ប្រភេទនៃធម៌ ប្រាំបីៗ
(បិដក លេខ១៩ ទំព័រ៣០៤ ដល់ ៣២៨)
(៣១៤)ធម៌៨ មានឧបការៈច្រើន ធម៌៨ គួរចំរើន ធម៌៨ គួរកំណត់ដឹង ធម៌៨ គួរលះបង់ ធម៌៨ ជាចំណែកខាងសេចក្តីវិនាស
ធម៌៨ ជាចំណែកវិសេស ធម៌៨ ត្រាស់ដឹងបានដោយក្រ ធម៌៨ គួរឲ្យកើតឡើង ធម៌៨ គួរដឹងច្បាស់ ធម៌៨ គួរធ្វើឲ្យជាក់ច្បាស់ ។
(៣១៥)ធម៌ ៨ មានឧបការៈច្រើន តើដូចម្តេចខ្លះ ។ ហេតុ ៨ប្រការ បច្ច័យ ៨ប្រការ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញាជាខាង
ដើមនៃមគ្គព្រហ្មចារ្យដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញាដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង ហេតុ៨ប្រការ បច្ច័យ៨ប្រការនេះ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានចូលទៅ
អាស្រ័យនៅនឹងគ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព បានដំកល់ចំពោះ នូវហិរិនិងឧត្តប្បៈដ៏មានកំឡាំងផង នូវសេចក្តីស្រឡាញ់និងសេចក្តីគោរពផង ក្នុងគ្រូ ឬសព្រហ្មចារីបគ្គល នេះជាហេតុទី ១ បច្ច័យទី ១ រមែងប្រព្រឹត្តទៅ ដើម្បី បាននូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញាដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង ។ លុះភិក្ខុនោះ ចូលទៅអាស្រ័យនៅនឹងគ្រូនោះ ឬសព្រហ្មចារីបុគ្គលណាមួយដែលគួរ
ជាទីគោរពនោះ ហើយដំកល់ចំពោះនូវហិរិនិងឧត្តប្បៈដ៏មានកំឡាំងផង នូវសេចក្តីស្រឡាញ់និងសេចក្តីគោរពផង ក្នុងគ្រូឬសព្រហ្មចារីបុគ្គល បានចូលទៅសាកសួរពិគ្រោះនឹងគ្រូឬសព្រហ្មចារីបុគ្គលទាំងនោះ តាមកាលដ៏សមគួរថា បពិត្រលោកដ៏ចំរើន វត្ថុនេះដូចម្តេច វត្ថុនេះមានប្រយោជន៍ដូចម្តេច គ្រូឬសព្រហ្មចារីបុគ្គលដ៏មានអាយុទាំងនោះ បានបើកបង្ហាញសេចក្តីដែលកំបាំងផង បានធ្វើសេចក្តីដែលជ្រៅឲ្យរាក់ផង បានបន្ទោបង់នូវសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយដែលគួរសង្ស័យដ៏ច្រើនផង ដល់ភិក្ខុនោះ នេះជាហេតុទី ២ បច្ច័យទី២ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញាដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង ។ លុះភិក្ខុនោះ បានស្តាប់ធម៌នោះហើយ ក៏បានបរិបូណ៌ដោយសេចក្តីស្ងប់ស្ងាត់ពីរប្រការ គឺស្ងាត់កាយ ១
ស្ងាត់ចិត្ត ១ នេះជាហេតុទី ៣បច្ច័យទី ៣ រមែងប្រព្រឹត្តទៅ ដើម្បីបាន នូវបញ្ញាជាខាងដើមនៃមគ្គព្រហ្មចារ្យដែលខ្លួនមិន
ទាន់បាន ដើម្បីធ្វើបញ្ញាដែលខ្លួនបានស៊ប់ហើយឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរសីល បរិបូណ៌ដោយអាចារៈនិងគោចរៈ ជាអ្នកឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ នេះជាហេតុទី ៤ បច្ច័យទី ៤ រមែងប្រព្រឹត្តទៅ ដើម្បីបាន នូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញាដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ
ចំរើន បរិបូណ៌ឡើង ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាពហុស្សូត ចេះចាំនូវពុទ្ធវចនៈដែលខ្លួនបានស្តាប់ហើយ
សន្សំទុកនូវពុទ្ធវចនៈដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង
ប្រកាសនូវព្រហ្មចារ្យ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធបរិបូណ៌ទាំងអស់ ធម៌ដែលមានសភាពដូច្នោះ ភិក្ខុនោះឯង ក៏បាន
ស្តាប់ច្រើន បានចាំទុក ចាំរត់មាត់ ចាំជាប់ក្នុងចិត្ត បានចាក់ធ្លុះល្អដោយទិដ្ឋិ នេះជា ហេតុទី៥ បច្ច័យទិ៥ រមែងប្រព្រឹត្តទៅ
ដើម្បីបាននូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញាដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសេចក្តីព្យាយាមប្រារព្ធ ដើម្បីលះបង់នូវ
ធម៌ទាំងឡាយជាអកុសល ដើម្បីញ៉ាំងធម៌ទាំងឡាយ ជាកុសលឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែង
ខ្ជាប់ខ្ជួប មិនដាក់ចុះនូវធុរៈក្នុងធម៌ទាំងឡាយជាកុសល នេះជាហេតុទី ៦ បច្ច័យ ទី ៦ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញាដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតីនិងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា ដ៏ខ្ពង់ខ្ពស់ នឹកឃើញនូវអំពើដែលខ្លួនធ្វើរួចយូរហើយផង នូវសំដីដែលខ្លួន និយាយរួចយូរហើយផង នេះជាហេតុទី ៧ បច្ច័យ ទី ៧ ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញាជាខាងដើមនៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញាដែលខ្លួនបានស៊ប់ហើយ ឲ្យជា
ភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកពិចារណាឃើញនូវទីកើត ទីរលត់
ក្នុងឧបាទានក្ខន្ធទាំង៥ ថា រូបដូច្នេះ ហេតុជាទីកើតរបស់រូបដូច្នេះ ការរលត់ទៅនៃរូបដូច្នេះ វេទនាដូច្នេះ ហេតុជាទីកើតរបស់
វេទនាដូច្នេះ ការរលត់ទៅនៃវេទនាដូច្នេះ សញ្ញាដូច្នេះ ហេតុជាទីកើតរបស់សញ្ញាដូច្នេះ ការរលត់ទៅនៃសញ្ញាដូច្នេះ សង្ខារទាំង
ឡាយដូច្នេះ ហេតុជាទីកើតរបស់សង្ខារទាំងឡាយដូច្នេះ ការរលត់ទៅនៃសង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ហេតុជាទីកើតរបស់
វិញ្ញាណដូច្នេះ ការរលត់ទៅនៃវិញ្ញាណ(1)ដូច្នេះ នេះជាហេតុទី ៨ បច្ច័យ ទី ៨ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញាជាខាងដើម
នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញាដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង ។ ធម៌ទាំង៨ នេះ មានឧបការៈច្រើន ។
(៣១៦)ធម៌ ៨ ដែលគួរចំរើន តើដូចម្តេចខ្លះ ។ ផ្លូវដ៏ប្រសើរប្រកបដោយអង្គ ៨ គឺ សេចក្តីឃើញត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ និយាយត្រូវ ១ ធ្វើការងារត្រូវ ១ ចិញ្ចឹមជីវិតត្រូវ ១ ព្យាយាមត្រូវ ១ ការរលឹកត្រូវ ១ ការតាំងចិត្តនឹងត្រូវ ១ ។ ធម៌ទាំង ៨ នេះគួរចំរើន ។
(៣១៧)ធម៌ ៨ ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ ។ លោកធម៌ ៨ ប្រការ គឺ មានលាភ ១ ឥតលាភ ១ មានយស ១ ឥតយស ១ សេចក្តីនិន្ទា ១ សេចក្តីសរសើរ ១ សុខ ១ ទុក្ខ ១ ។ ធម៌ទាំង ៨ នេះ គួរកំណត់ដឹង ។
(៣១៨)ធម៌ ៨ ដែលគួរលះបង់ តើដូចម្តេចខ្លះ ។ សភាពដែលខុស ៨ យ៉ាង គឺ សេចក្តីឃើញខុស ១ សេចក្តីត្រិះរិះខុស ១ ពោល
ពាក្យខុស ១ ធ្វើការងារខុស ១ ចិញ្ចឹមជីវិតខុស ១ ព្យាយាមខុស ១ ការរលឹកខុស ១ ការតាំងចិត្តនឹងខុស ១ ។ ធម៌ទាង ៨ នេះគួរ
លះបង់ ។
(៣១៩)ធម៌ ៨ ជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ ។ កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨ យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រូវធ្វើការងារ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញនឹងត្រូវធ្វើការងារហ្នឹងឯង តែបើអាត្មាអញធ្វើ
ការងារទៅ កាយនឹងលំបាក បើដូច្នោះអាត្មាអញដេកសិន ។ ភិក្ខុនោះក៏ដេកទៅ មិនបានប្រារព្ធព្យាយាម ដើម្បីដល់នូវគុណធម៌ (2)ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវគុណធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលខ្លួនមិន
ទាន់ធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ការងារដែលភិក្ខុធ្វើរួចហើយ ភិក្ខុនោះ មានគំនិត
យ៉ាងនេះថា អាត្មាអញធ្វើការងាររួចហើយ តែថាកាលដែលអាត្មាអញធ្វើការងារនុ៎ះឯង កាយក៏លំបាក បើដូច្នោះមានតែអាត្មាអញ
ដេកសិន ។ ភិក្ខុនោះក៏ដេកទៅ មិនបានប្រារព្ធសេចក្តីព្យាយាម ។ បេ ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ដែលខ្លួនមិនទាន់ធ្វើ
ឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី ២ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវដើរទៅកាន់ផ្លូវ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញត្រូវដើរទៅកាន់ផ្លូវហ្នឹងឯង តែកាលបើអាត្មាអញដើរទៅកាន់ផ្លូវនុ៎ះ កាយនឹងលំបាក បើដូច្នោះមានតែអាត្មាអញដេកសិន ។ ភិក្ខុនោះក៏ដេកទៅ មិនបានប្រុងប្រៀបសេចក្តីព្យាយាម ។ បេ ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់
ច្បាស់ នេះជាកុសីតវត្ថុទី ៣ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវដើរទៅកាន់ផ្លូវរួចហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញត្រូវដើរទៅកាន់ផ្លូវរួចហើយ តែកាលបើអាត្មាអញដើរទៅកាន់ផ្លូវនុ៎ះឯង កាយនឹងលំបាក បើដូច្នោះមានតែអាត្មាអញ
ដេកសិន ។ ភិក្ខុនោះក៏ដេកទៅ មិនបានប្រុងប្រៀបសេចក្តីព្យាយាម។ បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលខ្លួនមិនទាន់
បានធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី ៤ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុកាលដើរទៅបិណ្ឌបាតក្នុងស្រុកឬនិគម
មិនបានភោជនសៅហ្មងឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បាន ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញកាលដើរទៅបិណ្ឌបាត
ក្នុងស្រុកនិគម មិនបានភោជនសៅហ្មងឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បានឡើយ កាយរបស់អាត្មាអញនោះនឿយហត់ ជា
កាយមិនគួរនឹងប្រកបការងារបាន បើដូច្នោះ មានតែអាត្មាអញដេកសិន ។ ភិក្ខុនោះក៏ដេកទៅ មិនផ្តួចផ្តើមសេចក្តីព្យាយាម
។ បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី ៥ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបានដើរទៅបិណ្ឌបាតក្នុងស្រុកឬនិគម ក៏បានភោជន សៅហ្មងឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បាន ភិក្ខុនោះមាន
គំនិតយ៉ាងនេះថា អាត្មាអញកាលដើរទៅបិណ្ឌបាតក្នុងស្រុកឬនិគម បានភោជនសៅហ្មងឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់ហើយ កាយរបស់អាត្មាអញនោះធ្ងន់ ជាកាយមិនគួរនឹងប្រកបការងារបាន ទំនងដូចជាសណ្តែករាជមាសដែលត្រូវទឹកហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ។ ភិក្ខុនោះក៏ដេកទៅ មិនផ្តួចផ្តើមសេចក្តីព្យាយាម។ បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលខ្លួន
មិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី ៦ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកកើតអាពាធបន្តិចបន្តួច
សោះទេ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ ជាអ្នកទើបនឹងកើតអាពាធនេះ មានប្រមាណតិចទេ តែជាអាពាធ
គួរនឹងសម្ងំដេក បើដូច្នោះ មានតែអាត្មាអញដេកសិន ។ ភិក្ខុនោះក៏ដេកទៅ ។ បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌
ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី ៧ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុទើបតែនឹងបានជា
សះស្បើយពីជម្ងឺថ្មីៗ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញបានជាសះស្បើយពីជម្ងឺថ្មីៗហើយ ឯកាយរបស់អាត្មាអញក៏នៅ
ទុព្វលភាព មិនគួរប្រកបការងារបាននៅឡើយ ណ្ហើយចុះអាត្មាអញដេកសិន ។ ភិក្ខុនោះក៏ដេកទៅ មិនបានប្រុងប្រៀបសេចក្តី
ព្យាយាម ដើម្បីបានដល់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី ៨ ។ ធម៌ទាំង ៨ នេះជាចំណែក
ខាងសេចក្តីវិនាស ។
(៣២០)ធម៌៨ ជាចំណែកវិសេស តើដូចម្តេចខ្លះ ។ អារម្ភវត្ថុ (ហេតុនៃការប្រារព្ធសេចក្តីព្យាយាម ) ៨ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនា ជាអ្នកត្រូវធ្វើការងារ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញនឹងត្រូវធ្វើការហ្នឹងឯង តែកាលបើអាត្មាអញ ធ្វើការងារទៅហើយ មិនងាយនឹងធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយបានឡើយ បើដូច្នោះ មានតែអាត្មា
អញនឹងតាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលអាត្មាអញមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះក៏តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ដែលខ្លួន
មិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាអារម្ភវត្ថុ ទី ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ការងារភិក្ខុបានធ្វើរួចហើយ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញបានធ្វើការងាររួចហើយ ឯអាត្មាអញកាលដែលធ្វើការងារនុ៎ះឯង មិនអាចធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយបានឡើយ បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលអាត្មាអញមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ បេ ។ នេះជា អារម្ភវត្ថុ ទី ២ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវដើរទៅកាន់ផ្លូវ ភិក្ខុនោះមានគំនិតយ៉ាងនេះថា ផ្លូវហ្នឹងឯង
អាត្មាអញនឹងត្រូវដើរទៅ តែកាលបើអាត្មាអញដើរទៅកាន់ផ្លូវ មិនងាយនឹងធ្វើទុកក្នុងចិត្តនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ
ទាំងឡាយបានឡើយ បើដូច្នោះ មានតែអាត្មាអញតាំងផ្តើមសេចក្តីព្យាយាម ដើម្បីបានដល់នូវគុណធម៌ដែលអាត្មា
អញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ ដែល
អាត្មាអញមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ដែលខ្លួនមិនទាន់បានដល់
ដើម្បីត្រាស់ដឹងនូវគុណធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលខ្លួនមិនទាន់បាន
ធ្វើឲ្យជាក់ច្បាស់ នេះជាអារម្ភវត្ថុ ទី ៣ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុទៅកាន់ផ្លូវរួចហើយ ភិក្ខុនោះមានគំនិតយ៉ាង
នេះថា អាត្មាអញបានដើរទៅកាន់ផ្លូវរួចហើយ ឯអាត្មាអញកាលដែលដើរទៅកាន់ផ្លូវនុ៎ះឯង មិនអាចធ្វើទុកក្នុងចិត្តនូវពាក្យប្រៀន
ប្រដៅនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយបានឡើយ បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើមសេចក្តីព្យាយាមដើម្បី
បានដល់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បី
ធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ ក៏តាំងធ្វើសេចក្តីព្យាយាម ដើម្បីដល់នូវគុណ
ធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណ
ធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាអារម្ភវត្ថុ ទី ៤ ។ ម្នាលអាវុសោទាំងឡាយ មួយទៀតភិក្ខុកាលដើរទៅបិណ្ឌបាត
ក្នុងស្រុក ឬ និគម មិនបានភោជន សៅហ្មងឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បាន ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ
កាលដើរទៅបិណ្ឌបាតក្នុងស្រុក ឬនិគម មិនបានភោជន សៅហ្មងឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់ កាយរបស់អាត្មាអញនោះស្រាល
ជាកាយគួរប្រកបការងារបាន បើដូច្នោះ មានតែអាត្មាអញតាំងផ្តើមសេចក្តីព្យាយាម ។ បេ ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ ក៏តាំងធ្វើសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ដែលខ្លួនមិនទាន់បាន
ដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលខ្លួនមិនទាន់បាន
ធ្វើឲ្យជាក់ច្បាស់ នេះជាអារម្ភវត្ថុ ទី ៥ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុកាលដើរទៅបិណ្ឌបាតក្នុងស្រុក ឬ និគម
បានភោជន សៅហ្មងឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បាន ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញកាលដើរទៅបិណ្ឌបាតក្នុង
ស្រុក ឬ និគម បានភោជនសៅហ្មងឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បានហើយ កាយរបស់អាត្មាអញនោះមានកំឡាំងគួរនឹង
ប្រកបការងារបាន បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានដល់
ដើម្បីត្រាស់ដឹងនូវគុណធម៌ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលអាត្មាអញ
មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ ក៏តាំងធ្វើសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យ
ជាក់ច្បាស់ នេះជាអារម្ភវត្ថុ ទី ៦ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជា អ្នកទើបនឹងកើតអាពាធបន្តិចបន្តួចទេ ភិក្ខុនោះ
មានគំនិតយ៉ាងនេះថា អាត្មាអញកើតអាពាធបន្តិចបន្តួចហើយ តែអាពាធអាត្មាអញ គង់តែនឹងចំរើនឡើងដោយហេតុយ៉ាងនេះ
មិនខាន បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ដែលអាត្មាអញ មិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែល អាត្មាអញមិន
ទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ ក៏តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ។ បេ ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាអារម្ភវត្ថុ ទី ៧ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុទើបនឹងបានសះស្បើយពីជម្ងឺថ្មីៗ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញបានជាសះស្បើយពីជម្ងឺថ្មីៗហើយ អាពាធអាត្មាអញសមជារើត្រឡប់កម្រើកឡើងវិញ (លាប់) ដោយហេតុនោះមិនខាន បើដូច្នោះ មានតែអាត្មាអញតាំងផ្តើម
សេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ដែលអាត្មាអញ មិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលអាត្មាអញមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ ក៏តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ដែលខ្លួនមិនទាន់បាន
ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាអារម្ភវត្ថុ ទី ៨ ។ ធម៌ទាំង ៨ នេះ ជាចំណែកវិសេស ។
(៣២១)ធម៌ ៨ ដែលយល់បានដោយក្រ តើដូចម្តេចខ្លះ ។ ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យមាន ៨ យ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធត្រាស់ដឹងហើយក្នុងលោក ទាំងបានសំដែងធម៌ដែលប្រព្រឹត្តទៅ
ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ជាធម៌ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាផ្លូវធ្វើដំណើរទៅកាន់សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះ
សុគត ទ្រង់ប្រកាសហើយ តែបុគ្គលនោះឯងត្រឡប់ជាទៅកើតក្នុងនរកវិញ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បី
នៅប្រព្រឹត្តព្រហ្មចារ្យទី ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ដឹងហើយក្នុងលោក ទាំងបានសំដែងធម៌ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ជាធម៌ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាផ្លូវធ្វើដំណើរទៅកាន់
សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះសុគតទ្រង់ប្រកាសហើយ តែបុគ្គលនោះឯងត្រឡប់ជាទៅកើតក្នុងកំណើតតិរច្ឆានវិញ នេះឈ្មោះ
ថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី ២ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគតជាអរហន្ត
សម្មាសម្ពុទ្ធ ត្រាស់ដឹងហើយក្នុងលោក បានទាំងសំដែងធម៌ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ជាធម៌ប្រព្រឹត្ត
ទៅ ដើម្បីព្រះនិព្វាន ជាផ្លូវធ្វើដំណើរទៅកាន់សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះសុគតទ្រង់ប្រកាសហើយ តែបុគ្គលនោះឯង
ត្រឡប់ជាទៅកើតក្នុងកំណើតប្រេតវិស័យវិញ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី ៣ ។
ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ដឹងហើយក្នុងលោក ទាំងបានសំដែងធម៌ដែល
ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ។ បេ ។ តែបុគ្គលនោះឯងត្រឡប់ជាទៅកើតក្នុងពួកទេវតាណាមួយ ដែលមានអាយុវែង នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី ៤ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគតជា
អរហន្តសម្មាសម្ពុទ្ធ ត្រាស់ដឹងហើយក្នុងលោក ទាំងបានសំដែងធម៌ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ។ បេ ។
តែបុគ្គលនោះឯងត្រឡប់ជាទៅកើតក្នុងពួកមិលក្ខជន ដែលជាអ្នកល្ងង់ខ្លៅ ក្នុងបច្ចន្តជនបទ ដែលជាប្រទេសឥតមានគតិរបស់ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាឡើយ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី ៥ ។ ម្នាលអាវុសោទាំង
ឡាយ មួយទៀត ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ដឹងហើយក្នុងលោក ។ បេ ។ ឯបុគ្គលនេះ ត្រឡប់មកកើតក្នុង
មជ្ឈិមជនបទដែរ តែបុគ្គលនោះជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញខុសថា ទានដែលបុគ្គលឲ្យហើយគ្មានផល ការបូជាធំគ្មានផល ការបូជាតូចគ្មានផល ផលវិបាករបស់កម្មទាំងឡាយដែលបុគ្គលធ្វើល្អធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខ
មិនមាន មាតាមិនមាន បិតាមិនមាន សត្វជាឧបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលជាអ្នកដល់នូវសេចក្តី
ស្ងប់រម្ងាប់ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះនិងលោកខាងមុខ ដោយប្រាជ្ញារបស់ខ្លួន ហើយទើបញ៉ាំងអ្នកដទៃ
ឲ្យដឹងផង ក៏មិនមាន ដូច្នេះនេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី ៦ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ដឹងហើយក្នុងលោក ។ បេ ។ ឯបុគ្គលនេះត្រឡប់មកកើតក្នុងមជ្ឈិមជនបទដែរ តែបុគ្គលនោះជាអ្នកឥតប្រាជ្ញា ជាមនុស្យល្ងង់ខ្លៅ ជាមនុស្សគ ជាមនុស្សមិនអាច ដើម្បីដឹងសេចក្តីអធិប្បាយរបស់ពាក្យ ដែលគេ
និយាយល្អ ឬនិយាយអាក្រក់បានឡើយ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី ៧ ។ ម្នាល
អាវុសោទាំងឡាយ មួយទៀត ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ មិនបានត្រាស់ឡើងក្នុងលោក ទាំងមិនបានសំដែងធម៌ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ប្រព្រឹត្តទៅ ដើម្បីបាននូវព្រះនិព្វាន ជាផ្លូវធ្វើដំណើរទៅកាន់សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះសុគតទ្រង់ប្រកាសហើយ បុគ្គលនេះឯង បានត្រឡប់មកកើតក្នុងមជ្ឈិមជនបទហើយៗ ជាអ្នកមានប្រាជ្ញា មិនល្ងង់
មិនមែនជាមនុស្សគ ជាអ្នកអាចដើម្បីដឹងសេចក្តីអធិប្បាយ របស់ពាក្យគេនិយាយល្អ ឬអាក្រក់បាន នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី ៨ ។ ធម៌ទាំង ៨ នេះយល់បានដោយក្រ ។
(៣២២)ធម៌ ៨ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ សេចក្តីត្រិះរិះរបស់មហាបុរស៨យ៉ាង ( ត្រិះរិះថា ) នេះជាធម៌របស់បុគ្គល
អ្នកមានសេចក្តីប្រាថ្នាតិច នេះមិនមែនជាធម៌របស់បុគ្គលអ្នកមានសេចក្តីប្រាថ្នាច្រើន ១ នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តី
សន្តោស (ក្នុងបច្ច័យ ៤) នេះមិនមែនជាធម៌របស់បុគ្គលគ្មានសេចក្តីសន្តោស ១ នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តីស្ងប់ស្ងាត់(3) នេះមិនមែនជាធម៌របស់អ្នកត្រេកអរក្នុងពួកក្រុម ១ នេះជាធម៌របស់បុគ្គលអ្នកប្រារព្ធសេចក្តីព្យាយាម មិនមែនជាធម៌របស់
បុគ្គលអ្នកខ្ជិលច្រអូស ១ នេះជាធម៌របស់បុគ្គលអ្នកមានស្មារតីខ្ជាប់ខ្ជួន នេះមិនមែនជាធម៌របស់បុគ្គលអ្នកភ្លេចស្មារតី ១ នេះជា
ធម៌របស់បុគ្គលអ្នកមានចិត្តតាំងមាំ នេះមិនមែនជាធម៌របស់បុគ្គលអ្នកមានចិត្តមិនតាំងមាំ ១ នេះជាធម៌របស់បុគ្គលអ្នកមាន
បញ្ញា នេះមិនមែនជាធម៌របស់បុគ្គលអ្នកឥតបញ្ញា ១ នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តីត្រេកអរក្នុងដំណើរមិនយឺតយូរ មានតម្រេកក្នុងដំណើរមិនយឺតយូរ នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តីត្រេកអរក្នុងដំណើរយឺតយូរ មានតម្រេកក្នុងដំណើរ
យឺតយូរ ១ ។ ធម៌ទាំង៨ នេះគួរឲ្យកើតឡើង ។
(៣២៣)ធម៌ ៨ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ អភិភាយតនៈ (4) (ហេតុជាគ្រឿងគ្របសង្កត់នូវធម៌ជាសត្រូវផង នូវ
អារម្មណ៍ផង ) ៨ យ៉ាងគឺ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានពណ៌ល្អ ឬ ពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា
អភិភាយតនៈ ទី ១ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណច្រើន មានពណ៌ល្អ ឬ ពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា
អភិភាយតនៈ ទី ២ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានពណ៌ល្អ ឬ ពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា
អភិភាយតនៈ ទី ៣ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណច្រើន មានពណ៌ល្អ ឬ ពណ៌អាក្រក់ គ្របសង្កត់ នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា
អភិភាយតនៈ ទី ៤ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបខៀវ មានពណ៌ខឿវ ជាទីចង្អុលប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ប្រៀបដូចជាផ្កាត្រកៀតខៀវ មានពណ៌ខៀវ ជាទីចង្អុលប្រាប់ថា នេះមាន
ពណ៌ខៀវ មានពន្លឺខៀវ ពុំនោះសោត រូបនោះប្រៀបដូចជាសំពត់ ដែលកើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថាសំពត់ខៀវ មានពណ៌ខៀវ ជាទីចង្អុលបា្រប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ បុគ្គលពួកមួយ មានសេច
ក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុលប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនេះឯង នេះជា
អភិភាយតនៈ ទី ៥ ។ បុគ្គលពួក ១ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបលឿង មានពណ៌លឿង ជាទីចង្អុលប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង ប្រៀបដូចជាផ្កាកណ្ណិការលឿង មានពណ៌លឿង ជាទីចង្អុលប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង ពុំនោះសោត រូបនោះប្រៀបដូចជាសំពត់ ដែលកើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំង
ពីរខាង ហៅថា សំពត់លឿង មានពណ៌លឿង ជាទីចង្អុលប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គល
ពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបលឿង មានពណ៌លឿង ជាទីចង្អុលប្រាប់ថា នេះមានពណ៌
លឿង មានពន្លឺលឿង គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជា អភិភាយតនៈទី ៦ ។ បុគ្គលពួក ១ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ប្រៀបដូចជាផ្កាច្បាក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត រូបនោះប្រៀបដូចជាសំពត់ ដែលកើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គលពួកមួយមានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទី
ចង្អុលប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មា
អញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជា អភិភាយតនៈទី ៧ ។ បុគ្គលពួក ១ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមានពណ៌ស មានពន្លឺស ប្រៀបដូចជាផ្កាយព្រឹកដែលស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមានពណ៌ស មានពន្លឺស ពុំនោះសោត រូបនោះប្រៀបដូចជាសំពត់ដែលកើតក្នុងក្រុង
ពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមានពណ៌ស មានពន្លឺស យ៉ាងណា
មិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមានពណ៌ស មានពន្លឺស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ
ដូច្នេះ ក៏យ៉ាងនោះឯង នេះជា អភិភាយតនៈទី ៨ ។ ធម៌ទាំង ៨នេះ គួរដឹងច្បាស់ ។
(៣២៤)ធម៌ ៨ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ វិមោក្ខ ៨ ប្រការ(5)
- បុគ្គលបានរូបឈាន រមែងឃើញនូវរូប គឺកសិណទាំងឡាយ មាននឹលកសិណជាដើម នេះជា វិមោក្ខទី ១ ។
- បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង រមែងឃើញនូវរូបខាងក្រៅទាំងឡាយ គឺកសិណ មាននឹលកសិណជាដើម នេះជា វិមោក្ខទី ២ ។
- បុគ្គលមានចិត្តចុះស៊ប់កាន់ឈានក្នុងវណ្ណកសិណ ដ៏បរិសុទ្ធ នេះជា វិមោក្ខទី ៣ ។
- បុគ្គលដែលកន្លងនូវរូបសញ្ញា ដល់នូវសេចក្តីវិនាសនៃបដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ហើយបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ព្រោះធ្វើទុកក្នងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ នេះជា វិមោក្ខទី ៤ ។
- បុគ្គលដែល កន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ នេះជា វិមោក្ខទី ៥ ។
- បុគ្គលដែលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវអាកិញ្ចញ្ញាណយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមានដូច្នេះ នេះជាវិមោក្ខទី ៦ ។
- បុគ្គលដែលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជា វិមោក្ខទី ៧ ។
- បុគ្គលដែលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវ សញ្ញាវេទយិតនិរោធ
(សេចក្តីរលត់នៃសញ្ញានិងវេទនា) នេះជា វិមោក្ខទី ៨ ។
ធម៌ទាំង៨ នេះ គួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង ៨០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត បានត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ ។
________________________________________________________________________________________________
1តាំងពីរូបរហូតដល់វិញ្ញាណនេះ ចូរមើល ក្នុងសតិបដ្ឋានសូត្រមជ្ឈិមកាយផងចុះ នឹងមាន នយលក្ខណៈ ជាសេចក្តីពិស្តារ ។
2ក្នុងសង្គីតិសុត្តវណ្ណនា ពន្យល់ពាក្យថា ធម៌នេះបានដល់ឈាន វិបស្សនា មគ្គ និងផល
3សេចក្តីស្ងប់ស្ងាត់មាន ៣ ប្រការ កាយវិវេក ស្ងាត់កាយ ១ ចិត្តវិវេក ស្ងាត់ចិត្ត១ ឧបធិវិវេក ស្ងាត់កិលេស ១ ។ បុគ្គលគេចចេញចាកពួកក្រុម ហើយពួនសម្ងំនៅតែខ្លួនមួយ ដោយអំណាចអារព្ភវត្ថុ ៨ ប្រការ ហៅថា កាយវិវេក បុគ្គលធ្វើកសិណបរិកម្ម ដរាបដល់បានសម្រេចសមាបត្តិទាំង ៨ ហៅថា ចិត្តវិវេក បុគ្គលធ្វើឈានគឺសមាបត្តិទាំង៨នោះ ឲ្យជាទីតាំងហើយពិចារណានូវសង្ខារធម៌ទាំងឡាយ ដរាបដល់សម្រេចព្រះអរហត្តព្រមទាំងបដិសម្ភិទា ហៅថា ឧបធិវិវេក ។ អដ្ឋកថា ។
4ឲ្យមើល នយលក្ខណៈ ក្នុងមហាបរិនិព្វានសូត្រ ទិឃនិកាយមហាវគ្គ ផងចុះ នឹងមានពិស្តារតាំងពីទី ១ ដល់ ទី ៨ ។
5វិមោក្ខទាំង ៨ ប្រការនេះ ចូរមើល នយលក្ខណៈ ក្នុងមហានិទានសូត្រ ទីឃនិកាយ មហាវគ្គ ផងចុះ និងមានពិស្តារក្នុងកន្លែងខ្លះ ៗ ។