ពោលអំពីការគ្របសង្កត់ពួកទេវតាដោយហេតុ ១០ប្រការ
ដកស្រង់ចេញពី បិដក លេខ១៩ - ទំព័រ ៧
(២) ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស
ក្នុងកាលពីមុន ជាអ្នកមានសមាទានមាំមួន ក្នុងកុសលធម៌ទាំងឡាយ គឺជាអ្នកមានសមាទាន
ជាប់មិនដាច់ ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការបរិច្ចាគទាន ការសមាទានសីល ការរក្សា
ឧបោសថ វត្តដែលត្រូវធ្វើចំពោះមាតា វត្តដែលត្រូវធ្វើចំពោះបិតា វត្តដែលត្រូវធ្វើចំពោះសមណៈ
វត្តដែលត្រូវធ្វើចំពោះព្រាហ្មណ៍ វត្តដែលត្រូវធ្វើចំពោះជន ដែលជាច្បងក្នុងត្រកូល និងក្នុងពួកធម៌
ជាកុសល ដ៏ក្រៃលែងឯទៀត ៗ ។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ បន្ទាប់ពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះហេតុតែកុសលកម្ម ដែលមហាបុរស បានសន្សំបណ្តុះ
ឲ្យធំទូលាយហើយនោះ ។ ព្រះតថាគតនោះ តែងគ្របសង្កត់ពួកទេវតាឯទៀតក្នុងឋានសួគ៌នោះ
ដោយហេតុ ១០ ប្រការ គឺ អាយុទិព្យ ១ សម្បុរទិព្យ ១ សុខទិព្យ ១ យសទិព្យ ១ ភាពជាធំដ៏ជាទិព្យ ១
រូបទិព្យ ១ សំឡេងទិព្យ ១ ក្លិនទិព្យ ១ រសទិព្យ ១ ផ្សព្វទិព្យ ១ ។ លុះព្រះតថាគត ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ ។