ពោលអំពីផ្ទៃព្រះបាទទាំងគូរាបស្មើគ្រប់អន្លើ

ដកស្រង់ចេញពី បិដក​ លេខ១៩  -  ទំព័រ  ៨  ដល់ ទំព័រ  ១១

 

() ព្រះតថាគតមានជើងប្រតិស្ឋានល្អ ដាក់ជើងលើផែនដីក៏ស្មើ លើកឡើងក៏ស្មើ

គឺបាទជើងដិតស៊ប់នឹងផែនដីសព្វផ្ទៃជើង ។ ព្រះតថាគតនោះ ប្រកបហើយដោយលក្ខណៈនោះ

បើនឹងគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជំនះ ផ្សាយអំណាចរហូតដល់ផែនដី ដែលមានមហាសមុទ្រទាំង ៤​ព័ទ្ធជុំវិញ  និងដល់នូវភាពជាអ្នកមាន

ជនបទដ៏មាំមួន ប្រកបដោយរតន៍ទាំង ៧ ប្រការ ។ រតន៍ ៧ប្រការរបស់ស្តេចចក្រពត្តិនោះ គឺ ចក្ករតន៍ ១

ហត្ថិរតន៍ ១ អស្សរតន៍ ១ មណិរតន៍ ១ ឥត្ថីរតន៍ ១ គហបតិរតន៍ ១ បរិនាយករតន៍​ ១ រួមត្រូវជា ៧

ប្រការ ។ ព្រះរាជបុត្ររបស់ស្តេចចក្រពត្តិនោះ ក៏មានចំនួនច្រើនពាន់ ច្រើនតែជាអ្នកក្លៀវក្លា មានរូប

សណ្ឋានជាអ្នកអង់អាច  អាចញ៉ាំញីនូវសេនារបស់ស្តេចឯទៀតបាន ។ ស្តេចចក្រពត្តិនោះប្រាបប្រាម

គ្រប់គ្រងផែនដីនេះ ដែលមានសាគរជាទីបំផុត ឲ្យជាផែនដីឥតមានគោល ឥតមាននិមិត្ត ឥតមានបន្លា

គឺចោរឡើយ ជាផែនដីស្តុកស្តម្ភ មាំមួន ក្សេមក្សាន្ត ឥតមានឧបទ្រព ឥតមានទីពួនរបស់ចោរ

ដោយធម៌ដ៏ស្មើគឺសីល ៥ មិនបាច់ពឹងអាជ្ញា មិនបាច់ពឹងគ្រឿងសាស្រ្តាវុធឡើយ កាលបើព្រះតថាគត

នៅសោយរាជ្យ នឹងបានរបស់អ្វី នឹងបានជាអ្នកមិនតក់ស្លុត ដោយមនុស្សណាមួយជាសឹកសត្រូវ ជាបច្ចាមិត្ត កាបើព្រះតថាគតនៅសោយរាជ្យនឹងបានរបស់នេះឯង ។ បើចេញចាកគេហដ្ឋាន ទៅទ្រង់បួស

 នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក មានដម្បូលគឺកិលេសបើកចេញហើយ កាលបើព្រះតថាគត

បានត្រាស់ជាព្រះពុទ្ធ បាននូវរបស់អ្វី ទើបជាអ្នកមិនតក់ស្លុតដោយសឹកសត្រូវ បច្ចាមិត្ត ខាងក្នុងឬខាងក្រៅ

 គឺ រាគៈក្តី ទោសៈក្តី មោហៈក្តី សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ក្នុងលោក

 (នេះ) កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ បានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានពោល

នូវសេចក្តីនេះហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

() ព្រះតថាគត តែងត្រេកអរ ក្នុងវចីសច្ចៈផង ក្នុងធម៌គឺកុសលកម្មបថ ១០ ផង ក្នុងការទូន្មាននូវឥន្ទ្រិយ

ផង ក្នុងសេចក្តីសង្រួម ( ក្នុងសីល ) ផង ក្នុងការសំអាតផ្លូវកាយជាដើម និងសីលជាទីអាស្រ័យ(1) និងឧបោ

សថកម្មផង ក្នុងកិរិយាមិនបៀតបៀន នូវពួកសត្វផង ក្នុងអំពើដែលមិនរួសរាន់ផង សមាទានមាំទាំប្រព្រឹត្ត

គ្រប់ទាំងអស់ព្រោះកម្មនោះឯង ទើបតថាគត បានទៅកាន់ឋានសួគ៌ សោយសេចក្តីសុខ សេចក្តីសម្រាន្ត

និងសេចក្តីត្រេអរ លុះច្យុតចាកឋានសួគ៌នោះ បានមកកើតក្នុងមនុស្សលោកនេះវិញ ក៏មានផ្ទៃជើងទាំងពីរ

រាបស្មើល្អ ជាន់ត្រូវនូវផែនដី ( ដោយព្រះបាទដ៏ស្មើ ) ។ ពួកជនអ្នកស្គាល់លក្ខណៈ មកប្រជុំគ្នាហើយទាយថា

ព្រះតថាគតដែលមានព្រះបាទប្រតិស្ឋានល្អ ទោះបីនៅជាគ្រហស្ថក្តី ធ្វើជាបព្វជិតក្តី ក៏ឥតញាប់ញ័រ (ដោយ

សត្រូវឡើយ ) ព្រោះមានលក្ខណៈនោះ ជាគ្រឿងឆ្លុះបំភ្លឺសេចក្តីនោះ ។ កាលបើនៅគ្រប់គ្រងគេហដ្ឋានតែ

មិនញាប់ញ័រ (ដោយសត្រូវ ) អាចគ្របសង្កត់នូវជនដទៃបាន ពួកសត្រូវក៏មិនអាចញាំញីបាន ព្រះតថាគត  មិនបានតក់ស្លុតនឹងមនុស្សណាមួយ ក្នុងលោកនេះ ដោយសារផលនៃកម្មនោះឯង។  បើបុគ្គល

(មានលក្ខណៈ) ដូចព្រះតថាគតនោះ ចូលទៅកាន់ផ្នួស រមែងពេញចិត្តត្រេកអរ ក្នុងនេក្ខម្មៈ បានជាអ្នក

ប្រាជ្ញប្រសើរបំផុត អ្នកប្រាជ្ញនោះ ជាអគ្គបុគ្គលប្រសើរជាងនរជន តែងមិនដល់នូវសេច

ក្តីញាប់ញ័រ (ដោយកិលេស ) ជាដាច់ខាត នេះឯងជាធម្មតា របស់ព្រះតថាគតនោះ ។

___________________________________________________________________________________________________

1ដីកាថា សីលជាទីតាំងរបស់សមថៈនិងវិបស្សនា