ប្រភេទនៃធម៌ ពីរៗ

(បិដក​ លេខ១៩  ទំព័រ២៥៧​​ ដល់ ២៥៩)

(២៤៨) ធម៌ពីរមានឧបការៈច្រើន ធម៌ពីរគួរចំរើន ធម៌ពីរគួរកំណត់ដឹង ធម៌ពីរគួរលះបង់  ធម៌ពីរជាចំណែកនៃសេចក្តីវិនាស ធម៌ពីរជាចំណែកវិសេស ធម៌ពីរត្រាស់ដឹងបានដោយក្រ ធម៌ពីរគួរឲ្យកើតឡើង ធម៌ពីរគួរដឹងច្បាស់ ធម៌ពីរគួរធ្វើឲ្យជាក់ច្បាស់ ។

(២៤៩) ធម៌ពីរមានឧបការៈច្រើន តើដូចម្តេចខ្លះ ។ សតិ ( សេចក្តីរលឹក ) ១ សម្បជញ្ញៈ( សេចក្តីដឹងខ្លួន ) ១ ។ ធម៌ទាំងពីរនេះ មានឧបការៈច្រើន ។

(២៥០) ធម៌ពីរដែលគួរចំរើន តើដូចម្តេចខ្លះ ។ សមថៈ ១ វិបស្សនា ១ ។ ធម៌ទាំងពីរនេះ គួរចំរើន ។

(២៥១) ធម៌ពីរដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ ។ នាម ១​​ រូប ១ ។ ធម៌ទាំងពីរ នេះគួរកំណត់ដឹង ។

(២៥២) ធម៌ពីរដែលគួរលះបង់ តើដូចម្តេចខ្លះ ។ អវិជ្ជា (សេចក្តីល្ងង់ ) ១ ភវតណ្ហា ( ចំណង់ក្នុងភព ) ១ ។​ ធម៌ទាំងពីរនេះ គួរលះបង់ ។ ​

(២៥៣) ធម៌ពីរដែលជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ ។ ភាវៈជាអ្នកដែលគេស្តីប្រដៅបានដោយក្រ ១ ភាវៈជាអ្នកគប់មិត្តអាក្រក់ ១ ។ ធម៌ទាំងពីរនេះ ជាចំណែកនៃសេចក្តីវិនាស ។

(២៥៤) ធម៌ពីរដែលជាចំណែកវិសេស តើដូចម្តេចខ្លះ ។ ភាវៈជាអ្នកដែលគេស្តីប្រដៅងាយ ១ ភាវៈជាអ្នកគប់មិត្តល្អ ១ ។ ធម៌ទាំងពីរនេះ ជាចំណែកវិសេស ។

(២៥៥) ធម៌ពីរដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ ។ ហេតុនិងបច្ច័យ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីសៅហ្មង របស់សត្វទាំងឡាយ ១  ហេតុនិងបច្ច័យ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ របស់សត្វទាំងឡាយ ១ ។ ធម៌ទាំងពីរនេះ ត្រាស់ដឹងបានដោយក្រ ។

(២៥៦) ធម៌ពីរដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ ញាណ (ការដឹង) ពីរយ៉ាង ការដឹងក្នុងរបស់អស់ទៅ ១ ការដឹងក្នុងរបស់មិនទាន់កើត ១ ។ ធម៌ទាំងពីរនេះ គួរឲ្យកើតឡើង ។

(២៥៧) ធម៌ពីរដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ ធាតុពីរយ៉ាង ធាតុដែលមានបច្ច័យតាក់តែង (1)១ ធាតុដែលគ្មានបច្ច័យតាក់តែង(2) ១ ។ ធម៌ទាំងពីរនេះ គួរដឹងច្បាស់ ។

(២៥៨) ធម៌ពីរដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ វិជ្ជា សេចក្តីដឹង ១   វិមុត្តិ សេចក្តីរួចផុតស្រឡះចាកកិលេស ១ ។ ធម៌ទាំងពីរនេះ គួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង២នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃ ដែលព្រះតថាគតត្រាស់ដឹងបានដោយប្រពៃហើយ ដោយប្រការដូច្នេះ ។

____________________________________________________________________________________________________

1 បានដល់ខន្ធ ៥

2បានដល់ព្រះ និព្វាន