ប្រភេទនៃធម៌ បួនៗ

(បិដក​ លេខ១៩  ទំព័រ២៦២​​ ដល់ ២៦៥)


(២៧០)  ​ធម៌ ៤​​មាន ឧបការៈច្រើន ធម៌ ៤​ គួរចំរើន ធម៌ ៤ គួរកំណត់ដឹង ធម៌ ៤ ​គួរលះបង់  ធម៌ ៤​ ជាចំណែកនៃសេចក្តីវិនាស ធម៌ ៤ ជាចំណែកវិសេស ធម៌ ៤ ត្រាស់ដឹងបានដោយក្រ ធម៌ ៤ គួរឲ្យកើតឡើង ធម៌ ៤ គួរឲ្យដឹងច្បាស់ ​ ធម៌ ៤ គួរធ្វើឲ្យជាក់ច្បាស់ ​ ។

(២៧១) ធម៌ ៤ ​មានឧបការៈច្រើន តើដូចម្តេចខ្លះ ។ ចក្កធម៌ (1) ៤ យ៉ាង គឹ ការនៅក្នុងប្រទេសដ៏សមគួរ ១ ការសេពគប់សប្បុរស ១ ការតាំងខ្លួនទុកប្រព្រៃ ១ ភាពជាអ្នកបានធ្វើបុណ្យទុកក្នុងកាលមុន ១ ។ ធម៌ទាំង ៤ នេះមានឧបការៈច្រើន ។

(២៧២) ធម៌ ៤ ដែលគួរចំរើនតើដូចម្តេចខ្លះ ។ សតិប្បដ្ឋាន ៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណា

ឃើញកាយក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានប្រាជ្ញាស្មារតី កំចាត់បង់នូវអភិជ្ឈានិងទោមនស្ស ក្នុងលោក ១។ ក្នុងវេទនាទាំងឡាយ ។ បេ ។ ក្នុងចិត្ត ។បេ។ ជាអ្នកពិចារណាឃើញធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានប្រាជ្ញាស្មារតី កំចាត់បង់នូវអភិជ្ឈានិងទោមនស្ស ក្នុងលោក ១។ ធម៌ទាំង ៤ នេះគួរចំរើន ។

(២៧៣) ធម៌ ៤ ដែលគួរកំណត់ដឹងតើដូចម្តេចខ្លះ ។ អាហារ ៤ គឺអាហារដែលពូតជាពំនូត ទោះគ្រោតគ្រាតក្តី ល្អិតក្តី (ជាទី ១) ផស្សាហារ ជាទី ២ មនោសច្ចេតនាហារ ជាទី ៣ វិញ្ញាណាហារ ជាទី ៤ ។ ធម៌ទាំង ៤ នេះ គួរកំណត់ដឹង ។

(២៧៤) ធម៌ ៤ ដែលគួរលះបង់ តើដូចម្តេចខ្លះ ។ អន្លង់ ៤ អន្លង់គឺកាម ១ អន្លង់គឺភព ​១ អន្លង់គឺទិដ្ឋិ ១ អន្លង់គឺអវិជ្ជា ១ ។ ធម៌ទាំង ៤ នេះ គួរលះបង់ ។

(២៧៥) ធម៌ ៤ ដែលជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ យោគៈ ( គ្រឿងប្រកប ) ៤ គឺកាមយោគៈ (គ្រឿងប្រកបគឺកាម ) ១  ភវយោគៈ  ( គ្រឿងប្រកបគឺភព ) ១  ទិដ្ឋិយោគៈ ( គ្រឿងប្រកបគឺទិដ្ឋិ ) ១ អវិជ្ជាយោគៈ (គ្រឿងប្រកបគឺអវិជ្ជា ) ១ ។ ធម៌ទាំង៤នេះ ជាចំណែកនៃសេចក្តីវិនាស ។

(២៧៦) ធម៌ ៤ ជាចំណែកវិសេស តើដូចម្តេចខ្លះ ។ ការប្រាសចាកគ្រឿងប្រកប ៤ គឺ ការប្រាសចាកគ្រឿងប្រកបគឺកាម ១ ការប្រាសចាកគ្រឿងប្រកបគឺភព១  ការប្រាសចាកគ្រឿងប្រកបគឺទិដ្ឋិ១ ការប្រាសចាកគ្រឿងប្រកបគឺអវិជ្ជា១ ។ ធម៌ទាំង ៤ នេះជាចំណែកវិសេស ។

(២៧៧) ធម៌ ៤ ដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ ។ សមាធិ ៤ គឺ សមាធិដែលជាចំណែកនៃសេចក្តីវិនាស ១ សមាធិ

ដែលជាចំណែកនៃការឋិតថេរ ១ សមាធិដែលជាចំណែកវិសេស ១ សមាធិដែលជាចំណែកនៃកិរិយាទំលាយនូវកិលេស ១ ។ ធម៌ទាំង ៤ នេះត្រាស់ដឹងបានដោយក្រ ។

 

(២៧៨) ធម៌ ៤ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ ញាណ ៤ គឺ ធម្មជាតជាគ្រឿងដឹងក្នុងធម្ម ១ ធម្មជាតជាគ្រឿងដឹង

ក្នុងការយល់ ១ ធម្មជាតជាគ្រឿងដឹងក្នុងការកំណត់​១ ធម្មជាតជាគ្រឿងដឹងក្នុងការសម្មតិ ១ ។ ធម៌ទាំង ៤ នេះគួរឲ្យកើតឡើង ។

 

(២៧៩) ធម៌ ៤ ដែលគួរដឹងច្បាស់តើដូចម្តេចខ្លះ ។ អរិយសច្ច៤ គឺ ទុក្ខអរិសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិសច្ច ១ ។  ធម៌ទាំង ៤ នេះគួរដឹងច្បាស់ ។

 

(២៨០) ធម៌ ៤ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ សាមញ្ញផល ៤ គឹ សោតាបត្តិផល ១  សកទាគាមិផល ១ អនាគាមិផល ១ អរហត្តផល ១ ។ ធម៌ទាំង៤នេះ គួរធ្វើឲ្យជាក់ច្បាស់ ។  ធម៌ទាំង ៤០ នេះ ជាធម៌ពិត ធម៌មែន ជាធម៌ទៀងទាត់ មិនប្រែប្រួល ជាយ៉ាងដទៃ ដែលព្រះតថាគតត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ ។

__________________________________________________________________________________________

1ធម្មជាតជាគ្រឿងវិលទៅ ហៅថាចក្កៈ (កង់) មាន ៥ យ៉ាង គឺ ទារុចក្កៈ (កង់ឈើ) ១ រតនចក្ក (កង់កែវ)   ធម្មចក្កៈ (កង់គឺធម៌) ១ ឥរិយាបថចក្កៈ (កង់គឺឥរិយាបថ) ១ សម្បត្តិចក្កៈ (កង់គឺសម្បត្តិ) ១ ក្នុងទីនេះសំដៅយកតែសម្បត្តិចក្កៈ តែម្យ៉ាង ។