡើយ តែងបាននូវសម្បត្តិដ៏សមគួរដល់បុគ្គល
ដែលមានសភាពដ៏សមគួរ ។