ពោលអំពីកែងជើងវែង ម្រាមដៃនិងម្រាមជើងវែង កាយត្រង់ដូចជាកាយព្រហ្ម
ដកស្រង់ចេញពី បិដក លេខ១៩ - ទំព័រ ១៤ ដល់ ទំព័រ ១៧
(៧) ម្នាលភិក្ខុទាំងឡាយ កាលតថាគត អាស្រ័យនូវជាតិពីមុន ភពពីមុន លំនៅពីមុន
កើតជាមនុស្សក្នុងកាលមុន ជាអ្នកបានលះបង់នូវបាណាតិបាតជាអ្នកដាក់ចុះនូវអាជ្ញា
និងគ្រឿងសាស្រ្តាវុធ មានសេចក្តីខ្មាសបាប មានចិត្តអាសូរករុណា តែងអនុគ្រោះ
សព្វសត្វដោយប្រយោជន៍ ។ ព្រះតថាគតនោះ ព្រោះបានធ្វើនូវកុសលកម្មនោះ ។ បេ។
លុះព្រះតថាគតនោះច្យុតចាកឋានសួគ៌នោះមកកាន់អត្តភាព ជាមនុស្សនេះ ក៏បាន
នូវមហាបុរសិសលក្ខណៈទាំង ៣ នេះ គឺមានកែងជើងវែង ១ មានម្រាមដែ និងម្រាម
ជើងវែងៗ ១ មានកាយត្រង់ដូចកាយព្រហ្ម ១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈ
( ទាំង ៣ ) នោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។ បេ ។ បើបានជា
ស្តេចហើយ តើនឹងបាននូវរបស់អ្វី គឺនឹងបានជាអ្នកមានអាយុវែង ប្រតិស្ឋាននៅអស់កាល
យូរគ្រប់គ្រងនូវជន្មាយុឲ្យរស់នៅបានយូរ មនុស្សជាសឹកសត្រូវ និងបច្ចាមិត្តណាមួយ
មិនអាចនឹងផ្តាច់ជីវិតត្រង់រវាងអាយុបានទេ កាលបើបានជាស្តេច នឹងបានរបស់នេះ
។ បេ ។ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺ នឹងបានជាអ្នក
មានអាយុវែង ប្រតិស្ឋាននៅអស់កាលយូរ គ្រប់គ្រងជន្មាយុរស់នៅបានយូរ សមណៈក្តី
ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ជាសឹកសត្រូវ ជាបច្ចាមិត្ត ក្នុង
លោកនេះ មិនអាចនឹងផ្តាច់បង់ជីវិតត្រង់រវាងអាយុបានឡើយ កាលបើព្រះតថាគត
បានត្រាស់ជាព្រះពុទ្ធ នឹងបាននូវរបស់នេះឯង ។ លុះព្រះមានព្រះភាគបានត្រាស់
សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
(៨) ព្រះតថាគតដឹងច្បាស់នូវភ័យអំពីសេចក្តីស្លាប់ ដែលហៅថា មរណៈចំពោះខ្លួន
ឯងហើយ បានវៀរស្រឡះចាកការសម្លាប់នូវសត្វដទៃ ព្រោះអំពើសុចរិតនេះឯង ព្រះ
តថាគតនោះ បានទៅកើតក្នុងឋានសួគ៌ សោយផលវិបាករបស់កម្ម ដែលបានធ្វើទុក
ល្អហើយ ។ លុះច្យុតចាក (ឋានសួគ៌) នោះ មកកើតក្នុងមនុស្សលោកនេះទៀតក៏បាន
នូវលក្ខណៈទាំង ៣ នេះក្នុងភពនេះ គឺជាអ្នកមានកែងជើងវែងទូលាយ ១ មានកាយ
ត្រង់ល្អស្អាត ដូចជាកាយនៃព្រហ្ម ១ មានភ្នែកល្អ មានរូបនៅក្មេង មានទ្រង់ទ្រាយ
ល្អ មានជាតិល្អ មានអង្គុលិរបស់ព្រះតថាគតនោះ ទន់ល្វន់វែងល្អ ព្រះតថាគត
ប្រកបដោយមហាបុរិសលក្ខណៈ ៣ (នេះ) ដើម្បីញ៉ាំងជីវិត ឲ្យប្រព្រឹត្តទៅអស់កាល
យូរ ប្រហែលដូចជានៅក្មេង ។ បើព្រះតថាគតនៅជាគ្រហស្ថ តែងញ៉ាំងជីវិត
ឲ្យរស់នៅអស់កាលយូរ បើចេញទៅបួសនឹងញ៉ាំងជីវិត ឲ្យរស់នៅអស់កាលយូរ
ជាងនោះទៅទៀត ព្រះតថាគតជាអ្នកស្ទាត់ជំនាញ រមែងញ៉ាំងជីវិតឲ្យរស់នៅ
ដោយការចំរើនឫទ្ធិ លក្ខណៈទាំង ៣ នោះ ជានិមិត្តរូបនៃទីឃាយុភាពយ៉ាងនេះឯង ។