ប្រភេទនៃធម៌ ប្រាំមួយៗ

(បិដក​ លេខ១៩  ទំព័រ២៧៩​​ ដល់ ២៩៥)

(២៩២)  ធម៌ ៦ មានឧបការៈច្រើន ធម៌៦ គួរចំរើន ធម៌៦ គួរកំណត់ដឹង ធម៌ ៦គួរលះបង់  ធម៌ ៦ ជាចំណែកនៃសេចក្តី វិនាស ធម៌៦ ជាចំណែកវិសេស ធម៌៦ ត្រាស់ដឹងបានដោយក្រ  ធម៌៦ គួរឲ្យកើតឡើង ធម៌៦ គួរដឹងច្បាស់ ធម៌៦គួរធ្វើឲ្យជាក់ច្បាស់ ។

(២៩៣) ធម៌ ៦ មានឧបការៈច្រើន តើដូចម្តេចខ្លះ ។ សារាណីយធម៌ (ធម៌គួររលឹក) ៦ ប្រការ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ តែងតំកល់ចំពោះនូវកាយកម្ម (អំពើដែលធ្វើដោយកាយ ) ប្រកបដោយមេត្តា ក្នុងសព្រហ្មចារីបុគ្គលទាំងឡាយ ទាំងចំពោះមុខ ទាំងកំបាំងមុខ នេះឯងជាធម៌គួររលឹកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ សេចក្តីគោរព ប្រព្រឹត្តទៅដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីឯកីភាពគឺមូលមិត្រគ្នា ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុតែងតំកល់ចំពោះនូវវចីកម្ម (អំពើដែលត្រូវធ្វើដោយសំដី ) ប្រកបដោយមេត្តា ក្នុងសព្រហ្មចារីបុគ្គលទាំងឡាយ ទាំងចំពោះមុខ ទាំងកំបាំងមុខ នេះឯងជាធម៌គួររលឹករកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីឯកីភាព ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុតែងតំកល់

ចំពោះនូវមនោកម្ម (អំពើដែលត្រូវធ្វើដោយចិត្ត ) ប្រកបដោយមេត្តា ។ បេ ។ ប្រព្រឹត្តទៅដើម្បីឯកីភាព ១ ។ ម្នាអាវុសោទាំងឡាយ មួយទៀត លាភណាមួយ កើតឡើងដោយធម៌ បានមកដោយធម៌ ដោយហោចទៅសូម្បីតែអាហារក្នុងបាត្រ ភិក្ខុបរិភោគ

ដោយមិនបានចែកមុខអាមិសៈ មុខបុគ្គល(1) ដោយលាភមានសភាពដូច្នោះ គឺជាអ្នកបរិភោគជាសាធារណៈ ដោយសព្រហ្មចារី

បុគ្គលទាំងឡាយ ដែលជាអ្នកមានសីល នេះឯងជាធម៌គួររលឹករកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីឯកីភាព ១ ម្នាលអាវុសោទាំងឡាយ  មួយទៀត

សីលណា ដែលមិនដាច់ ​មិនធ្លុះ មិនពពាល ​មិនពព្រុះ ជាសីលអ្នកជា ពួកវិញ្ញុជនតែងសរសើរ ជាសីលដែលតណ្ហានិងទិដ្ឋិ

មិនបានស្ទាបអង្អែល ប្រព្រឹត្តទៅដើម្បីសមាធិ  ភិក្ខុជាអ្នកមានសីលដ៏ស្មើដោយសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងសីលទាំងឡាយ

មានសភាពដូច្នោះ ក្នុងទីចំពោះមុខនិងទីកំបាំង នេះឯងជាធម៌គួររលឹករកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីឯកីភាព ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ទិដ្ឋិណា  ដ៏ប្រសើរគឺសម្មាទិដ្ឋិ ជាគ្រឿងនាំសត្វចេញចាកភព  តែងស្រោចស្រង់សត្វដែលប្រព្រឹត្តតាមទិដ្ឋិនោះ ដើម្បីឲ្យអស់ទៅ

នៃទុក្ខដោយប្រពៃ ភិក្ខុជា​អ្នកមានទិដ្ឋិដ៏ស្មើដោយសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទិដ្ឋិមានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ

និងទីកំបាំង នេះឯងជាធម៌គួររលឹករកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅដើម្បីសង្គ្រោះគ្នា ដើម្បីមិន

ទាស់ទែងគ្នា ​ដើម្បីសេចក្តីព្រមព្រៀង ដើម្បីឯកីភាព ១ ។ ​ធម៌ទាំង ៦ នេះ មានឧបការៈច្រើន ។

 

(២៩៤) ធម៌៦ គួរចំរើន តើដូចម្តេចខ្លះ អនុស្សតិដ្ឋានៈ (ហេតុជាទីតាំងនៃសេចក្តីរលឹករឿយៗ)  ៦យ៉ាង សេចក្តីរលឹកនូវព្រះពុទ្ធ ១ រលឹកនូវព្រះធម៌ ១ រលឹកនូវព្រះសង្ឃ ១ រលឹកនូវគុណនៃសីល ១ រលឹកនូវទានដែលបានបរិច្ចាគហើយ ១ រលឹកដល់ធម៌ទេវតា(2)១ ។  ធម៌ទាង ៦ នេះគួរចំរើន ។

 

(២៩៥) ធម៌៦ គួរកំណត់ដឹង តើដូចម្តេចខ្លះ ។ អាយតនៈខាងក្នុង ៦ គឺ ភ្នែកជាអាយតនៈ ១  ត្រចៀកជាអាយតនៈ ១

ច្រមុះជាអាយតនៈ ១ អណ្តាតជាអាយតនៈ ១ កាយជាអាយតនៈ ១  ចិត្តជាអាយតនៈ ១ ។ ធម៌ទាំង ៦ នេះគួរកំណត់ដឹង ។

 

(២៩៦) ធម៌៦ គួរលះបង់ តើដូចម្តេចខ្លះ ។ ពួកតណ្ហា ៦ គឺ រូបតណ្ហា ១ សទ្ទតណ្ហា១ គន្ធតណ្ហា ១ រសតណ្ហា ១ ផោដ្ឋព្វតណ្ហា ១ ធម្មតណ្ហា ១ ​។ ធម៌ទាំង ៦ នេះគួរលះបង់ ។

 

(២៩៧) ធម៌ ៦ ជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ ។ សេចក្តីមិនគោរព ៦ យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនគោរព​​ មិនកោតក្រែងចំពោះព្រះសាស្តា ១ ជាអ្នកមិនគោរព​​ មិនកោតក្រែងចំពោះព្រះធម៌ ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះសង្ឃ ១​ ជាអ្នកមិនគោរព​​ មិនកោតក្រែងចំពោះសិក្ខា ១ ជាអ្នកមិនគោរព​​ មិនកោត

ក្រែងចំពោះអប្បមាទធម៌ ១ ជាអ្នកមិនគោរព​​ មិនកោតក្រែងចំពោះបដិសន្ថារៈ ១។ ធម៌ទាំង ៦ នេះ ជាចំណែកនៃសេចក្តីវិនាស ។

 

(២៩៨) ធម៌ ៦ ជាចំណែកវិសេស តើដូចម្តេចខ្លះ ។ សេចក្តីគោរព ៦ យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្កីគោរព កោតក្រែង ចំពោះព្រះសាស្តា ១ ជាអ្នកមានសេចក្តី គោរពកោតក្រែងចំពោះព្រះធម៌ ១ ។ ចំពោះព្រះសង្ឃ ១ ចំពោះសិក្ខា ១ ។ ចំពោះអប្បមាទធម៌ ១ ។ មានសេចក្កីគោរព កោតក្រែងចំពោះបដិសន្ថារៈ ១ ។ ធម៌ទាំង ៦ នេះ ជាចំណែកវិសេស ។

 

(២៩៩) ធម៌ ៦ ត្រាស់ដឹងដោយក្រ តើដូចម្តេចខ្លះ ។ និស្សារណីយធាតុ ៦ យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេត្តោវិមុត្តិប្រកបដោយមេត្តា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតំកល់ស៊ប់

បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ ព្យាបាទក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ (អ្នកផង) គប្បីនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុកុំនិយាយយ៉ាងនេះ កុំនិយាយ

បង្កាច់ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះមានព្រះភាគ មិនបាត្រាស់

យ៉ាងនេះទេ ​ ម្នាលអាវុសោទាំងឡាយ ដំណើរនេះមិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេត្តោវិមុត្តិប្រកប

ដោយមេត្តាដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ ព្យាបាទក៏គង់នៅតែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះនេះមិនមែនជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេត្តោវិមុត្តិដែលប្រកបដោយមេត្តាហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោល

នូវព្យាបាទ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេត្តោវិមុត្តិប្រកបដោយករុណា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ វិហេសា (សេចក្តីបៀតបៀន) ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ (អ្នកផង) គប្បីនិយាយឃាត់

ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះមានព្រះភាគមិនបានត្រាស់យ៉ាងនេះទេ ​ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេត្តោវិមុត្តិ ប្រកបដោយករុណា ដែលគេបានប់រំបន្ទុំឲ្យ

ច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ វិហេសា ក៏គង់នៅតែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះនេះ មិនមែនជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេត្តោវិមុត្តិ ដែលប្រកបដោយករុណាហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវវិហេសា ។ ម្នាលអាវុសោទាំងឡាយ  មួយទៀត

ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេត្តោវិមុត្តិប្រកបដោយមុទិតា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ ​បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ អរតិ (សេចក្តីមិនត្រេកអរ) ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ (អ្នកផង) គប្បីនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះមានព្រះភាគមិនបានត្រាស់យ៉ាងនេះទេ ​ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេត្តោវិមុត្តិប្រកបដោយមុទិតា ដែលគេបានប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ អរតិក៏គង់នៅតែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះនេះ មិនមែនជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេត្តោវិមុត្តិដែលប្រកបដោយមុទិតាហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវអរតិ ។ ម្នាលអាវុសោទាំងឡាយ មួយទៀតភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេត្តោវិមុត្តិប្រកបដោយឧបេក្ខា ខ្ញុំបានអប់រំបន្ទុំឲ្យ

ច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ រាគៈក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ (អ្នកផង) ​និយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះមានព្រះភាគ មិនបាត្រាស់យ៉ាងនេះទេ ​ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេត្តោវិមុត្តិប្រកបដោយឧបេក្ខា ដែលគេបានប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតំកល់ស៊ប់ បានប្រព្រឹត្ត

រឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ  រាគៈក៏គង់នៅតែគ្របសង្កត់ចិត្តរបស់គេបានដូច្នេះ នេះមិន

មែនជាហេតុជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេត្តោវិមុត្តិដែលប្រកបដោយឧបេក្ខាហ្នឹងឯង ជាធម៌សម្រាប់រលាស់

ចោលនូវរាគៈ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេត្តោវិមុត្តិប្រកបដោយអនិមិត្ត ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ និមិត្តានុសារិវិញ្ញាណ គឺវិញ្ញាណដែលរលឹកឃើញនូវនិមិត្តរបស់ខ្ញុំ នៅតែមាន ។ (អ្នកផង) គប្បីនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយបង្កាច់ព្រះមាន

ព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះមានព្រះភាគ មិនបាត្រាស់យ៉ាងនេះទេ ​ ម្នាលអាវុសោដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេត្តោវិមុត្តិប្រកបដោយអនិមិត្ត ដែលគេបានប់រំ

បន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះ

ក៏ដោយ និមិត្តានុសារិវិញ្ញាណរបស់គេ គង់តែនៅមានដូច្នេះនេះ មិនមែនជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ

គឺចេត្តោវិមុត្តិដែលប្រកបដោយអនិមិត្តហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវនិមិត្តទាំងអស់ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា អស្មិមានះរបស់ខ្ញុំនេះ ទៅប្រាសអស់ហើយ ខ្ញុំពិចារណាមិនឃើញថា  អាត្មាអញមាន

អស្មិមានះដូច្នេះឡើយ តែបើទុកជាដូច្នោះ កូនសគឺសេចក្តីសង្ស័យនិងសេចក្តីងឿងឆ្ងល់ ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។

(អ្នកផង)  គប្បីនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ

 កុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះមានព្រះភាគ មិនបាត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ រឿងនេះមិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា អស្មិមានះរបស់គេ

នេះទៅប្រាសអស់ហើយ គេពិចារណាមិនឃើញថា អាត្មា មានអស្មិមានះដូច្នេះឡើយ តែបើទុកជាដូច្នោះ កូនសរ គឺសេចក្តីសង្ស័យនិងសេចក្តីងឿងឆ្ងល់ ក៏គង់តែគ្របសង្កត់ចិត្តគេបានដូច្នេះ នេះ មិនមែនជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនោះ ការដកឡើងនូវអស្មិមានះបានហ្នឹងឯង ជាធម៌សម្រាប់រលាស់ចេញ នូវកូនសរគឺសេចក្តីសង្ស័យនិងសេច

ក្តីងឿងឆ្ងល់  ធម៌ទាំង ៦ នេះត្រាស់ដឹងបានដោយក្រ ។

 

(៣០០) ធម៌ ៦​ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ សតតវិហារធម៌ (ធម៌ជាគ្រឿងមិនដាច់នៃព្រះខីណាស្រព) ៦ យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយភ្នែកហើយ ជាអ្នកមិនមានសោមនស្ស មិនមានទោមនស្ស ជា

អ្នកព្រងើយកន្តើយផង មានស្មារតីនិងប្រាជ្ញាផង ។ ​បានស្តាប់សំឡេងដោយត្រចៀក ។ បេ ។ បានហិតក្លិ ដោយច្រមុះ ។​បេ ។ បានទទួលរស ដោយអណ្តាត ។ បេ ។ បានពាល់ត្រូវ ដោយកាយ ។ បេ ។ បានដឹងច្បាស់ នូវអារម្មណ៍ ដោយចិត្ត ហើយជាអ្នក

មិនមានសោមនស្ស មិនមានទោមនស្ស ជាអ្នកព្រងើយកន្តើយផង មានស្មារតីនិងប្រាជ្ញាផង ។ ធម៌ទាំង ៦ នេះ គួរឲ្យកើតឡើង ។

 

(៣០១) ធម៌៦ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ អនុត្តរិយៈ (ធម្មជាតប្រសើរ) ៦ គឺការឃើញប្រសើរ ១ ការស្តាប់ប្រសើរ ១ ការបានប្រសើរ ១ ​ការសិក្សាប្រសើរ ១ ការបម្រើប្រសើរ ១ ការរលឹកប្រសើរ ១​​ ។ ធម៌ទាំង ៦​ នេះគួរដឹងច្បាស់ ។

 

(៣០២) ធម៌ ៦ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ អភិញ្ញា ៦​​យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សំដែងឫទ្ធិបានច្រើនប្រការ គឺមនុស្សតែម្នាក់ ​ធ្វើឲ្យទៅជាច្រើននាក់ក៏បាន ឬ មនុស្សជាច្រើនអ្នក ធ្វើឲ្យទៅជាមនុស្សតែម្នាក់វិញ

ក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងទីខាងក្រៅភ្នំ ដូចជាដើរទៅក្នុងអាកាសក៏បាន ធ្វើនូវការមុជងើបក្នុងផែនដី ដូចជាមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹកមិនបែកធ្លាយទឹក ដូចជាដើរទៅលើផែនដីក៏បាន ទៅឯ

អាកាសទាំងភ្នែន ដូចជាសត្វសកុណជាតិដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែលចាប់ពាល់ (មណ្ឌល)ព្រះចន្ទ និងព្រះ

អាទិត្យនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ​ ដោយកាយដរាបដល់

ព្រហ្មលោកក៏បាន ១ ។ ភិក្ខុមានត្រចៀកទិព្វដ៏បរិសុទ្ធកន្លងហួសត្រចៀកមនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វនិង

សំឡេងមនុស្សក្នុងទីឆ្ងាយក៏បាន ទីជិតក៏បាន ១ ។ ភិក្ខុអាចកំណត់ដឹងចិត្ត របស់សត្វដទៃ បុគ្គលដទៃដោយចិត្តរបស់ខ្លួនបាន គឺចិ​ត្តដែលប្រកបដោយរាគៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយរាគៈ ​ ចិត្តដែលប្រាសចាករាគៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយមោហៈ ​ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាក

មោហៈ  ចិត្តដែលរួញរាក្តី ក៏ស្គាល់ថា ចិត្តរួញរា ចិត្តដែលរាយមាយក្តី ក៏ស្គាល់ថា ចិត្តរាយមាយ  ចិត្តដែលជាមហគ្គតៈ គឺរូបាវចរ

និងអរូបាវចរក្តី ក៏ស្គាល់ថាចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈក្តី ក៏ស្គាល់ថាស្គាល់ថាចិត្តមិនមែនជាមហគ្គតៈ   ចិត្តដែលជា សឧត្តរៈ គឺលោកិយចិត្តក្តី ក៏ស្គាល់ថាស្គាល់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជា អនុត្តរៈ គឺលោកុត្តរៈចិត្តក្តី  ក៏ស្គាល់ថា

ស្គាល់ថា ចិត្តជា អនុត្តរៈ   ចិត្តដែលតាំងនៅល្អដោយសមាធិក្តី ក៏ស្គាល់ថា ចិត្តតាំងនៅល្អដោយសមាធិ ចិត្តដែលមិនតាំង

នៅល្អដោយសមាធិក្តី ក៏ស្គាល់ថា ចិត្តមិនតាំងនៅល្អដោយសមាធិ  ចិត្តដែលផុតស្រឡះចាកកិលេសាសវៈក្តី ក៏ស្គាល់ថា ចិត្តផុត

ស្រឡះចាកកិលេសាសវៈ  ចិត្តដែលមិនផុតស្រឡះចាកកិលេសាសវៈក្តី ក៏ស្គាល់ថា ចិត្តមិនផុតស្រឡះចាកកិលេសាសវៈ ១ ។  ភិក្ខុរលឹកជាតិដែលបានអាស្រ័យនៅមកអំពីមុន ជាអនេកជាតិ គឺ រលឹកបាន ១ជាតិ  ២ជាតិ  ៣ជាតិ  ៤ជាតិ  ៥ជាតិ  ១០ជាតិ

២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ ក៏បាន រលឹកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ដូច្នេះថា អាត្មាអញបានកើតភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ

យ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញ លុះច្យុតចាកអត្តភាពនោះហើយ

បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញច្យុតចាកអត្តភាពនោះហើយ  ទើបមក

កើតក្នុងភពនេះ (ភិក្ខុ) រលឹកតាមនូវជាតិដែលអាស្រ័យនៅពីមុនបានច្រើនជាតិ ព្រមទាំងអាការព្រមតាំងឧទ្ទេសយ៉ាងនេះ ១ ។ ភិក្ខុមានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុ មនុស្សធម្មតា បានឃើញពួកសត្វ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានរូបល្អ មានរូបអាក្រក់ មានគតិល្អ មានគតិអាក្រក់ ​ទាំងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន)ថា  អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវព្រះអរិយបុគ្គល មានសេចក្តីយល់ខុស សត្វទាំងនោះ ​លុះដល់ទំលាយរាងកាយទៅខាងមុខ អំពីសេចក្តីស្លាប់ រមែងទៅកាន់កំណើតសត្វតិរច្ឆាន ប្រេត អសុរកាយ និងនរកពុំខាន អើហ្ន៎ ​ចំណែកពួកសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាមសេចក្តីយល់ត្រូវ

សត្វទាំងនោះ   ​លុះទំលាយរាងកាយទៅខាងមុខ អំពីសេចក្តីស្លាប់ ក៏រមែងទៅកាន់សុគតិ សួគ៌ទេវលោក​ ។ ភិក្ខុនោះមានចក្ខុទិព្វ

ដ៏បរិសុទ្ធ កន្លងហួសចក្ខុមនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ជាសត្វឧត្តម មានរូបល្អ មានរូបអាក្រក់ មានគតិល្អ មានគតិអាក្រក់ ​ទាំងបានឃើញច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន) ដោយប្រ

ការដូច្នេះ ១ ។ ភិក្ខុនោះ ព្រោះធ្វើឲ្យអស់អាសវៈ ក៏បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយបា្រជ្ញារបស់ខ្លួនឯង ក្នុងបច្ចុប្បន្នហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ១ ។  ធម៌ទាំង ៦ នេះគួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង ៦០ នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់  មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត បានត្រាស់ដឹងដោយ

ប្រពៃហើយ ដោយប្រការដូច្នេះ ។

___________________________________________________________________________________________________

1មើល នយលក្ខណៈ ក្នុងសង្គិសូត្រខាងដើម

2គឺរលឹកចំពោះគុណធម៌ទាំង ៥ ដែលនាំបុគ្គលឲ្យសម្រេចនូវភាពជាទេវតា ។ ឯធម៌ទាំង៥ នោះគឺ សទ្ធា ១ សីល ១ សុតៈ ១ ចាគៈ ១ បញ្ញា ១ ព្រោះទេវតាដែលទៅកើតឋានសួគ៌ ក៏ដោយអំណាចធម៌ទាំង ៥ នេះឯង ។ វិសុទ្ធិមគ្គ ត្រង់ឆអនុស្សតិនិទ្ទេស ។