ទសុត្តរសូត្រ ទី ១១
(បិដក លេខ១៩ ទំព័រ២៥៤ ដល់ ២៥៦)
(២៣៥) ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរឆ្នេរស្រះបោក្ខរណីឈ្មោះគគ្គរា ជិតក្រុងចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន ៥០០រូប ។ ព្រះសារីបុត្តដ៏មានអាយុ បានហៅភិក្ខុទាំងឡាយ (ដែលនៅ ) ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយដ៏មានអាយុ ។ ភិក្ខុទាំងនោះឆ្លើយតបពាក្យព្រះសារីបុត្ត ដ៏មានអាយុថា ម្នាលអាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលយ៉ាងនេះថា
(២៣៦) ខ្ញុំនឹងសំដែងទសុត្តរធម៌ (1) ជាធម៌សម្រាប់ដោះស្រាយនូវគ្រឿងចាក់ស្រែះ គឺកិលេសទាំងអស់ (មានអភិជ្យាជាដើម ) ដើម្បីបានដល់ព្រះនិព្វាន ដើម្បីធ្វើនូវទីបំផុតនៃវដ្តទុក្ខ ។
ប្រភេទនៃធម៌ មួយ ៗ
(២៣៧) ម្នាលអាវុសោទាំងឡាយ ធម៌មួយមានឧបការៈច្រើន ធម៌មួយគួរចំរើន ធម៌មួយគួរកំណត់ដឹង
ធម៌មួយគួរលះបង់ ធម៌មួយជាចំណែកនៃសេចក្តីវិនាស ធម៌មួយជាចំណែកវិសេស ធម៌មួយត្រាស់ដឹងបានដោយក្រ ធម៌មួយគួរឲ្យកើតឡើង
ធម៌មួយគួរដឹងច្បាស់ ធម៌មួយគួរធ្វើឲ្យជាក់ច្បាស់ ។
(២៣៨) ធម៌មួយមានឧបការៈច្រើន តើដូចម្តេច ។ សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយជាកុសល ។ នេះជាធម៌មួយ ដែលមាន ឧបការៈច្រើន។
(២៣៩) ធម៌មួយដែលគួរចំរើន តើដូចម្តេច ។ កាយគតាសតិ ដែលប្រកបដោយសេចក្តីត្រេកអរ ( សេចក្តីសុខ ) ។ នេះជាធម៌មួយ ដែលគួរចំរើន ។
(២៤០) ធម៌មួយដែលគួរកំណត់ដឹង តើដូចម្តេច ។ ផស្សៈ ដែលប្រកបដោយអាសវៈជាទីតាំងនៃឧបាទាន ។ នេះជាធម៌មួយដែលគួរកំណត់ដឹង ។
(២៤១) ធម៌មួយដែលគួរលះបង់ តើដូចម្តេច ។ អស្មិមានៈ គឺសេចក្តីប្រកាន់ខ្លួន ។ នេះជាធម៌មួយដែលគួរលះបង់ ។
(២៤២) ធម៌មួយដែលជាចំណែកនៃសេចក្តីវិនាស តើដូចម្តេច ។ អយោនិសោមនសិការៈ គឺការធ្វើទុកក្នុងចិត្ត ដោយមិនជាឧបាយ
នៃប្រាជ្ញា(2) ។ នេះជាធម៌មួយដែលជាចំណែកនៃសេចក្តីវិនាស ។
(២៤៣) ធម៌មួយដែលជាចំណែកវិសេស តើដូចម្តេច ។ យោនិសោមនសិការៈ គឺការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ។ នេះជា ធម៌មួយដែលជាចំណែកវិសេស ។
(២៤៤) ធម៌មួយដែលត្រាស់ដឹង បានដោយក្រ តើដូចម្តេច ។ អនន្តរិកចេតោសមាធិ(3) ។ នេះជាធម៌មួយដែលត្រាស់ដឹង បានដោយក្រ ។
(២៤៥) ធម៌មួយដែលគួរឲ្យកើតឡើង តើដូចម្តេច ។ ញាណដែលមិនកម្រើក គឺ បច្ចវេក្ខណបញ្ញា ។ នេះជាធម៌មួយដែល
គួរឲ្យកើតឡើង ។
(២៤៦) ធម៌មួយដែលគួរដឹងច្បាស់ តើដូចម្តេច ។ បានដល់ពួកសត្វទាំងពួងតាំងនៅបានព្រោះអាហារ ។ នេះជាធម៌មួយ
ដែលគួរដឹងច្បាស់។
(២៤៧) ធម៌មួយដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេច ។ អកុប្បាចេតោវិមុត្តិ ការរួចផុតនៃចិត្តមិនកម្រើក គឺអរហត្តផល ។ នេះជាធម៌មួយដែលគួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំងឡាយ ១០ នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាង
ដទៃឡើយ គឺព្រះតថាគតត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ ។
___________________________________________________________________________________
1ធម៌ដែលលោកចែកជាមាតិកា ដប់ៗ មួយទៀតធម៌តាំងពីមួយ ១០ ដងឡើងទៅដល់ដប់ ១០ ដង ។ ឬក្នុងមួយសង្កាត់ៗ មានប្រស្នាដប់ៗ ក្នុងខមួយៗ ហៅថា ទសុត្តធម៌ (អដ្ឋកថា) ។
2បានដល់ការកំណត់ទុកក្នុងចិត្តខុសគន្លង ដូច កំណត់ក្នុងលក្ខណៈដែលមិនទៀង ថាជាទៀងទៅវិញជាដើម ។
3ក្នុងទីដទៃលោកសំដៅយកផលជាលំដាប់នៃមគ្គ ហៅថា អនន្តរិកចេតោសមាធិ តែក្នុងទីនេះ លោកសំដៅយកមគ្គជាលំដាប់នៃវិបស្សនាវិញ ព្រោះសមាធិនោះ
ជាលំដាប់នៃវិបស្សនាផង ឲ្យនូវផលជាលំដាប់នៃខ្លួនផង (អដ្ឋកថា)