ពោលអំពីផ្ទៃជើងទាំងគូខាងក្រោមមានរូបចក្រ ប្រកបដោយខ្នងកង់ និងដុំមានកាំ ១០០០

​ដកស្រង់ចេញពី បិដក​ លេខ១៩  -  ទំព័រ ១១  ដល់ ទំព័រ  ១៤

() ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន

កើតជាមនុស្សក្នុងកាលពីមុន  ជាអ្នកបាននាំមកនូវសេចក្តីសុខ ឲ្យដល់ជនច្រើននាក់ផង ជាអ្នក

កំចាត់បង់នូវភ័យ គឺសេចក្តីភ្ញាក់ផ្អើល និងសេចក្តីតក់ស្លុតផង ជាអ្នកចាត់ចែង នូវការរក្សា

ការពារ គ្រប់គ្រងប្រកបដោយធម៌ផង   បានឲ្យទានព្រមទាំងបរិវា (របស់ទាន(1)) ផង ។

ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុង

សុគតិសួគ៌ទេវលោក ព្រោះកុសលកម្មដែលព្រះតថាគតបានធ្វើ សន្សំ បណ្តុះបណ្តា

ឲ្យធំទូលាយនោះឯង​ ។ ព្រះតថាគត តែងគ្របសង្កត់នូវទេវតាឯទៀត ក្នុងឋានសួគ៌នោះ

ដោយហេតុ ១០​ប្រការ បេ ។ លុះព្រះតថាគតនោះច្យុតចាកឋានសួគ៌នោះ មកកាន់អត្ត

ភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺ ត្រង់ផ្ទៃជើងទាំងគូខាងក្រោម

មានរូបចក្រ ប្រកបដោយខ្នងកង់និងដុំព្រមទាំងកាំ ១.០០០មានចន្លោះស្មើគ្នាគ្រប់អន្លើ

ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេច

ចក្រពត្តិ  ។ បេ ។ បើបានជាស្តេចហើយ តើនឹងបានរបស់អ្វី ទើបជាអ្នកមានបរិវារច្រើន ឯ

បរិវារច្រើនរបស់ស្តេចនោះគឺ ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀននិងមហា

មាត្រ ពួកសេនាមានអង្គ៤( មានសេនាដំរីជាដើម ) អ្នករក្សាទ្វារ អាមាត្យ ពួកបរិស័ទ ស្តេច

( ចំណុះ ) ពួកអ្នកមានទ្រព្យ និងពួករាជកុមារ  កាលបើបានជាស្តេច នឹងបានរបស់នេះ ។

បើចេញចាកគេហដ្ឋានទៅបួស នឹងបានត្រាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធក្នុងលោក មាន

ដម្បូលគឺកិលេសបើកចេញហើយ កាលបើបានត្រាស់ជាព្រះពុទ្ធហើយ តើបានរបស់អ្វី ទើប

ជាអ្នកមានបរិវារច្រើន ឯបរិវារច្រើនរបស់ព្រះពុទ្ធនោះគឺ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា

 ទេវតា  មនុស្ស អសុរ នាគ គន្ធព្វ កាលបើបានត្រាស់ជាព្រះពុទ្ធ បាននូវបរិស័ទនេះ ។ លុះព្រះមានព្រះភាគបានត្រាស់សេចក្តីនេះចប់ហើយ ។

ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

( ៦ )  ព្រះតថាគតកើតជាមនុស្សក្នុងកាលពីមុន​ៗ ជាតិពីមុន ៗ ជាអ្នកនាំនូវសេចក្តីសុខមក

ឲ្យជនច្រើននាក់ ជាអ្នកបន្ទោបង់នូវភ័យ គឺសេចក្តីភ្ញាក់ផ្អើល នឹងសេចក្តីតក់ស្លុត

 ជាអ្នកខ្វល់ខ្វាយក្នុងការគ្រប់គ្រង ការរក្សាការពារ ព្រោះកម្មនោះ ព្រះតថាគត

បានទៅកាន់ឋានសួគ៌ ហើយសោយសេចក្តីសុខ សេចក្តីសម្រាន្ត និងសេចក្តីត្រេកអរ

 លុះព្រះតថាគតច្យុតចាកឋានសួគ៌នោះ មកកើតក្នុងមនុស្សលោកនេះទៀត ក៏បាន

នូវចក្រត្រង់ផ្ទៃជើងទាំងពីរ ប្រកបដោយខ្នងកង់និងដុំព្រមទាំងកាំ ១.០០០ មានចន្លោះ

ស្មើគ្នា ។ ពួកជនអ្នកស្គាល់លក្ខណៈ បានឃើញរាជកុមារដែលមានលក្ខណៈនៃបុណ្យ

ច្រើន (យ៉ាងនេះ ) ទើបព្រមគ្នាព្យាករថា ( ព្រះរាជកុមារនេះ ) នឹងមានបរិវារច្រើន

អាចញ៉ាំញីនូវសត្រូវបាន ដូចជាចក្រដែលមានខ្នងកង់ ( និងដុំព្រមទាំងកាំ ១.០០០ )

មានចន្លោះស្មើគ្នា ដូច្នោះឯង ។ បើព្រះរាកុមារ ( ដែលប្រកបដោយលក្ខណៈ )

ដូច្នោះ មិនបានចេញទៅទ្រង់ព្រះផ្នួសទេ នឹងបានជាស្តេចចក្រពត្តិ ទ្រង់ប្រាបប្រាមផែន

ដី មានពួកក្សត្រដែលចុះចូល មានយសសក្តិ៍ធំ ទៅតាមហែហមព្រះរាជកុមារនោះក្នុង

ទីនេះ ។ បើព្រះរាជកុមារ ( ដែលប្រកបដោយលក្ខណៈ ) ដូច្នោះ  ចេញទៅទ្រង់ព្រះផ្នួស

 តែងពេញចិត្តត្រេកអរ ចំពោះនេក្ខម្មៈ នឹងបានជាអ្នកប្រាជ្ញ មាន​ទេវតា មនុស្ស អសុរ 

 ព្រះឥន្ទ្រ អារក្ស   គន្ធព្វ នាគ សត្វបក្សី សត្វជើង ៤ ដែលមានយសសក្តិ៍ធំ ចោមរោម

ព្រះពុទ្ធដ៏ប្រសើ ដែលទេវតានិងមនុស្សបូជាហើយនោះ ។

________________________________________________________________________________________________

1អដ្ឋកថា ថា បរិវារ របស់​ទានមាន ១០ ប្រការ​ គឺ បាយ​ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប

គ្រឿងលាប   គ្រែ ឬ តាំង លំនៅ ប្រទឹប​និងប្រេង