ពោលអំពីអ្នកមានផ្ទៃដៃនិងផ្ទៃជើងទន់ល្វន់ និងប្រទាក់ក្រឡាដូចជាសំណាញ់
ដកស្រង់ចេញពី បិដក លេខ១៩ - ទំព័រ ១៩ ដល់ ទំព័រ ២២
(១១) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន
លំនៅពីមុន កើតជាមនុស្សក្នុងកាលមុន ជាអ្នកបានសង្គ្រោះ ដល់ពពួកជន
ដោយសង្គហវត្ថុ ៤ ប្រការ គឺទាន ១ ពាក្យជាទីស្រឡាញ់ ១ ការប្រព្រឹត្តិដែល
ជាប្រយោជន៍ ១ ការតាំងខ្លួនស្មើ គឺមិនប្រកាន់ខ្លួន ១ ។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយបន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុងសុគតិ
សួគ៌ទេវលោក ព្រោះកុសលកម្មដែលព្រះតថាគតបានធ្វើសន្សំ បណ្តុះ
បណ្តាលឲ្យធំទូលាយនោះឯង ។ លុះព្រះតថាគតនោះ ច្យុតចាកឋាន
សួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈ
ទាំងពីរនេះ គឺជាអ្នកមានផ្ទៃដៃនិងផ្ទៃជើងទន់ល្វន់ ( ដូចជាសំឡីដែលគេ
ថ្តេចអស់ ១០០ ដង ) ១ មានផ្ទៃដៃនិងផ្ទៃជើង ប្រទាក់ដោយក្រឡា ដូចជា
សំណាញ់ ១ ។ ព្រះតថាគតនោះប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅ
គ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។ បេ ។ កាលបើបានជាស្តេច
ហើយ តើនឹងបាននូវរបស់អ្វី គឺនឹងបានជាអ្នកសង្គ្រោះនូវជនជាបរិស័ទ
ជនបរិស័ទដែលព្រះតថាគតបានសង្គ្រោះនោះគឺ ពួកព្រាហ្មណ៍ គហបតិ
អ្នកនិគម អ្នកជនបទ ពួកស្មៀន មហាមាត្រ ពួកសេនាមានអង្គ៤
( មានសេនាដំរីជាដើម ) ឆ្មាំទ្វារ អាមាត្យ រាជបរិស័ទ ស្តេចចំណុះ
អ្នកមានភោគៈ និងរាជកុមារ កាលបើព្រះតថាគតនៅជាស្តេច
នឹងបានរបស់នេះឯង ។ បេ ។ កាលបើព្រះតថាគតបានត្រាស់
ជាព្រះពុទ្ធ នឹងបាននូវរបស់អ្វី គឺនឹងបានជាអ្នកសង្គ្រោះនូវបរិស័ទ
ជនជាបរិស័ទដែលព្រះតថាគតបានសង្គ្រោះនោះគឺ ពួកភិក្ខុ ភិក្ខុនី
ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះ
តថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមាន
ប្រភាគត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់គាថាព័ន្ធនេះ
ក្នុងលក្ខណៈនោះថា
(១២) ព្រះតថាគតបានធ្វើ បានប្រព្រឹត្តការសង្គ្រោះដោយល្អ ដល់ពួក
ជនច្រើននាក់ ( ដោយសង្គហវត្ថុ៤ ប្រការ ) គឺ ទាន ១ ការប្រព្រឹត្តិដែលជា
ប្រយោជន៏ ១ ពាក្យជាទីស្រឡាញ់ ១ សេចក្តីពេញចិត្ត ក្នុងការតាំងខ្លួនស្មើ ១
ទើបទៅកាន់ឋានសួគ៌ដោយគុណ គឺសេចក្តីមិនប្រមាទ ។ លុះព្រះតថាគតច្យុត
(ចាកឋានសួគ៌នោះ ) មកកើតក្នុងភពនេះទៀត ជាមនុស្សកំឡោះ នៅក្មេងល្អ
ក៏បាននូវអំពើដែលគួរធ្វើ គួរប្រព្រឹត្តទន់ភ្លន់ផង បាននូវសេចក្តីរុងរឿង សេច
ក្តីឈ្លាសវៃក្រៃលែង និងរូបដែលគួរឲ្យអ្នកផងពិតពិលរមិលមើល ដើម្បីចេញ
ចាកសំណាញ់ ពោលគឺសង្សារ ។ ព្រះតថាគតបានចាត់ចែងការងារ បានគ្រប់
គ្រងនូវផែនដីធំនេះ និងការសង្គ្រោះដោយល្អ ចំពោះជនជាបរិស័ទ ពោលពាក្យ
ជាទីស្រឡាញ់ ស្វែងរកនូវប្រយោជន៏ និងសេចក្តីសុខ អំពើតែនឹងគុណដែលខ្លួន
គាប់ចិត្តដ៏ក្រៃលែង ។ បើព្រះតថាគតលះបង់ នូវការបរិភោគកាមគ្រប់យ៉ាង
ហើយ(ចេញទៅបួស) នឹងបានជាព្រះជិនស្រី សម្តែងនូវធម្មកថា ដល់ជនជា
បរិស័ទ ពួកជនជាបរិស័ទ ដែលបានស្តាប់ធម្មកថានោះ ក៏ជ្រះថ្លា ហើយធ្វើ
តាមពាក្យនៃព្រះតថាគតនោះ ទើបនាំគ្នាប្រព្រឹត្តនូវធម៌ដ៏សមគួរដល់ធម៌ ។