ប្រភេទនៃធម៌ បីៗ
(បិដក លេខ១៩ ទំព័រ២៥៩ ដល់ ២៦២)
(២៥៩) ធម៌បីមានឧបការៈច្រើន ធម៌បីគួរចំរើន ធម៌បីគួរកំណត់ដឹង ធម៌បីគួរលះបង់ ធម៌បីជាចំណែកនៃសេចក្តីវិនាស ធម៌បីជាចំណែកវិសេស ធម៌បីត្រាស់ដឹងបានដោយក្រ ធម៌បីគួរឲ្យកើតឡើង ធម៌បីគួរឲ្យដឹងច្បាស់ ធម៌បីគួរធ្វើឲ្យជាក់ច្បាស់ ។
(២៦០) ធម៌បីមានឧបការៈច្រើន តើដូចម្តេចខ្លះ ។ ការសេពគប់នឹងសប្បុរស ១ ការស្តាប់ធម៌របស់សប្បុរស ១ សេចក្តីប្រតិបត្តិធម៌ សមគួរដល់ធម៌ ១ ។ ធម៌ទាំងបីនេះ មានឧបការៈច្រើន ។
(២៦១) ធម៌បីដែលគួរចំរើន តើដូចម្តេចខ្លះ ។ សមាធិបីយ៉ាង សមាធិដែលមានវិតក្កៈ ទាំងវិចារៈ ១ សមាធិ ដែលគ្មានវិតក្កៈ មានតែវិចារៈ ១ សមាធិដែលគ្មានវិតក្កៈ គ្មានទាំងវិចារៈ ១ ។ ធម៌ទាំងបីនេះ គួរចំរើន ។
(២៦២) ធម៌បីដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ ។ វេទនាបីប្រការ វេទនាដែលជាសុខ ១ វេទនាដែលជាទុក្ខ ១ វេទនាដែលមិន
ជាទុក្ខ មិនជាសុខ ១ ។ ធម៌ទាំងបីនេះ គួរកំណត់ដឹង។
(២៦៣) ធម៌បីដែលគួរលះបង់ តើដូចម្តេចខ្លះ ។ តណ្ហាបីប្រការ គឺ កាមតណ្ហា ១ ភវតណ្ហា១ វិភវតណ្ហា ១ ។ ធម៌ទាំងបីនេះ គួរលះបង់ ។
(២៦៤) ធម៌បីដែលជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ ។ អកុសលមូល (ឫសអកុសល) បីយ៉ាង គឺ លោភៈជាឫសអកុសល ១ ទោសៈជាឫសអកុសល ១ មោហៈជាឫសអកុសល ១ ។ ធម៌ទាងបីនេះ ជាចំណែកនៃសេចក្តីវិនាស ។
(២៦៥) ធម៌បីដែលជាចំណែកវិសេស តើដូចម្តេចខ្លះ ។ កុសលមូល (ឫសកុសល) បីប្រការ គឺ អលោភៈជាឫសកុសល ១ អទោសៈជាឫសកុសល ១ អមោហៈជាឫសកុសល ១ ។ ធម៌ទាំងបីនេះ ជាចំណែកវិសេស ។
(២៦៦) ធម៌បីដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ ។ និស្សារណីយធាតុ (ធាតុដែលត្រូវរលាស់ចេញ ) ៣ ប្រការ គឺ នេក្ខម្មៈ (1) ដែលជាធម្មជាតរលាស់ចេញនូវកាមទាំងឡាយ១ អរូបជ្ឈាន(2) ដែលជាធម្មជាតរលាស់ចេញនូវរូបទាំងឡាយ ១
និរោធ(3) ដែលជាធម៌រលាស់ចេញនូវអ្វីមួយដែលកើតឡើង ព្រោះអាស្រ័យនឹងបច្ច័យដែលតាក់តែង ១ ។ ធម៌ទាំង ៣ នេះត្រាស់ដឹងបានដោយក្រ ។
(២៦៧) ធម៌បីដែលគួរឲ្យកើតឡើងតើដូចម្តេចខ្លះ ។ ញាណបីយ៉ាង គឺ ញាណដែលជាចំណែកអតីត ១ ញាណដែលជាចំណែអនាគត ១ ញាណដែលជាចំណែកបច្ចុប្បន្ន ១ ។ ធម៌ទាំងបីនេះ គួរឲ្យកើតឡើង ។
(២៦៨) ធម៌ដែលគួរឲ្យដឹងច្បាស់ តើដូចម្តេចខ្លះ ។ ធាតុបីយ៉ាង គឺ កាមធាតុ ១ រូបធាតុ ១ អរូបធាតុ ១ ។ ធម៌ទាំងបីនេះ គួរដឹងច្បាស់ ។
(២៦៩) ធម៌បីគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ វិជ្ជា ៣ ប្រការ គឺ ធម្មជាតជាគ្រឿងរលឹកបាននូវខន្ធ ដែលអាស្រ័យនៅក្នុង
កាលមុនជាវិជ្ជា ១ ធម្មជាតជាគ្រឿងដឹងនូវចុតិនិងបដិសន្ធិរបស់សត្វទាំងឡាយជាវិជ្ជា ១ ធម្មជាតជាគ្រឿងដឹងក្នុងកិរិយា
អស់ទៅនៃអាសវៈទាំងឡាយជាវិជ្ជា ១ ។ ធម៌ទាំង ៣ នេះគួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង ៣០នេះ ជាធម៌ពិត ធម៌មែន ជាធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគតត្រាស់ដឹងដោយប្រពៃ ដោយប្រការដូច្នេះ ។
__________________________________________________________________________________________________
1នេក្ខម្មៈក្នុងទីនេះ លោកសំដៅយកអនាគាមិមគ្គ ព្រោះជាធម៌រលាស់ចេញនូវតាមគ្រប់យ៉ាង ។
2បានដល់អរហត្តមគ្គ ព្រោះជាធម៌រលាស់ចេញនូវរូបទាំងពួង ឃាត់មិនឲ្យកើតឡើងទៀត ។
3និរោធក្នុងទីនេះបានដល់អរហត្តផល ព្រោះអរិយបុគ្គលដែលបានឃើញនូវព្រះនិព្វាន ដោយអរហត្តផលហើយ សង្ខារទាំងពួង លែងមានតទៅទៀត ។